ជាតិ
បទវិភាគ
គុណសម្បត្តិ​ហ្វេ​ស​ប៊ុ​ក កំពុង​ក្លាយទៅជា​គុណវិបត្តិ​វិញ​នៅ​កម្ពុជា​…
30, Jan 2016 , 5:59 pm        
រូបភាព
​ភ្នំពេញ​៖ យុវជន​ខ្មែរ និង​មនុ​ស្សវ័យ​ចំណាស់​ច្រើន​ម៉ឺន​សែន​នាក់​បាន និង​កំពុង​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​។ ការប្រើប្រាស់​បណ្តាញ​សង្គម​មួយ​នេះ អាច​ផ្តល់​ផលប្រយោជន៍​ច្រើន​។ ប៉ុន្តែ​វា​ក៏​ផ្តល់​គុណវិបត្តិ​ច្រើន​ដែរ ប្រសិនបើ​អ្នក​ប្រើ ប្រើប្រាស់​មិន​ចំ​ទិសដៅ​។ បុគ្គលិក​ក្រុមហ៊ុន អង្គការ និង​រដ្ឋ​មួយចំនួន​ដែល​គិតតែ​ពី​លេង​ហ្វេ​ស​ប៊ុ​ក​ក្នុង​ម៉ោង​ធ្វើការ ជំរុញ​ឲ្យ​ផលិតភាព​ការងារ​ធ្លាក់ចុះ​។ តើ​ទង្វើ​នេះ​ធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​ផ្នែក​សេដ្ឋកិច្ច​មែន​ឬទេ​?



​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ត្រូវបាន​គេ​បង្កើតឡើង​នៅ​ឆ្នាំ​២០០៤​នៅ​សហរដ្ឋអាមេរិក​ដោយ​ជនជាតិ​អាមេរិកកាំង​។ បន្ទាប់មក​បណ្តាញ​សង្គម​មួយ​នេះ​ចេះតែ​រីកសាយ​ភាយ​និង​មាន​ប្រជាប្រិយភាព​បន្តិច​ម្តងៗ​នៅលើ​ពិភពលោក ជាពិសេស នៅក្នុង​ប្រទេស​ជឿនលឿន​។
​ចំពោះ​ប្រទេស​កម្ពុជា​វិញ ហ្វេ​ស​ប៊ុ​កបាន​ចូលមក​ប្រហែល​ក្នុង​ឆ្នាំ​២០០៦​។ ប៉ុន្តែ​វា​មាន​ភាពល្បីល្បាញ​និង​ទាក់ទាញ​យុវជន​ខ្មែរ​ខ្លាំង​កាលពី​ឆ្នាំ​២០១៣​កន្លងមក និង​បន្ត​មកទៀត មនុស្ស​វ័យ​ចំណាស់​ក៏​ចាប់ផ្តើម​ប្រើប្រាស់​វា​ដូច​យុវវ័យ​ដែរ​។

​រហូតមកដល់​សព្វថ្ងៃ​នេះ គេ​មិនទាន់មាន​តួលេខ​បញ្ជាក់​ច្បាស់លាស់​ពី​ចំនួន​ប្រជាជន​ខ្មែរ​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​បើ​យោងតាម​ការប៉ាន់ស្មាន​មួយចំនួន ប្រជាជន​ខ្មែរ​នៅក្នុង និង​ក្រៅប្រទេស ជាពិសេស យុវជន​-​យុវនារី មិនតិចជាង​១​លាន​នាក់​ទេ​ដែល​បាននិងកំពុង​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​។ តែបើ​គេ​គិតពី​អ្នកប្រើប្រាស់​ជា​អចិន្ត្រៃយ៍​វិញ ចំនួន​អាចមាន​តិចជាង​កន្លះ​លាន​នាក់​។

​តើ​ការប្រើប្រាស់​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ផ្តល់​គុណសម្បត្តិ និង​គុណវិបត្តិ​យ៉ាងណាខ្លះ​ដល់​សង្គម​?

