ជាតិ
សង្គមជាតិ
អ្នកតាមដាន​ស្ថានការណ៍ ស្នើ​ឲ្យ​លោក ​ច​ន ឃេ​រី លើក​បញ្ហាដីធ្លី​ការចាប់ខ្លួន​មន្ត្រី​CNRP និយាយ​ជាមួយ​សម្ដេច ហ៊ុន សែន​
23, Jan 2016 , 3:20 pm        
រូបភាព
ភ្នំពេញ៖ ​អ្នកវិភាគ និង​សង្គម​ស៊ីវិល ស្នើ​ឲ្យ​លោក ច​ន ឃេ​រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក និយាយ​ពី​បញ្ហា​សិទ្ធិមនុស្ស និង​ការចាប់​ឃុំខ្លួន​មន្ត្រី​គណបក្សប្រឆាំង​ជាមួយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្សកាន់អំណាច​មួយ​នេះ គិតពិចារណា​ឡើងវិញ​។​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក ច​ន ឃេ​រី នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ចំនួន​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៥​ដល់ទី​២៦​ខែមករា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី រវាង​ប្រទេស​ទាំងពីរ​។​


 
​លោក សៀ ភារ​ម្យ នាយក​លេខាធិការដ្ឋាន​ទទួលបន្ទុក​ផ្នែក​សិទ្ឋិ​លំនៅដ្ឋាន ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក លោក ច​ន ឃេ​រី លើកយក​បញ្ហាដីធ្លី បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា យកទៅ​ពិភាក្សា​ជាមួយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ។ លោក សៀ ភារ​ម្យ បន្ថែមថា បើទោះជា​អាមេរិក​គ្មាន​សិទ្ធិ​អ្វី​ក្នុង​ការបង្ខំ​ឲ្យ​កម្ពុជា​ធ្វើតាម​ខ្លួន​ក៏ដោយ តែ​លោក ច​ន ឃេ​រី អាច​ប្រើ​ភាសា​ការទូត​ជួយ​ពន្យល់​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ឡើងវិញ ក្នុងការ​ដោះស្រាយ​បញ្ហា​សង្គម​កម្ពុជា​តាមបែប​ប្រទេស​កាន់​លិ​ទ្ធិ​ប្រជាធិបតេយ្យ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ មន្ត្រី​ការពារ​សិទ្ធិ​លំនៅដ្ឋាន​រូបនេះ បាន​បន្ថែមថា​ដូច្នេះ​ថា​៖«​ទោះ​លោក ច​ន ឃេ​រី មិនអាច​និយាយ​បង្ខំ មិនអាច​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល ព្រោះ​កម្ពុ​ជាមាន​អធិបតេយ្យភាព​ខ្លួន​មែន​។​តែ​លោក ច​ន ឃេ​រី អាច​ប្រើ​ភាសា​ការទូត​និយាយ​ពន្យល់​ឲ្យ​រដ្ឋាភិបាល​ពិចារណា​លើ​បញ្ហា​សិទ្ធិមនុស្ស បញ្ហា​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​។ ហើយ​ភាសា​ការទូត​នោះ ក៏​អាច​ឲ្យ​រដ្ឋាភិបាល​ខ្មាស​អាមេរិក​ដែរ ព្រោះ​ជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ដូចគ្នា​»​។​
 
​ស្របពេល​ដែល​ដឹង​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ច​ន ឃេ​រី មក​កម្ពុជា​នោះ សកម្មជន​ដីធ្លី​ដែល​រងគ្រោះ​ដោយ​ការបណ្តេញ មិនទាន់​ទទួលបាន​សំណង​សមរម្យ​ពី​រដ្ឋាភិបាល បាននាំគ្នា​ឈរ​ស្រែក​ពី​ទុក​លំបាក​ពួក​កេ​នៅមុខ​ស្ថានទូត​អាមេរិក​កាលពី​ថ្ងៃទី​២២ មករា ដើម្បី​ដាក់​ញ្ញ​តិ​ជូន​លោក ច​ន ឃេ​រី ឲ្យ​ជួយ​អន្តរាគមន៍​ជំរុញ​ទៅ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហាដីធ្លី​ពួកគេ ។​
 
