ជាតិ
កង្វះ​ថវិកា​គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​សម្រាប់​ស្ត្រី​ដឹកនាំ​ថ្នាក់ក្រោម​ជាតិ​
29, Jan 2016 , 7:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុងចំណោម ១៦២៣​ឃុំ នៅ​ទូទៅ​ប្រទេស​កម្ពុជា រដ្ឋ​បាន​ចំណាយ​ថវិការ​តែ ៣% ប៉ុណ្ណោះ​នៃ​ថវិកាជាតិ​សរុប​ផ្ដល់​ឲ្យ​ឃុំ​ទាំងនោះ​ដើម្បី​ប្រើប្រាស់​។ ប៉ុន្តែ​ក្នុងចំណោម​៣%​នៃ​ថវិកា​ដែល​បានផ្ដល់​ទៅ​ឲ្យ​ឃុំ​ទាំងនេះ ស្ត្រី​ទទួល​បានតែ​១​ទៅ​៥%​ប៉ុណ្ណោះ​សម្រាប់​ប្រើប្រាស់ ដែល​តិចតួច​បំផុត​សម្រាប់​ស្ត្រី​ដឹកនាំ​ថ្នាក់ក្រោម​ជាតិ​ក្នុងការ​អនុវត្ត​ការងារ​របស់ខ្លួន​។ នេះ​ជាការ​លើ​ឡើង​របស់​លោកស្រី ធីតា ឃិះ នាយិកា​ប្រតិបត្តិ​អង្គការ​សីល​ការ​។​



​លទ្ធផល​ស្រាវជ្រាវ​មួយ​ត្រូវ​បានបង្ហាញ​ដោយ​លោកស្រី កា​ស៊ូ​មិ ណាហ្គា​កា​វ៉ា  បាន​រកឃើញថា​ឧបសគ្គ​ដែល​ស្ត្រី​ដឹកនាំ​ថ្នាក់ក្រោម​ជាតិ​កំពុង​ជួបប្រទះ​ដូចជា ចំនួន​សមាជិក​ក្រុមប្រឹក្សា​ស្ត្រី​នៅមានកម្រិត​, ការគាំទ្រ​ពី​ក្រុមប្រឹក្សា​ជា​បុរស​នៅមានកម្រិត​, សមត្ថភាព​ដឹកនាំ​របស់​ស្ត្រី​ដឹកនាំ​នៅមានកម្រិត​, កង្វះ​ការទទួលបាន​ព័ត៌មាន​, ថវិកា​សម្រាប់​ការងារ​របស់​ក្រុមប្រឹក្សា​ជា​ស្ត្រី​នៅមានកម្រិត​ដើម្បី​យកទៅ​ដោះស្រាយ​បញ្ហា​ស្ត្រី​និង​កុមា​នៅ​ថ្នាក់ក្រោម​ជាតិ​។ លទ្ធផល​នេះ​ត្រូវបាន​បង្ហាញ​នៅក្នុង​សិក្ខាសាលា បង្ហាញ​លទ្ធផល​នេះ​បានបង្ហាញ​នៅ​អ៊ឹម​ភឺ​រៀល ហ្គា​ដិ​ន វីឡា និង​សណ្ឋាគារ ដែល​រៀបចំឡើង​ដោយ​គណៈកម្មាធិការ លើកស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ (​គ​.​ស​.​ន​)​ព្រឹក​ថ្ងៃទី​១៩​ខែមករា​នេះ លើ​ប្រ​ធា​បទ «​បញ្ហា​ប្រឈម​របស់​ស្ត្រី​ដឹកនាំ​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ទាញយក​ថវិកា​រ​មកប្រើប្រាស់​សម្រាប់​ស្ត្រី និង​កុមារ​»​។​

​នៅក្នុង​កិច្ចការ​ស្រាវជ្រាវ​នេះ ត្រូវបាន​កំណត់​យក​ខេត្ត​ចំនួន​បួន ដូចជា​ខេត្តកំពង់ធំ កណ្ដាល បាត់តំបង និង​ខេត្តរតនៈគិរី ដើម្បី​ធ្វើការ​សម្ភាសន៍​ជាមួយ​ស្ដ្រី​ដឹកនាំ​ថ្នាក់ក្រោម​ជាតិ​២៤​រូប​។ ជា​ផ​លទ្ធផល បង្ហាញថា គម្រោង​ស្នើសុំ​ថវិការ​គឺជា​ភាពលំបាក់​ដ៏​ខ្លាំង​មួយ​របស់​ស្ត្រី​ដឹកនាំ​ថ្នាក់ក្រោម​ជាតិ​។ ចំណែក​ជំនាញ​ក្នុងការ​តស៊ូ​មតិ ជំនាញ​ប្រើប្រាស់​កំ​ព្យូ​ទ័​រ និង​ការ​កង្វះ​ការគាំទ្រ ពី​ថ្នាក់ដឹកនាំ​ធំៗ ធ្វើ​ឲ្យ​ក្រុម​ស្ត្រី​ដឹកនាំ​ថ្នាក់ក្រោម​ជាតិ​មិនអាច​ធ្វើការ​បានល្អ និង​មាន​ទឹកចិត្ត​គ្រប់គ្រាន់​ដើម្បី​បំពេញ​កិច្ចការ​របស់ខ្លួន​។​


