ជាតិ
វីរុស​ZIKA៖​ក្រសួង​អំពាវនាវ​ឲ្យ​អ្នកធ្វើដំណើរ​ពី​តំបន់​អាហ្វ្រិក និង​អាមេរិក ពិនិត្យ​សុខភាព​
29, Jan 2016 , 9:59 pm        
រូបភាព
​ខណៈដែល​តំបន់​អាហ្វ្រិក និង​អាមេរិក​ខាងត្បូង កំពុង​ផ្ទុះឡើង​នូវ​វីរុស ZIKA ដែល​បាន​ចម្លង​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​នោះ ក្រសួងសុខាភិបាល បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ឬ អ្នកដំណើរ​ដែល​ឆ្លងកាត់​តំបន់​អាហ្វ្រិក និង​អាមេរិក​ខាងត្បូង ដែល​បាន​ចូលមក​ប្រទេស​កម្ពុជា ទៅពិនិត្យ​សុខភាព​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បង្កា​កុំ​ឲ្យ​ចម្លងជំងឺ​វីរុស​ZIKA នៅ​កម្ពុជា​។​



​អនុប្រធាននាយកដ្ឋាន​ប្រយុទ្ធ នឹង​ជំងឺឆ្លង និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួងសុខាភិបាល លោក លី សុវណ្ណ បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ នៅក្នុង​ប្រទេស​កម្ពុជា មិនទាន់មាន​ជំងឺ​វីរុស ZIKA ធ្ងន់ធ្ងរ ដូច​ប្រទេស​នៅ​តំបន់​អា​ហ្វ្រិ​ច និង​តំបន់​អាមេរិក​ខាងត្បូង​នៅឡើយ​ទេ​។ លោក​ថា បើទោះជា​ប្រទេស​កម្ពុជា នៅ​ឆ្ងាយ​ពី​តំបន់​អា​ហ្វ្រិ​ច និង​អាមេរិក​ខាងត្បូង​ក៏ដោយ តែ​លោក​ស្នើ​ឲ្យ​អ្នកធ្វើដំណើរ​ឆ្លងកាត់​តំបន់​នេះ រូ​ច​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ គួរ​គប្បី​ទៅ​ពិគ្រោះ​យោបល់ និង​ពិនិត្យ​សុខភាព​ខ្លួន បើសិន​ជាមាន​អា​ការៈមិន​ស្រួលខ្លួន​ខុសពី​ធម្មតា​។​

​ក្រោយ​ការដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​បច្ចេកវិទ្យា​ឌីជីថល និង​ប្រព័ន្ធ តាមដាន​បែប​ចូលរួម​ជា សាធារណ​: ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺឆ្លង​រាតត្បាត​នៅ​កម្ពុជា នៅ​ព្រឹក​នេះ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ប្រសិនបើ​អ្នក​ធ្លាប់មាន​ប្រវត្តិ​ធ្វើដំណើរ​មកពី​តំបន់​អា​ហ្វ្រិ​ច និង​អាមេរិក​ខាងត្បូង​នេះ បើសិនជា​គាត់​មាន​រោគសញ្ញា​(​វីរុស ZIKA) គាត់​ទៅ​ទីនោះ​ក្ដី ឆ្លងកាត់​ក្ដី ពេលធ្វើ​ដំណើរ​មកដល់​ស្រុក​ខ្មែរ បើ​មាន​រោគសញ្ញា​ដូចជា​គ្រុនក្តៅ ឈឺក្បាល ក្រហម​ភ្នែក សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាបន្ទាន់ នៅ​មន្ទី​ពិសោធន៍ វិទ្យាស្ថាន​ប៉ាស្ទ័រ ទាំង​ជំងឺ​MERS​ជាដើម​»​។​

​ជំងឺ​ដែល​បង្ករ​ដោយ​វីរុស Zika នេះ​មាន​រោគសញ្ញា ដូចជា គ្រុនក្ដៅ​ស្រាល ឈឺក្បាល កន្ទួល​ក្រហម​លើ​ស្បែក ក្រហម​ភ្នែក ឈឺសន្លាក់ ហើយ​ភាគច្រើន​ជា​វិញ​ពី​២​ទៅ​៧​ថ្ងៃ​។ សម្រាប់​អត្រា​ស្លាប់​ដែល​បណ្ដាល​ដោយ​ជំងឺ​នេះ​មាន​កម្រិត​តិចតួច ប៉ុន្តែ​វីរុស​នេះ​អាច​វិវត្តន៍​ទៅជា​ទន់​ដៃជើង ទារក​អាច​ស្លាប់​ក្នុង​ផ្ទៃ​ម្ដាយ និង​ក្បាល​ទារក​តូច​ជាដើម​។ វីរុស​នេះ ក៏​មិនទាន់មាន​ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង​សម្រាប់​ការពារ​នៅឡើយ​នោះទេ​។ ចំណែក​ការព្យាបាល គឺត្រូវធ្វើ​តាម​ការគាំទ្រ​វេជ្ជសាស្ត្រ​។ ដើម្បី​បង្ការ​ជំងឺ​នេះ គឺ​ត្រូវ​បំផ្លាញ​ជំរក​មូល និង​ការពារ​កុំ​ឲ្យ​មូស​ខ្លាខាំ​។​

​នៅ​ឆ្នាំ​២០១០ វីរុស Zika ត្រូវបាន​រកឃើញ​នៅ​កម្ពុជា និង​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៤ រកឃើញ​នៅក្នុង​ប្រទេស​ថៃ​តែ​ត្រូវបានធ្វើ​ការទប់ស្កាត់​ទាន់ពេល​បាន​មួយចំនួន​។ ចំណែក​ខែមករា ឆ្នាំ​២០១៦ ជំងឺ​នេះ​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ប្រទេស​តៃវ៉ាន​។​

​គួ​បញ្ជាក់ថា វីរុស នេះ​រកឃើញ​ដំបូង​នៅលើ​សត្វ​ស្វា​ក្នុង​ឆ្នាំ​១៩៤៧ និង​លើ​មនុស្ស ក្នុង​ឆ្នាំ​១៩៥២ នៅ​ប្រទេស Uganda នៃ​ទ្វីបអាហ្វ្រិក​។ វីរុស​Zika រាតត្បាត​ខ្លាំង​ឡើង​បន្ទាប់ពី​ការទា​ត់បាល់​ពិភពលោក​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ឆ្នាំ​២០១៤ ហើយ​ធ្លាប់បាន​ផ្ទុះឡើង​នៅ​ទ្វីបអាហ្វ្រិក អាមេរិក និង អាស៊ី​ប៉ាស៊ីហ្វិក​ផងដែរ​៕


Tag:
 ​សុខាភិបាល​
  Zika
© រក្សាសិទ្ធិដោយ thmeythmey.com