ជាតិ
បទវិភាគ
សង្គមជាតិ
ពលរដ្ឋ​ខ្មែរ​ឈឺ​មិនសូវ​ហ៊ាន​ទៅ​ពេទ្យ​ រង​អំពើ​អយុត្តិធម៌ មិនសូវ​ហ៊ាន​ទៅ​តុលាការ​…
24, Jan 2016 , 8:40 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ភាពក្រីក្រ បានធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មួយចំនួនធំ នៅពេល​មាន​បញ្ហា​សុខភាព​មិន​ហ៊ាន​ទៅ​មន្ទីរពេទ្យ​។ ចំណែក ពលរដ្ឋ​ខ្មែរ​មួយចំនួនទៀត ដោយសារតែ​មិន​ជឿ​លើ​ប្រព័ន្ធយុត្តិធម៌​កម្ពុជា ពេល​ជួប​ភាពអយុត្តិធម៌ ពួកគេ មិនសូវ​ហ៊ាន​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​ឡើយ​។ តែ​ជំនួស​មកវិញ ពួកគេ សុខចិត្ត​សម្រួល​នៅក្រៅ​ប្រព័ន្ធតុលាការ បើទោះបីជា​ពេញចិត្ត​ក្តី និង​មិន​ពេញចិត្ត​ក្តី​។  តើ​បញ្ហា​នេះ បាន​ជះឥទ្ធិពល​អវិជ្ជមាន​អ្វីខ្លះ ដល់​ប្រទេសជាតិ​?


 
​កើត​ចាស់​ឈឺ​ស្លាប់ គឺជា​វាល​វដ្ត​សង្សារ ដែល​មនុស្ស​ម្នាក់ៗ ត្រូវតែ​ឆ្លងកាត់ ពីព្រោះ នេះ​គឺជា​ច្បាប់ធម្មជាតិ​បានកំណត់​។ ប៉ុន្តែ នៅពេល​មនុស្ស​ឈឺ គឺ​តែងតែ​ស្វែងរក​ថ្នាំលេប​និង​ទៅរក​គ្រូពេទ្យ ឲ្យ​ជួយ​ព្យាបាល ដើម្បី​ឲ្យ​រួច​ផុតពី​សេចក្តីស្លាប់​។ នៅ​ប្រទេស​ជឿនលឿន​មួយចំនួន ក្នុង​មួយ​សប្តាហ៍ ឬមួយ​ខែ ពលរដ្ឋ​នៅ​ប្រទេស​នោះ បាននាំគ្នា​ទៅពិនិត្យ​សុខភាព ជា​ទៀងទាត់ ដើម្បី​ឲ្យ​ប្រាកដថា មាន​ជំងឺ ឬ​ពុំមាន​។ ប្រសិនបើ​មាន​ជំងឺ ពួកគេ អាច​ព្យាបាល​ទាន់ពេលវេលា និង ចៀស​ផុតពី​គ្រោះថ្នាក់​ដល់​ជីវិត​។ 
 
​ដោយឡែក​នៅ​ប្រទេស​កម្ពុជា ពលរដ្ឋ​ភាគច្រើន​ដែលមាន​ជីវភាព​ក្រីក្រ និង​មធ្យម ហាក់​មិនបាន​យកចិត្តទុកដាក់​ចំពោះ​ការពិនិត្យ​សុខភាព​ឡើយ​។ កុំថាឡើយ​ពិនិត្យ​សុខភាព ពលរដ្ឋ​ជាច្រើន បើទោះបីជា​ដឹងថា មាន​ជំងឺ​ប្រចាំកាយ​ក៏ដោយ ក៏​ពួកគេ មិន​ទៅ​ព្យាបាល​ដែរ​។ បញ្ហា​នេះ មិនមែន ពលរដ្ឋ​មិន​ស្រឡាញ់​សុខភាព​ខ្លួនឯង​នោះទេ​។ ប៉ុន្តែ ភាពក្រីក្រ កង្វះ​ជំនឿ​លើ ប្រព័ន្ធ​សុខាភិបាល​បាន​បង្អាក់​ពួកគេ​មិន​ចង់​ឲ្យ​ទៅ​ស្វែងរក​សេវា​សុខាភិបាល​នៅក្នុង​ប្រទេស​កម្ពុជា​។ 
 