​លោកស្រី ធីតា ឃិះ នាយិកា​ប្រតិបត្តិ​អង្គការ​សីល​ការ បាន​លើ​ឡើង​ថា បញ្ហា​ថវិការ​គឺជា​បញ្ហា​ចម្បង​សម្រាប់​ស្ត្រី​ដឹកនាំ​ថ្នាក់ក្រោម​ជាតិ​ក្នុងការ​ប្រើប្រាស់​សម្រាប់​អនុវត្តន៍​ការងារ​។ លោកស្រី​បាន​មានប្រសាសន៍ថា​៖ «​បញ្ហា​មិនមែន​និយាយ​តែ​នៅ​លើក​បបូរមាត់​នោះទេ តែ​សូម​ឲ្យ​មាន​ថវិការ​ទៅជា​មួយ​ផង​។ ព្រោះ​ថាបើ​គ្មាន​ថវិការ គ្មាន​ធនធាន​ទេ ផែនការអភិវឌ្ឍន៍ ផែនការ​យេនឌ័រ​មិនអាច​ដំណើរការបាន​នោះទេ​»​។  កន្លងទៅ​ថវិការ​ដែល​ស្ត្រី​ទទួលបាន​គឺ​ត្រូវ​ប្រើ​នៅលើ​សេវា​អប់រំ​ស្ត្រី សេវា​សុខភាព​បន្តរ​ពូជ ស្ត្រី​រងគ្រោះ​ដោយ​ការ​រើ​សស​អើ​ង​ភេទ ហិង្សា​ក្នុង​គ្រួសារ ហិង្សា​នៅក្នុង​សង្គម អំពើ​រំលោភបំពាន​ជាដើម​។​ល​។

​លោកស្រី​ក៏បាន​បន្ត​រដែ​រថា កន្លងទៅ​ថវិការ​ជាតិ​ច្រើន​ទេ​ចំណាយ​ទៅលើ​ការសាងសង​ហេដ្ឋារចនាសម្ព័ន្ធ អគារ​ផ្សេងៗ ប៉ុន្តែ​រដ្ឋ​ភ្លេច​គិត​ទៅលើ​តម្រូវការ​របស់​មនុស្ស​ដែល​កំពុង​ត្រូវការ​ថវិការ​។  មួយវិញទៀត​កិច្ច​សហរ​ប្រតិបត្តិការ​រវាង​មន្ទី​ជំនាញ​ផ្សេងៗ​ក្នុង​ការផ្ដល់សេវា​ទៅ​ឲ្យ​ស្ត្រី​គឺ​នៅមាន​បញ្ហា​។ បញ្ហា​ថវិការ​នេះ លោកស្រី ធីតា ឃិះ មានប្រសាសន៍ថា​៖

«​ថវិការ​ជាតិ​សម្រាប់​ផ្ដល់​ឲ្យ​ឃុំ​ទាំង ១៦២៣​ឃុំ​ទូទៅ​ប្រទេស​កម្ពុជា បានតែ​ចំនួន​៣%​ប៉ុណ្ណោះ​នៃ​ថវិការ​ជាតិ​សរុប​។ ចំណែក​ក្នុងចំណោម​៣%​នៃ​ថវិការ​ដែល​បានផ្ដល់​ទៅ​ឲ្យ​ឃុំ​ទាំង​១៦២៣​ឃុំ​ទូទាំងប្រទេស ស្ត្រី​ទទួល​បានតែ​១​ទៅ​៥%​ប៉ុណ្ណោះ​សម្រាប់​ប្រើប្រាស់​។ ហេតុនេះ​ថវិការ​នេះ​ពិតជា​តិច​បំផុត​សម្រាប់​ស្ត្រី​ដឹកនាំ​ថ្នាក់ក្រោម​ជាតិ​ក្នុងការ​អនុវត្ត​ការងារ​របស់ខ្លួន​»​។​

