ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម សម រង្ស៊ី បង្ហោះ CV តាម​ហ្វេ​ស​ប៊ុ​ក​
29, Jan 2016 , 12:16 pm        
រូបភាព
ដោយ: រួបរួម
 
 ​មាន​ឪពុក​ជា​អតីត​ឧបនាយករដ្ឋមន្ត្រី និង​ម្តាយ​ជា​ស្ត្រី​ខ្មែរ​ទី​១ ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​។ ឯកឧត្តម សម រង្ស៊ី បាន​បង្ហោះ​ឯកសារ​ប្រវត្តិរូប (CV) ខ្លួន នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Sam Rainsy) កាលពី​ថ្ងៃទី​២៨ ខែមករា ប៉ុន្តែ​គេ​មិនដឹងថា ហេតុអ្វី​បានជា ប្រធាន​គណបក្សប្រឆាំង​សម្រេច​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ដូច្នេះ​ឡើយ​។​

 
​គ្មានអ្វី​ប្លែក​នោះទេ​ដែល​ពលរដ្ឋ​ត្រូវ​ដឹង​ពី​ប្រវត្តិរូប​របស់​ឥស្សរជន​នយោបាយ​កំពូល​នៅ​កម្ពុជា ប៉ុន្តែ​ត្រង់​មូលហេតុ​មេដឹកនាំ​បក្សប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នឹកឃើញ​បង្ហោះ​ជា​សាធារណៈ​បែបនេះ មិនមាន​អ្នកណា​ដឹង​ច្បាស់​នោះឡើយ​។​
 
​យោងតាម​ឯកសារ​ប្រវត្តិរូប ឯកឧត្តម សម រង្ស៊ី ដែល​ឈានចូល​ដល់​វ័យ​៦៧​ឆ្នាំ មាន​ឪពុក​ជា​អតីត​ឧ​ត្ត​ម​មន្ត្រី និង​ម្តាយ​ជា​បញ្ញវន្ត​ម្នាក់​។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ផ្ទាល់ ដែលមាន​លោកស្រី ជូ​ឡុង សូ​មួ​រ៉ា ជា​ភរិយា និង​មានកូន​បីនាក់ ជា​មនុស្ស​ម្នាក់​ដែល​ឆ្លងកាត់​ការអប់រំ​ដ៏​ជ្រៅជ្រះ​។​
 
​ឯកឧត្តម សម រង្ស៊ី ឆ្លងកាត់​ការសិក្សា​ថ្នាក់បឋមសិក្សា​នៅ​ភ្នំពេញ ប៉ារីស និង​ក្រុង​ឡុង​ដ៍ ថ្នាក់​វិទ្យាល័យ​នៅ​សាលា​ដេ​កាត និង​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញ និង​សាលា Jason de Sailly ក្នុង​ក្រុងប៉ារីស ហើយ​ទទួលបាន​សញ្ញាបត្រ​អនុបណ្ឌិត និង​បណ្ឌិត​ជាច្រើន​នៅ​បារាំង លើ​ផ្នែក​ពាណិជ្ជកម្ម គណនេយ្យ សេដ្ឋកិច្ច និង​វិទ្យាសាស្ត្រ​នយោបាយ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ គាត់​បាន MBA ពីសា​លា INSEAD ដែល​បច្ចុប្បន្ន​ជា​សាលាបង្រៀន​ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម​លំដាប់​លេខ​មួយ​លើ​ពិភពលោក ដោយ​យោងតាម​ការចាត់​ថ្នាក់​របស់​កាសែត Financial Times​។​
 
​ក្រៅពី​កិច្ចការ​នយោបាយ ឯកឧត្តម សម រង្ស៊ី  ក៏មាន​បទពិសោធន៍​ដឹកនាំ​ក្រុមហ៊ុន​ធំៗ​នៅ​ប្រទេស​បារាំង​ផងដែរ​។ បន្ថែម​ពីលើ​នេះ ប្រធាន​គណបក្សប្រឆាំង​រូបនេះ ធ្លាប់បាន​ទទួលពានរ​ង្វាន់​ធំៗ​ចំនួន​បី​ដែល​ក្នុងនោះ​មាន Heritage Foundation Prize (​ឆ្នាំ​១៩៩៨) European Parliament Passport for Freedom (​ឆ្នាំ​២០០០) និង Liberal International Freedom Award (​ឆ្នាំ​២០០៧) ។​
 
​នៅក្នុង​ប្រវត្តិរូប ឯកឧត្តម សម រង្ស៊ី ក៏បាន​សរសេរ​ដែរ​ថា ខ្លួន​មាន​តួនាទី​ជា​ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​ភាគតិច​នៅក្នុង​រដ្ឋសភា បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០១៤ មក ខណៈ​លោក​មិនមាន​អភ័យឯកសិទ្ធិ​ទៀតឡើយ​នាពេលនេះ​៕
 

Tag:
 សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com