​ប្រសិនបើ​គេ​គិតពី​គោល​គំនិត​ដើម​របស់​អ្នកបង្កើត​ហ្វេ​ស​ប៊ុ​ក​, ហ្វេ​ស​ប៊ុ​កមាន​ប្រយោជន៍​ច្រើន​រាប់មិនអស់​។ ហ្វេ​ស​ប៊ុ​ក គឺជា​បណ្តាញ​សង្គម​ដ៏​មាន​ប្រសិទ្ធិភាព​ដែល​អនុញ្ញាតអោយ​មនុស្ស​ទាំងអស់​នៅលើ​ពិភពលោក​អាច​ទំនាក់ទំនង​គ្នា​បាន​។ អ្វីដែល​ហ្វេ​ស​ប៊ុ​កមាន​លក្ខណៈពិសេស​លើសពី​អ៊ីមែល​គឺ​នៅត្រង់ថា ហ្វេ​ស​ប៊ុ​ក​អនុញ្ញាតអោយ​មនុស្ស​ច្រើន​ពាន់​ម៉ឺន​នាក់​អាច​ចែករំលែក​ព័ត៌មាន​គ្នា​បាន​ក្នុងពេល​ដ៏​ខ្លី​បំផុត​។ ម្យ៉ាងវិញទៀត អ្នកលេង​ហ្វេ​ស​ប៊ុ​ក​អាច​ជជែក​គ្នា​បាន​ភ្លាមៗ​ជាមួយ​មនុស្ស​ច្រើន​នាក់​ផ្សេងទៀត​ក្នុងពេល​តែមួយ​។ អ្នកខ្លះ Chat ជាមួយ​មិត្តភក្តិ​បី បួន ប្រាំ​នាក់​ព្រម​ពេល​ជាមួយគ្នា​។ អ្នកខ្លះ​អត់បាយ​អត់​ទឹក​ដោយសារតែ​ការ Chat ជាមួយគ្នា​ទៅវិញទៅមក​។

​ក្រៅពី​ការចែករម្លែក​ព័ត៌មាន​អោយ​គ្នា​ទៅវិញទៅមក ហ្វេ​ស​ប៊ុ​ក​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ដែល​ខ្លួន​មាន​។ ជា​រៀងរាល់ថ្ងៃ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន តែងតែ​ឆ្លៀត​យក​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដើម្បី​បង្ហាញ​ផលិតផល​នេះ​ឬ​ផលិតផល​នោះ​ទៅកាន់​មិត្តភក្តិ​របស់គេ​។ ផលប្រយោជន៍​ខ្លាំង​របស់​ហ្វេ​ស​ប៊ុ​ក​ក្នុងការ​ផ្សាយពាណិជ្ជកម្ម គឺជា​ការផ្សព្វផ្សាយ​ដោយ​មិន​បង់​ប្រាក់កាស​ច្រើន​ដូច​កា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅតាម​ទូរទស្សន៍ ឬ​វិទ្យុ​។ មនុស្ស​ម្នាក់ៗ​អាច​ផ្សព្វផ្សាយ​នូវ​ផលិតផល​អ្វីដែល​លោកអ្នក​មាន​។ 

​ដោយ​មិន​និយាយ​ពី​គោលដៅ​ពាណិជ្ជកម្ម អ្នកខ្លះ​ចាត់ទុក​ហ្វេ​ស​ប៊ុ​កថា ជា​មិត្តភក្តិ​ដ៏​ល្អ​ដែល​មិនអាច​អត់​បានឡើយ​។ ពួកគេ​ចាត់ទុក​ហ្វេ​ស​ប៊ុ​ក​ជា​មិត្តភក្តិ​ពីព្រោះ​ហ្វេ​ស​ប៊ុ​ក​អាចជួយ​កែ​អផ្សុក​គេ​បាន​។ អ្នក​ខ្លះទៀត​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ភ្ជាប់​ស្នេហ៍​។