​លោកស្រី ហូ ណូន តំណាងរាស្ត្រ​និង​ជា​សមាជិក​រដ្ឋសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​រដ្ឋាភិបាល​បាន​គិតគូរ​យ៉ាងខ្លាំង​ទៅលើ​បញ្ហា​ស្ត្រី​។ តែដោយសារ​ចំនួន​ស្ត្រី​មានការ​កើនឡើង​ខ្ពស់​ទាំង​នៅក្នុង​ការងារ​សង្គម និង​ការងារ​នយោបាយ ចំណែក​ថវិការ​សម្រាប់​រដ្ឋាភិបាល​ប្រើប្រាស់​គឺមាន​កម្រិត​និង​មានកំណត់ ដែល​អនុម័ត​ដោយ​ស្ថាប័ន​នីតិបញ្ញត្តិ​។ លោកស្រី ហូ ណូន ក៏បាន​លើកឡើងថា ពីមុន​ថវិការ​ដែលរ​ដ្ឋា​បាល​ប្រើប្រាស់​គឺ គ្រប់គ្រាន់​។ តែដោយសារ​តែ​ចំនួន​ស្ត្រី​មានការ​កើនឡើង​ទើប​មានការ​ខ្វះខាត​។ លោកស្រី ហូ ណូន ក៏មាន​ប្រសាសន៍​ផងដែរ​ថា បច្ចុប្បន្ននេះ រដ្ឋសភា​កំពុង​ជម្រុញ​ឲ្យ​មាន​បង្កើន​ថវិការ​សម្រាប់​ចំណាយ​ទៅ​ស្ត្រី​នេះ​ផងដែរ​។​


​នៅក្នុង​សិក្ខាសាលា ដែលមាន​អ្នកចូលរួម​ប្រមាណ​៨០​រូប មកពី​សមាជិក​រដ្ឋសភា ស្រដី​ដឹកនាំ​ថ្នាក់ក្រោម​ជាតិ ទាំង​២៥​ខេត្ត​ក្រុង​(​អភិបាលរង​ខេត្ត និង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​) ម្ម្ចាស់ជំនួយ សង្គម​ស៊ីវិល គ​.​ជ​.​អ​.​ប ក្រសួង​កិច្ចការនារី និង​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ​នោះ បានកំណត់​យក​ថវិកា​រ​ចំនួន​២០% ក្នុងចំណោម​ថវិការ​ជាតិ​៣%​ដែល​បានផ្ដល់​ឲ្យ​ឃុំ​ទាំង​១៦២៣​ទៅ​ឲ្យ​ស្ដ្រី​ដឹកនាំ​ថ្នាក់ដឹកនាំ​ថ្នាក់ក្រោម​ជាតិ​សម្រាប់​ប្រើប្រាស់​។ ហើយ​នេះ​ក៏​ជា​សំណើរ​ដំបូង​ដែរ​ត្រូវ​ស្នើរ​សុំ​ឲ្យ​មាន​គិតពិចារណា​។​

​គួរ​បញ្ជាក់ថា សម្ដេច ហ៊ុន សែន ក៏​ធ្លាប់​បានបង្ហាញ​ជំហរ​ក្នុងនាម​ជា​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកកម្ពស់​កា​រ​យល់ដឹង​ដល់​ស្ត្រី និង​ការចូលរួម​របស់​ស្ត្រី​គ្រប់​វិស័យ ជាពិសេស​ការ​ជម្រុញ​លើកទឹកចិត្ត​ស្ដ្រី​ជា​ថ្នាក់ដឹកនាំ​ក្នុង​វិស័យ​សាធារណៈ និង​នយោបាយ ការលុបបំបាត់​អំពើហិង្សា និង​ការទប់ស្កាត់​ការរំលោភបំពាន​ផ្លូវភេទ​លើ​ស្ត្រី ព្រមទាំង​បង្កើន​កាលានុវត្តភាព​នានា ដល់​ស្ត្រី​ក្នុង​គោលដៅ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព​។ នេះ​បើ​យោងតាម​សុន្ទរកថា​បិទ​វេទិការ​ជាតិ​ស្ដីពី​ស្ត្រី​ជា​ថ្នាក់ដឹកនាំ​ក្នុង​វិស័យ​សាធារណៈ និង​នយោបាយ កាលពី​ថ្ងៃ​១៥ ខែធ្នូ​ឆ្នាំ​២០១៥​។​


Tag:
 កង្វះ​ថវិកា
© រក្សាសិទ្ធិដោយ thmeythmey.com