ជាតិ
បញ្ញវន្ត​៥០០​នាក់ ផ្តើម​ជួបជុំគ្នា​ក្នុង​សន្និបាត​បញ្ញវន្ត​ពិភពលោក​នា​ល្ងាច​ថ្ងៃ​សុក្រ​នេះ​
29, Jan 2016 , 2:04 pm        
រូបភាព
​បញ្ញវន្ត​ខ្មែរ និង​បរទេស​៥០០​នាក់​នឹង​ចាប់ផ្តើម​ជួបជុំគ្នា​នៅក្នុង​សន្និបាត​បញ្ញវន្ត​ពិភពលោក (Global Alumni Convention) នៅ​ល្ងាច​ថ្ងៃ​សុក្រ​ទី​២៩​ខែមករា​នេះ នៅ​សណ្ឋាគារ Intercontinental​។ អ្នក​ដែល​ចាប់អារម្មណ៍​ចង់​ចូលរួម​ក្នុង​មហាសន្និបាត​នេះ នៅតែ​អាច​ចុះឈ្មោះ​ផ្ទាល់​នៅ​ទីកន្លែង​រៀបចំ​ពិធី​តែម្តង​។



​សន្និបាត​បញ្ញវន្ត​ពិភពលោក​លើក​ទី​២ ដែល​កំពុង​ត្រូវ​បានរៀបចំ​ដោយ idp Education គឺជា​ព្រឹត្តិការណ៍​នៃ​ការជួបជុំ​អតីត​និស្សិត​នៃ​បណ្តា​ប្រទេស​ជឿនលឿន មេដឹកនាំ​ក្រុមហ៊ុន មន្ត្រី​រដ្ឋាភិបាល មន្ត្រី​ស្ថានទូត សង្គម​ស៊ីវិល​ទាំង​ក្នុងប្រទេស​កម្ពុជា និង​នៅក្នុង​តំបន់ ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​ចែករំលែក​ចំណេះដឹង ចំណេះធ្វើ និង​បទពិសោធន៍​ដែល​គ្មាន​ព្រំដែន​លើ​វិស័យ​នានា​នៅ​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នឹង​ថ្លែង​សុន្ទរកថា​ស្វាគមន៍​អ្នកចូលរួម​ក្នុង​សន្និបាត​បញ្ញវន្ត​ពិភពលោក ដែល​នឹង​ចាប់ផ្តើម​នា​ល្ងាច​ថ្ងៃទី​២៩​ខែមករា​នេះ​។ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ នឹងធ្វើ​សុន្ទរកថា​បើក​សន្និបាត​នេះ​នៅ​ព្រឹក​ថ្ងៃទី​៣០​មករា​។ លោក ហ៊ុន ម៉ា​ណែ​ត គឺជា​វាគ្មិន​ក្នុង​កិច្ចប្រជុំពេញអង្គ​ពិសេស (special plenary session) នៃ​សន្និបាត​បញ្ញវន្ត​ពិភពលោក ដែល​នឹងត្រូវ​បិទ​បញ្ចប់​ជាមួយនឹង​សុន្ទរកថា​របស់ រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍ​ជនបទ លោក ជា សុផារ៉ា​។​


​គួរ​បញ្ជាក់ថា នៅមាន​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល និង​ស្ថាប័នរដ្ឋ​ជាច្រើនរូប​ទៀត​ដែល​នឹងមាន​វត្តមាន​ជាមួយ​វាគ្មិន​ជាតិ និង​អន្តរជាតិ​ទាំងអស់​ប្រមាណ​៦០​រូប ដែល​នឹង​ចែករំលែក​បទពិសោធន៍​លើ​វិស័យ​១០​សំខាន់ៗ ដូចជា​អប់រំ សុខភាព​សាធារណៈ សំណង់ អាជីវកម្ម ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ជំនាញ​ជាដើម​៕

Tag:
 សន្និបាត​បញ្ញវន្ត
  idp
© រក្សាសិទ្ធិដោយ thmeythmey.com