ជាតិ
លោក ច​ន ឃេ​រី ថា តំណាងរាស្ត្រ​មិនត្រូវ​រង​ការភ័យខ្លាច និង​ការវាយប្រហារ​ឡើយ​
26, Jan 2016 , 5:37 pm        
រូបភាព
ដោយ: &
​នៅក្នុង​ស​និ្ន​សីទ​កាសែត​បង្ហាញ​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ខ្លួន​នោះ លោក ច​ន ឃេ​រី រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​បញ្ជាក់ថា លោក​បាន​លើក​បញ្ហា​តំណាងរាស្ត្រ​ពិភាក្សា​ជាមួយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​



​នៅក្នុង​ជំនួប​ពេលព្រឹក​ជាមួយ​សម្ដេច ហ៊ុន សែន ដែល​លោក ច​ន ឃេ​រី បាន​លើកមកបង្ហាញ​នៅពេល​បិទ​បញ្ចប់​ទស្សនកិច្ច​ខ្លួន​នោះ​ថា បញ្ហា​សិទ្ធិមនុស្ស គឺមាន​តួនាទី​សំខាន់​ណាស់​សម្រាប់​ប្រទេស​ប្រជាធិបតេយ្យ ក្នុងការ​អភិវឌ្ឍ​ប្រទេស និង​ជួយ​ភាពស្របច្បាប់​ដល់​រដ្ឋាភិបាល​ផងដែរ​។ លោក បន្ថែមថា រដ្ឋាភិបាល​ត្រូវ​ធានា​រាល់​តំណាងរាស្ត្រ​ទាំងអស់ នូវ​សិទ្ធិសេរីភាព​និង​ការបញ្ចេញមតិ និង​ភាព​ទទួលខុសត្រូវ​រប​ស់​ពួកគេ ដោយ​មិនត្រូវ​ឲ្យ​ពួកគេ​មាន​ភាពភ័យខ្លាច ឬ​ការវាយប្រហារ​ឡើយ​។​

ប្រមុខ​ការទូត​អាមេរិក​រូបនេះ បាន​បន្ថែមថា អាមេរិក​ជា​ប្រទេស​ដែល​ចូលចិត្ត​យកចិត្តទុកដាក់​លើ​បញ្ហា​ប្រជាធិបតេយ្យ​គ្រប់​ប្រទេស​លើ​ពិភពលោក ដូច​បញ្ហា​សេរីភាព អភិបាលកិច្ច ហើយ​អាមេរិក​នឹង​រិះរក​មធ្យោបាយ​ដើម្បី​បង្កើន​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។ លោក ច​ន ឃេ​រី បន្ថែមថា អាមេរិក​នឹង​បន្ត​ជួយ​លើក​កម្ពុជា​វិស័យ​អប់រំ វិស័យ​សុខាភិបាល និង​វប្បធម៌ ដើម្បី​ឲ្យ​ជួយ​ឲ្យ​កម្ពុជា​ទទួលបាន​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ពេញលេញ​។​


ក្រៅពី​កត្ដា​សិទ្ធិមនុស្ស​នេះ លោក ច​ន ឃេ​រី ក៏បាន​​ពិភាក្សា​ជាមួយ​សម្ដេច ហ៊ុន សែន ពី​គម្រោង​ដែល​អាមេរិក​គ្រោង​ជួយ​អភិវឌ្ឍ​ទន្លេមេគង្គ​ឲ្យ​មាន​ចីរភាព និង​អភិវឌ្ឍន៍​មេគង្គ​ក្រោម​ឲ្យ​បាន​ប្រសើ​ឡើង​។ ការជួយ​កម្ពុជា​ពាក់ព័ន្ធ​ការការពារ​ចំណីរ​អាហារ ការបញ្ជូន​កម្លាំង​ស្ម័គ្រចិត្ត​មក​កម្ពុជា​ដើម្បី​បង្កើន​ទំនាក់ទំនង​រវាង​ប្រជាជន​កម្ពុជា​និង​ប្រជាជន​អាមេរិក ។​


ក្រៅពីជំនួបជាមួយសម្ដេច ហ៊ុន សែន នេះ ​លោក ច​ន ឃេ​រី ក៏បានជួប​ជាមួយ​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ដោយលោក​បាន​ពិភាក្សា​ជាមួយគ្នា​ពី​បញ្ហា​បោះឆ្នោត​នៅ​កម្ពុជា ហើយ​លោក​សង្ឃឹមថា ការបោះឆ្នោត​នៅ​កម្ពុជា នៅ​ឆ្នាំ​២០១៧ និង​២០១៨​ខាងមុខ​នឹងមាន​ភាពរឹងមាំ ដោយ​សេរី និង​យុត្តិធម៌​។ ចំណែក​ជំនួប​ជាមួយ​សង្គម​ស៊ីវិល លោក ច​ន ឃេ​រី បាន​ពិភាក្សា​លើ​បញ្ហា​កំណែទម្រង់​ដីធ្លី បញ្ហា​បរិស្ថាន ការកាប់​ព្រៃឈើ គណនេយ្យភាព និង​ការប្រើ​ថាមពល​និរន្ត​ភាពជា​ដើម​។​


តែ​យ៉ាងណា​ប្រមុខ​ការទូត​អាមេរិក​បញ្ជាក់ថា ការណ៍​ដែល​លោក​មក​ទស្សនកិច្ចនៅតំបន់អាស៊ី​នាពេលនេះ ជាពិសេស​មក​កម្ពុជា​នេះ គឺដើម្បី​បង្កើន​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ប៉ុណ្ណោះ​។

ក្រោយពី​ទស្សនកិច្ច​នៅ​ឡាវ និង​កម្ពុជា នេះ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ច​ន ឃេ​រី នឹង​បន្ត​ទស្សនកិច្ច​ទៅ​ចិន មុន​ពេលដែល​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ជា​សមាជិក​អាស៊ានទាំងអស់ នឹងត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​-​អាមេរិក នៅ​ពាក់កណ្ដាល​ខែកុម្ភៈ​ខាងមុខនេះ នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក​៕



© រក្សាសិទ្ធិដោយ thmeythmey.com