ជាតិ
លោក សុខ ពុ​ទ្ធី​វុ​ធ សុំ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មកា​រ​ចម្រុះ​ដើម្បី​ជួយ​វិស័យ​ស្រូវ​អង្ករ
26, Jan 2016 , 10:41 am        
រូបភាព
​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុខ ពុ​ទ្ធី​វុ​ធ ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មកា​រ​ចម្រុះ​មួយ ដើម្បី​ជួយ​សម្របសម្រួល​សកម្ម​ភាព និង​ផែនការ​ទាំងអស់ ដែល​ពាក់ព័ន្ធ​នឹង​ស្រូវ​អង្ករ​។ សំណើ​នេះ ធ្វើឡើង​នៅ​ចំពោះមុខ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុង​វេទិកា​ស្រូវ​អង្ករ​លើក​ទី​៥ នៅ​សណ្ឋាគារ​សុខា នាពេល​ព្រឹក ថ្ងៃទី​២៥ មករា ។​



​លោក សុខ ពុ​ទ្ធី​វុ​ធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានស្នើ​ឲ្យ​រដ្ឋាភិបាល បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដើម្បី​ជួយ​ជ្រោមជ្រែង​ទាំង​ការចាប់ផ្តើម និង​ការអនុវត្ត​គម្រោង​ផ្សេងៗ ឲ្យ​កាន់តែ​ទទួលបាន​ជោគជ័យ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​។ លោ​បន្ថែមទៀតថា គណៈកម្មការ​នេះ មាន​សមាសភាព​ពី​ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ ដូចជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួងពាណិជ្ជកម្ម​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​, ក្រសួង​រ៉ែ​និង​ថាមពល​, ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​, ក្រសួង​ធនធានទឹក​និង​ឧតុនិយម​។

​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​យល់ថា នេះ​ជា​គំនិត​និង​វិធី​ដ៍​សំខាន់ ដើម្បី​ប្រមូលផ្តុំ​គ្រប់ភាគី​ពាក់​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​ឯកភាពគ្នា ទៅលើ​គំនិត​និង​គោលការណ៍​រួម ក្នុង​គោលបំណង​ធ្វើ​ឲ្យ​មានការ​សម្រេច​ចិត​ត្ត​និង​ទំនួល​ខុសត្រូវ​ច្បាស់លាស់​»​។

​យ៉ាងណាក៏ដោយ សំណើ​នេះ មិនទាន់​ត្រូវបាន​ភាគី​រដ្ឋាភិបាល​ឆ្លើយតប នោះទេ​។


​ក្រៅពី​សំណើ​ខាងលើ លោក សុខ ពុ​ទ្ធី​វុ​ធ ក៏បាន​លើកឡើងថា ដើម្បី​ដោះស្រាយ​បញ្ហា​ស្រូវ​អង្ករ​កម្ពុជា ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​មើល​ចង្វាក់​ផលិតកម្ម​ទាំងមូល ព្រម​ទាំ​ជួយ​កសិករ​ឲ្យ​មាន​ទឹកចិត្ត និង​ការជឿជាក់​ទៅ​ការរីកចម្រើន​វិស័យ​ស្រូវ​អង្ករ ក្នុង​ថ្ងៃ​អនាគត​។ លោក​បន្តថា កសិករ​ត្រូវតែមាន​ឃ្លាំង​ទុកដាក់​ស្រូវ​អង្ករ ដើម្បី​ធានា​ទីផ្សារ​និង​ប្រភព​ចំណូល​របស់​ពួកគេ ហើយ​អត្រា​ការប្រាក់​ត្រូវតែមាន​កម្រិត​ទាប ដើម្បី​ធានា​ឲ្យ​បាន នូវ​ឥណទាន​គ្រប់គ្រាន់​សម្រាប់​ការពង្រឹង​និង​ការពង្រីក​ផលិតកម្ម អាជីវកម្ម​ក្នុង​វិស័យ​ស្រូវ​អង្ករ​៕







Tag:
 ស​.​អ​.​ក​
© រក្សាសិទ្ធិដោយ thmeythmey.com