ជាតិ
សង្គមជាតិ
ក្រសួងពាណិជ្ជកម្ម​ចាំ​ទទួល​យោបល់​ស្ថាបនា​ក្រោយ​សន្និបាត​បញ្ញវន្ត​ពិភពលោក​
29, Jan 2016 , 10:44 pm        
រូបភាព
ដោយ:
​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លោក ស៊ុន ចាន់ថុល បាន​ចូលរួម​ថ្លែង​សុន្ទរកថា​ស្វាគមន៍​អ្នកចូលរួម​សន្និបាត​បញ្ញវន្ត​ពិភពលោក (Global Alumni Convention) នៅ​ល្ងាច​ថ្ងៃ ២៩ ខែមករា នៅ​សណ្ឋាគារ Intercontinental ។ នៅក្នុង​ពិធី​នេះ​លោក​រដ្ឋមន្ត្រី  បានប្រកាសថា ក្រសួងពាណិជ្ជកម្ម​នឹង​ទទួលយក​យោបល់​ពី​ក្រុម​បញ្ញវន្ត​ដែល​បាន​ជជែក​គ្នា​នៅក្នុង​សន្និបាត​នេះ​។


 
​ក្រៅតែពី​សោមនស្ស​ចំពោះ​ការរៀបចំ​សន្និបាត​បញ្ញវន្ត​ពិភពលោក (Global Alumni Convention)  លោក ស៊ុន ចាន់ថុល បាន​អះអាងថា ក្រសួងពាណិជ្ជកម្ម​រង់​ចាំ​ទទួលយក​នូវ​ក្តីកង្វល់​ឬ​មតិយោបល់​ដែល​ទាក់ទង​នឹង​ក្រសួងពាណិជ្ជកម្ម​។ លោក​ថា ក្រោយពី​បញ្ចប់​សន្និបាត​បញ្ញវន្ត​ពិភពលោក​នេះ ក្រុម​បញ្ញវន្ត​អាច​បញ្ជូន​យោបល់​ឬ​ក្តីកង្វល់​មក​ក្រសួងពាណិជ្ជកម្ម ដើម្បី​កែតម្រូវ​នូវ​ចំណុច​ខ្វះ​ខាត់​ដែល​ក្រសួង​ក្រោម​ការដឹកនាំ​របស់លោក​មិនបាន​អនុវត្ត​។ 


​សម្រាប់​លោក​រដ្ឋមន្ត្រី សន្និបាត​នេះ អនុញ្ញាត​ឲ្យ​បញ្ញវន្ត​របស់​ខ្មែរ​ដែលមាន​សមត្ថភាព​ជួបគ្នា ចែករំលែក​បទពិសោធ​ន៍​ល្អៗ​ដល់​គ្នា ដើម្បី​អភិវឌ្ឍន៍​ប្រទេស​។ «​បញ្ញវន្ត​ពិភាក្សាគ្នា ដើម្បី​រក​វិធី​ជួយ​ប្រទេស​យើង កសាង​មាតុភូមិ​យើង​ឲ្យ​រីកចម្រើន​។ បញ្ញវន្ត​ត្រូវតែ​ជជែក​គ្នា​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​រដ្ឋមន្ត្រី ទន្ទឹមនឹង​ជំរុញ​ឲ្យ​លោក ម៉ៅ ស្រេង នាយក​ប្រចាំ​ប្រទេស​របស់ IDP Education បន្ត​រៀបចំ​សន្និបាត​នេះ​ជា​រៀងរាល់ឆ្នាំ​។ 


សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​៣០​មករា លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ នឹងធ្វើ​សុន្ទរកថា​បើក​សន្និបាត​នេះ ហើយ​លោក ហ៊ុន ម៉ា​ណែ​ត កូនច្បង​របស់​សម្តេច ហ៊ុន សែន នឹង​ធ្វើជា​វាគ្មិន​ក្នុង​កិច្ចប្រជុំពេញអង្គ​ពិសេស (special plenary session) នៃ​សន្និបាត​បញ្ញវន្ត​ពិភពលោក បន្ទាប់មក​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍ​ជនបទ នឹង​ថ្លែង​សុន្ទរកថា​បិទ​បញ្ចប់​សន្និបាត​នេះ​៕






© រក្សាសិទ្ធិដោយ thmeythmey.com