ជាតិ
គ្រាន់តែគោរពច្បាប់ចរាចរណ៍ បានន័យថាពលរដ្ឋខ្មែរកំពុងផ្សាយល្អពីកម្ពុជា
× ទាក់ទាញវិនិយោគិនបរទេសឲ្យមកដាក់ទុននៅក្នុងប្រទេសកម្ពុជា គឺវាមានការរួមចំណែករបស់ពលរដ្ឋកម្ពុជាម្នាក់ៗដែរ។ នេះជាការអត្ថាធិប្បាយរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅពិធីបើកសន្និបាតបញ្ញវន្តពិភពលោក (Global Alumni Convention) កាលល្ងាចថ្ងៃទី២៩មករាឆ្នាំ២០១៦ នៅសណ្ឋាគារ Intercontinental។
គ្រាន់តែពលរដ្ឋខ្មែរគ្រប់រូបគោរពច្បាប់ចរាចរណ៍ បើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល នោះហើយដែលពលរដ្ឋខ្មែរកំពុងតែផ្សព្វផ្សាយអំពីកម្ពុជាល្អទៅបរទេស។ ក្នុងន័យនេះ ពីវេទិកានៃសន្និបាតបញ្ញវន្តពិភពលោក ដែលលោកបានឡើងថ្លែងជាភាសាអង់គ្លេសស្វាគមន៍អ្នកចូលរួមជាច្រើនរយនាក់នោះ លោករដ្ឋមន្ត្រី បានអំពាវនាវដល់ពលរដ្ឋខ្មែរគ្រប់រូបធ្វើជាអគ្គរាជទូតផ្សព្វផ្សាយពីកម្ពុជា (Branding Ambassador) ដោយគោរពច្បាប់ចរាចរណ៍ ដែលលោកអះអាងថា វាជាច្បាប់គ្រឹះ ឬច្បាប់សាមញ្ញមួយរបស់ប្រទេស។
«អ្នកទាំងអស់គ្នាអាចស្រមៃឃើញទេ ថាតើវិនិយោគិនណាដែលយកលុយរាប់រយលានដុល្លារមកបោះទុននៅក្នុងប្រទេសដែលពលរដ្ឋប្រទេសនោះ មិនគោរពទាំងច្បាប់ចរាចរណ៍ ដែលជាច្បាប់ដ៏សាមញ្ញមួយផងនោះ? បើអ្នកទាំងអស់គ្នាចង់កសាងមុខមាត់ប្រទេសជាតិ គឺវាត្រូវចាប់ផ្តើមពីយើងទាំងអស់គ្នា។ ខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាធ្វើជាអគ្គរាជទូតផ្សព្វផ្សាយម៉ាកកម្ពុជា ហើយយើងអាចធ្វើវាបាន»។ នេះជាការអំពាវនាវរបស់លោក ស៊ុន ចាន់ថុល។
សូមស្តាប់ប្រសាសន៍លោក ស៊ុន ចាន់ថុល ជាភាសាអង់គ្លេស៖
សូមរម្លឹកថា លោកអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងសារទាំងនេះនៅក្នុងសន្និបាតបញ្ញវន្តពិភពលោកដែលបានប្រព្រឹត្តទៅពីល្ងាចថ្ងៃទី២៩ ដល់ថ្ងៃទី៣០មករាឆ្នាំ២០១៦នៅសណ្ឋាគារ Intercontinental។ សន្និបាតបញ្ញវន្តពិភពលោកត្រូវបានរៀបចំដោយ idp education៕
Tag:
ស៊ុន ចាន់ថុល
ពាណិជ្ជកម្ម
idp
© រក្សាសិទ្ធិដោយ thmeythmey.com