​កាលពី​អតីតកាល ពលរដ្ឋ​មួយចំនួនធំ នៅមាន​ជំនឿ​លើ​ការ​បន់ស្រន់ អារក្សអ្នកតា ខ្មោច ព្រាយ​បិសាច និង​ព្រលឹង​អរូបី​យ៍​ជាដើម នៅពេល​ពួកគេ​មាន​ជំងឺ ប៉ុន្តែ​ជំនឿ​នេះ បាន​កាត់បន្ថយ​ច្រើនណាស់ ពោល គឺ​ពលរដ្ឋ​លែង​សម្រាលកូន​ជាមួយ​ឆ្មប​នៅផ្ទះ ហើយ​ងាក​មក​សម្រាលកូន​នៅ​មន្ទីរពេទ្យ​វិញ​។ លើសពីនេះ ពលរដ្ឋ​ភាគច្រើន បានទទួល​ថ្នាំ​វ៉ា​ក់​ស៊ាំ​ង ការពារ​ជំងឺ ពី​សំណាក់​មន្ត្រី​ក្រសួងសុខាភិបាល និង​ក្រុម​អង្គការក្រៅរដ្ឋាភិបាល ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​សុខភាព​។ បញ្ហា​នេះ គឺ​កើតឡើង​ពី​ការផ្សព្វផ្សាយ​អប់រំ តាមរយៈ​រដ្ឋាភិបាល​ក្តី និង​អង្គការ​មនុស្សធម៌​ក្តី ដែល​បាន​ជួយ​ចូលរួមចំណែក​យ៉ាងសំខាន់​ចំពោះ​សុខភាព​សាធារណៈ​នៅ​កម្ពុជា​។ 
 
​បើទោះបីជា​វិស័យ​សុខាភិបាល​ខ្មែរ​ត្រូវបាន​កែលម្អរ​ខ្លះ​ក៏ដោយ​ក្តី ក៏​បញ្ហា​នៅតែមាន​ដដែល​។ ពលរដ្ឋ​មួយចំនួន​នៅ​មិន​ទុកចិត្ត​គុណភាព​គ្រូពេទ្យ​ខ្មែរ​។ ជាក់ស្តែង អ្នកមាន​ទ្រព្យធន និង​មន្ត្រី​មួយចំនួន​បានធ្វើ​ដំណើរ​ទៅ​ព្យាបាល​ជំងឺ នៅក្រៅ​ប្រទេស ដូចជា ប្រទេស​ថៃ វៀតណាម សិង្ហ​បុរី ម៉ាឡេស៊ី បារាំង ឬ​អាមេរិក​។ នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ការមិនទុកចិត្ត​គុណភាព​នៃ​មន្ទីរពេទ្យ​នៅក្នុង​ប្រទេស​។​សព្វថ្ងៃនេះ នៅក្នុង​គ្រួសារ​ណា ដែលមាន​អ្នកជំងឺ​តែ​ម្នាក់ គ្រួសារ​នោះ បាន​ធ្លាក់ខ្លួន​ក្រីក្រ​កាន់តែខ្លាំង ពីព្រោះ ពួកគេ​បាន លក់​ដី ស្រែ និង​ដើរ​ខ្ចីបុល​ជាដើម ដើម្បី​ធ្វើ​ដូចម្តេច​ឲ្យ​តែ​សាច់ញាតិ​ជា​ពី​ជំងឺ​។ 
 
​ចំណែក​វិស័យ​យុត្តិធម៌​វិញ ក៏ត្រូវ​បាន​គេ​មើលឃើញថា មាន​បញ្ហា​ធ្ងន់ធ្ងរ មិន​ចាញ់​វិស័យ​សុខាភិបាល​ប៉ុន្មាន​ឡើយ​។ ពលរដ្ឋ​មួយចំនួន បាន​សម្របសម្រួល​នៅក្រៅ​ប្រព័ន្ធតុលាការ នៅពេល​មានរឿង​ក្តីក្តាំ ជាពិសេស សំណុំរឿង​ដែលជា​ប់​ពាក់ព័ន្ធ​ទៅនឹង​មន្ត្រី​ធំៗ​មួយចំនួន​។ ប្រព័ន្ធតុលាការ​ដែល​ព​ល​រដ្ឋ​មិន​ទុកចិត្ត កំពុង​ធ្វើ​ឲ្យ​មហាជន​មួយចំនួន ព្យាយាម​រក​ខ្សែ ឬ ខ្នង ដើម្បី​ដោះ​បញ្ហា​។ 
 
​សរុបសេចក្តី​មកវិញ ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​លើ​វិស័យ​សុខាភិបាល និង​ប្រព័ន្ធយុត្តិធម៌​ឡើងវិញ​នោះ កំណែទម្រង់​ស៊ីជម្រៅ​ជា​រឿង​ចាំបាច់ និង​ជា​រឿង​ស្លាប់​រស់​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​៕ 
 

Tag:
 សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com