ជាតិ
សង្គមជាតិ
ពលករ​ខ្មែរ​រងគ្រោះ​នៅ​បរទេស​ជិត​៦០០​នាក់ ត្រូវបាន​សង្គ្រោះ​ក្នុង​ឆ្នាំ​២០១៥
23, Jan 2016 , 9:40 pm        
រូបភាព
​ពលករ​ខ្មែរ​ចំនួន​៥៧៣​នាក់ ដែល​រងគ្រោះ​នៅតាម​ប្រទេស​នានា ត្រូវបាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ជួយសង្គ្រោះ និង​នាំមក​កម្ពុជា​វិញ ក្នុង​ឆ្នាំ​២០១៥ ។ នេះ​បើតាម​របាយការណ៍​ចុង​ក្រោយពី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​។


 
​ស្ថានទូត និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា បាន​សហការ​ជាមួយ​អាជ្ញា​មាន​សមត្ថកិច្ច​នៃ​ម្ចាស់ផ្ទះ ដើម្បី​ជួយ​ដោះស្រាយ និង​បញ្ជូន​ពលករ​ខ្មែរ​ដែល​រងគ្រោះ​ពី​ការបញ្ចុះ​បញ្ចូល​របស់​មេ​ខ្យល់ និង​ក្រុមហ៊ុន​ឯកជន​មួយចំនួន ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​។ ពលករ​ខ្មែរ​ចំនួន ៥៧៣​នាក់​ហើយ ដែល​ត្រូវបាន​ជួយសង្គ្រោះ​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ក្នុង​ឆ្នាំ​២០១៥ ។​នេះ​ជាការ​អះអាង​របស់ លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​រសៀល ថ្ងៃទី​២២ មករា​។​
 
​អ្នកនាំពាក្យ​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ពលករ​ខ្មែរ​ទាំងនោះ ភាគច្រើន​ចាញ់បោក​ការ​លួងលោម​របស់​មេខ្យល់ និង​ក្រុមហ៊ុន​ឯកជន ហើយ​ការចាញ់បោក​មេខ្យល់ មាន​ចំនួន​ច្រើនជាង​ការចាញ់បោក​ក្រុមហ៊ុន​»​។​
 
​លោក ជុំ ស​ន្ទ​រី បាន​បន្ថែមទៀតថា ពលករ​ខ្មែរ​ទាំង ៥៧៣​នាក់​នោះ ត្រូវបាន​ជួយសង្គ្រោះ​នៅតាម​បណ្តា​ប្រទេស​ចំនួន​៦​។​ពលករ​ខ្មែរ​រងគ្រោះ ដែល​ត្រូវបាន​ជួយសង្គ្រោះ​ក្នុងប្រទេស​ទាំងនោះ គឺ​ប្រទេស​ចិន ចំនួន​៨២​នាក់ (​ស្រី​), ប្រទេស​ម៉ាឡេស៊ី ចំនួន (៥៥​នាក់​)​នាក់​, ប្រទេស​ឥណ្ឌូនេស៊ី ចំនួន ៤២៧​នាក់ (​ប្រុស​), ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត ចំនួន ២​នាក់​, ប្រទេស​ប៉ា​ពូ​ញ៉ូ​ហ្គី​ណេ ចំនួន​៦​នាក់ និង​ប្រទេស​អាហ្វ្រិក​ខាងត្បូង ចំនួន​១​នាក់​។​
 
​ទាក់ទង​នឹង​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ អ្ន​កា​នាំពាក្យ​រូបនេះ បាន​លើកឡើងថា ស្ថានទូត​និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា បាន​ជួយ​ដោះស្រាយ​បញ្ហា​មួយចំនួន ដូចជា ការរំលោភបំពាន​លើ​ពលករ​ខ្មែរ​, ការផ្តល់​ការគាំទ្រ​ផ្នែក​ច្បាប់​, ការជួយ​ទាមទារ​សំណង​ផ្សេងៗ និង​ការជួយ​ឲ្យ​បាន​ត្រឡប់មក​ស្រុកកំណើត​វិញ​។ យ៉ាងណាក៏ដោយ លោក ជុំ សុន្ទរី មិនអាច​បញ្ជាក់ ថា​ពលករ​ខ្មែរ​ដែល​គ្រោះ​នៅ​ប្រទេស​ថៃ​ប៉ុន្មាន​នាក់ ដែល​ត្រូវបាន​ជួយសង្គ្រោះ​និង​នាំមក​ស្រុកកំណើត​វិញ នោះទេ​។  
 
​សូម​រម្លឹកថា​ជុំវិញ​បញ្ហា​ចំណាកស្រុក​របស់​ពលក​រ​នេះ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ តែង​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ជាពិសេស​ស្ត្រី​ដែល​ងាយ​រងគ្រោះ​គួរ​ស្វែងរក​ការងារ​ដែលមាន​ស្រាប់​ក្នុងស្រុក​ជាជាង​ការ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេសក្រៅ​ដើម្បី​ចៀសវាង​ការ​ឃ្លាតឆ្ងាយ​ពី​ក្រុមគ្រួសារ​និង​អាច​ជួប​គ្រោះ​ដោយ​ការចាញ់បោក​មេខ្យល់ ឬ​ក្រុមហ៊ុន​៕
 

Tag:
 ពលករ​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com