​ក្រៅពី​បញ្ហាដីធ្លី បញ្ហា​សិទ្ធិមនុស្ស​នេះ អ្នកវិភាគ​នយោបាយ ក៏​ចង់ឃើញ​លោក ច​ន ឃេ​រី លើកយក​ចាប់ឃុំខ្លួន​សកម្មជន មន្ត្រី​គណបក្សប្រឆាំង និយាយ​ជាមួយ​រដ្ឋាភិបាល​ដែរ​។​លោក សូ ចន្ថា អ្នកវិភាគ​នយោបាយ យល់ឃើញថា ក្នុងជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ច​ន ឃេ​រី រដ្ឋមន្ត្រីការបរទេស​អាមេរិក​ទំនងជា​អាច​លើកយក បញ្ហា​ចាប់ខ្លួន​អ្នក​យោ​បាយ​នៅ​កម្ពុជា យកទៅ​ពិភាក្សា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​។ លោក​ថា បើ​លោក ច​ន ឃេ​រី លើក​បញ្ហា​ទាំងនេះ​និយាយ​ជាមួយ​រដ្ឋាភិបាល​មែន​នោះ គឺជា​រឿង​មួយ​ល្អ ដើម្បី​ពន្យល់​រដ្ឋាភិបាល​កុំ​ឲ្យ​ប្រើ​អំណាច​ខ្លួន​ធ្វើទុក្ខបុកម្នេញ​ទៅលើ​គណបក្សប្រឆាំង និង​កុំ​ឲ្យ​បង្កបញ្ហា​និ​ទណ្ឌ​ភាព នៃ​ការអនុវត្ត​ច្បាប់​ដោយ​ប្រើ​ស្ដង់ដារ​ពីរ​ទៅលើ​អ្នកនយោបាយ និង​ប្រជាពលរដ្ឋ​ទន់ខ្សោយ​។​
 
​អ្នកវិភាគ​រូបនេះ​បញ្ជាក់​ដូច្នេះ​ថា​៖​ក្នុងនាម​លោក ច​ន ឃេ​រី ជា​អ្នកតំណាង​ឲ្យ​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ គាត់​អាច​នឹង​យក​បញ្ហា​ចាប់ខ្លួន​អ្នកនយោបាយ លើកឡើង​ពី​បញ្ហា​ប្រជាពលរដ្ឋ បញ្ហា​សិទ្ធិមនុស្ស បញ្ហា​ការបោះឆ្នោត​និយាយ​ជាមួយ​រដ្ឋាភិបាល​។​ហើយ​បញ្ហានយោបាយ​គាត់​អាច​នឹង​និយាយ​ពន្យល់​ប្រាប់​រដ្ឋាភិបាល កុំ​ឲ្យ​ធ្វើទុក្ខបុកម្នេញ​អ្នកប្រឆាំង និង​កុំ​ឲ្យ​មាន​ស្ដង់ដារ​ពីរ​ជាន់​នៅ​កម្ពុជា​»​។ 
 
​អ្នកវិភាគ​មួយរូប​ទៀត​គឺ​លោក មាស នី យល់ឃើញថា បើ​លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក​និយាយ​រឿង​ចាប់ខ្លួន​បក្សប្រឆាំង​ជាមួយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ​គឺជា​មេរៀន​ដែល​អាមេរិក​ចង់​បង្រៀន​កម្ពុជា​ឲ្យ​យល់​កាន់តែច្បាស់​ពី​របៀប​នៃ​ការដឹកនាំ​ប្រទេស​តាមបែប​លទ្ធិប្រជាធិបតេយ្យ​។​
 
​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក ច​ន ឃេ​រី នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ចំនួន​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៥​ដល់ទី​២៦​ខែមករា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី រវាង​ប្រទេស​ទាំងពីរ មុន​ពេលដែល​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មេដឹកនាំ​ប្រទេស​ជា​សមាជិក​អាស៊ាន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សហ​រដ្ឋា​មេ​រិ​កនៅ​ពាក់កណ្តាល​ខែកុម្ភៈ​៕

Tag:
 ច​ន ឃេ​រី
  សម្ដេច ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com