ជាតិ
សង្គមជាតិ
ជប៉ុន​នឹង​ផ្តល់​រថយន្តក្រុង​ចំនួន ១៨០ដល់​កម្ពុជា ដើម្បី​ពង្រឹង​សេវា​ដឹកជញ្ជូន​សាធារណៈក្នុងរាជធានី
29, Jan 2016 , 6:47 pm        
រូបភាព
រូបថតទំព័រហ្វេសប៊ុកសាលារាជធានីភ្នំពេញ
រូបថតទំព័រហ្វេសប៊ុកសាលារាជធានីភ្នំពេញ
ដោយ: ថ្មីៗ
ភ្នំពេញ៖ រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​អន្តរជាតិ​ជប៉ុន (JICA) នឹង​ផ្តល់​រថយន្តក្រុង​ចំនួន ១៨០គ្រឿង ដែល​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ដល់​កម្ពុជា ដើម្បី​ពង្រឹងសមត្ថភាព​សេវា​ដឹកជញ្ជូន​សាធារណៈ និង​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ។



JICA ប្រកាស​បែ​បនេះ ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ពិភាក្សា​ស្តីពី ការសិក្សា​អង្កេត​បឋម​សម្រាប់គម្រោង​ពង្រឹងសមត្ថភាព​សេវា​ដឹកជញ្ជូន​សាធារណៈ តាមរយៈ​រថយន្តក្រុងជាមួយ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៦។

សាលា​រាជធានី​ភ្នំពេញ និង​ទីភ្នាក់ងារ JICA បាន​ផ្តោតការសិក្សាលើ​ចំណុច​សំខាន់​ចំនួន ៤ តាមរយៈ​គម្រោង​ព​ង្រឹ​ក​សមត្ថភាព សេវា​ដឹកជញ្ជូន​សាធារណៈ ក្នុងនោះ រួមមាន ទី១, ការសិក្សា​តំបន់​ខ្សែ​រត់​រថយន្តក្រុង​ដែលមាន​កម្មករ សិស្ស និស្សិត អ្នកធ្វើការ និង​អាជីវករ ទី២, ចំនួន និង​ប្រភេទ​រថយន្ត​ដែល​ធានាបាន​ឲ្យ​សមស្របទៅនឹង​ចំនួន​មនុស្ស​ទីកន្លែង និង​ផ្លូវ​ដែល​រថយន្ត​ចល័ត​ទៅមក ទី៣, ការសិក្សា​ពី​ចំណតរថយន្ត​ក្នុង​ក្រុង​ហើយភ្ជាប់​ទៅនឹង​ចំណតរថយន្ត​ដែល​មកពីតាម​បណ្តា​ខេត្ត និង​ទី៤ ការងារ​គ្រប់គ្រង​ទាំង​បុគ្គលិក និង​រថយន្ត។

លោក គែន​ជី មុ​រ៉ា​តា ប្រធាន​ក្រុម​សិក្សា​គម្រោង​ JICA ជឿជាក់ថា មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​ដែល​ធ្វើដំណើរ​រួមគ្នា​នេះ នឹង​ក្លាយជា​យន្តការ​កាត់បន្ថយ​ការធ្វើដំណើរ​តាម​យានយន្ត​ឯកជន ដែលនាំឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​កើតឡើង។ លោក​សន្យាថា JICA នឹង​ខិតខំ​ព​ន្លឿ​ន​ការសិក្សា​ឱ្យ​ចប់​រួចរាល់ នៅពេល​ឆាប់​ខាងមុខ។

បើតាម​ផែនការ​ឆ្នាំ២០១៦ របស់​សាលា​រាជធានី​ភ្នំពេញ  សាលា​រាជធានី​នឹង​ដំណើរការ​ប្រព័ន្ធ​ឆូត​កាត​អេ​ឡិច​ត្រូ​និ​ច នៅពេល​ឡើង​ជិះ​រថយន្ត​ផងដែរ ដើម្បី​កាត់បន្ថយ​ចំនួន​បុគ្គលិក និងទូទាត់​ថ្លៃ​​មិនយកសេវា​ធ្វើដំណើរ​ពីសិស្ស ព្រះសង្ឃ ជនពិការ និង​ចាស់ជរា។ បើតាម​ការវាយតម្លៃ​ពី​ប៉ះពាល់​ជាបឋម​របស់​អ្នកជំនាញ បញ្ហា​កកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​បាន​នាំឱ្យ​ខាតបង់​ថវិកា​ជាង ៦លាន​ដុល្លារ​ក្នុងមួយខែៗ។

បច្ចុប្បន្ននេះ សេវា​រថយន្តក្រុង​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន ៣ខ្សែ ក្នុងនោះ ខ្សែរ​ត់ទី១ ចេញពី​ម្តុំ​តំបន់​ឬ​ស្សី​កែវ ត្រង់​គីឡូម៉ែត្រ​លេខ៩ ឆ្ពោះ​ទៅដល់​ក្តី​តា​កុយ តាមផ្លូវ​ជាតិ​លេខ១ ខ្សែ​ទី២ ពី​ផ្សារ​រាត្រីទៅដល់​ក្រុង​តាខ្មៅ ខេត្តកណ្តាល និង​ខ្សែ​ទី៣ ចេញពី​ផ្សារ​ចាស់​ឆ្ពោះទៅ​ផ្លូវ​កម្ពុជា ដល់​រង្វង់​មូល​ចោមចៅ។ ខ្សែ​រថយន្តក្រុង​ទាំង ៣ មាន​ចំណត​សរុប​ចំនួន ១៨៦ ដោយឡែក​រថយន្តក្រុង​មានចំនួន ៤៥គ្រឿង។

បើ​យោងតាម​សិក្សា​របស់​អង្គការ JICA កន្លងមក សាលា​រាជធានី​ភ្នំពេញ​ត្រូវ​ពង្រីក​សេវា​ដឹកជញ្ជូនសាធារណៈ​ចំនួន ១០ខ្សែ រួមទាំង ​ផ្លូវអាកាស​ល្បឿន​លឿន និង​រថភ្លើង​លើអាកាស​ធុន​ស្រាល​ផងដែរ ដើម្បី​អាច​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ក្នុង​រាជធានី៕

ប្រភព៖ ហ្វេសប៊ុកសាលារាជធានីភ្នំពេញ និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)


Tag:
 រថយន្តក្រុង
  ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com