​ក្រៅពី​បញ្ហា​សង្គម​, អ្នកនយោបាយ និង​សកម្មជន​នយោបាយ​ខ្មែរ​ជាច្រើន​ចាប់ផ្តើម​ប្រើប្រាស់​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ដើម្បី​បង្ហាញ​មនោគមន៍វិជ្ជា​របស់ខ្លួន​ដើម្បី​ទាក់ទាញ​អ្នកគាំទ្រ​។ ជាក់ស្តែង សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ឯកឧត្តម សម រង្ស៊ី បាន និង​កំពុង​ប្រើប្រាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដើម្បី​បង្ហាញ​ជំហរ​នយោបាយ​របស់​ពួកគេ​។ ការប្រើប្រាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​បុគ្គល​សំខាន់​ទាំងពីរ​នាក់​នេះ ត្រូវបាន​គេ​មើលឃើញថា ពួកគេ​ត្រៀម​ទាញ​ប្រជាប្រិយភាព​ពី​យុវជន និង​បញ្ញវន្ត​។ យុវជន និង​បញ្ញវន្ត គឺជា​បុគ្គល​សំខាន់​ដែល​អាចជួយ​ទាក់ទាញ​អ្នកបោះឆ្នោត​ផ្សេងទៀត​ឲ្យ​គិត​ដូច​ខ្លួន​។ ដូច្នេះ ការចាប់​បេះដូង​យុវជន និង​បញ្ញវន្ត​បាន វា​មានន័យថា អ្នកនយោបាយ​អាច​ចាប់​បេះដូង​អ្នកបោះឆ្នោត​មួយចំនួន​ផ្សេងទៀត​បាន បើទោះបីជា​អ្នកផ្សេង​គ្មាន​ស្មា​ត​ហ្វូ​ន និង​មិនចេះ​ប្រើប្រាស់​បណ្តាញ​សង្គម​ក៏ដោយ​ក្តី​។

​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ត្រូវបាន​គេ​គិតថា វា​នឹង​ក្លាយទៅជា​ឧបករណ៍​ឃោសនា​នយោបាយ​ដ៏​មាន​ឥទ្ធិពល​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ និង​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨ នៅក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​ខាងមុខនេះ ពីព្រោះ អ្នកគាំទ្រ​នយោបាយ​មួយចំនួនធំ​លែង​សូវ​មាន​ទំនុកចិត្ត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​លម្អៀង​ដែល​គាំទ្រ​គណបក្សកាន់អំណាច និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គាំទ្រ​គណបក្សប្រឆាំង​។

​អ្នកវិភាគ​សង្គម​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​តាមដាន​ស្ថានការណ៍​កម្ពុជា​តាំងពី​ដើមឆ្នាំ​៩០​មក បាន​អត្ថាធិប្បាយ​ថា ហ្វេ​ស​ប៊ុ​កមាន​គុណសម្បត្តិ​ច្រើន​មែន​។ ប៉ុន្តែ​ហ្វេ​ស​ប៊ុ​ក​ក៏មាន​គុណវិបត្តិ​របស់​វា​ដែរ ប្រសិនបើ​អ្នកប្រើប្រាស់ ប្រើ​ខុស​គោលដៅ​របស់​វា​នោះ​។ បើ​និយាយ​អោយ​ជាក់ស្តែង​តែម្តងទៅ ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​មិនមាន​គុណវិបត្តិ​អ្វី​ទេ​។ គុណវិបត្តិ​ទាំង​អម្បាលម៉ាន​ដែល​បាន​រៀបរាប់​ខាងលើ​គឺ​បណ្តាលមកពី​អ្នកប្រើប្រាស់​ទាំងអស់​។

​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ញៀន​នឹង​ហ្វេ​ស​ប៊ុ​ក​នោះបាន​ចំណាយពេល​យ៉ាងច្រើន​ជាមួយ​បណ្តាញ​សង្គម​មួយ​នេះ​។ អ្នកខ្លះ​ញៀន​លេង​រហូតដល់​ទៅ​ភ្លេច​បាយ​ភ្លេច​ទឹក ភ្លេច​រៀន​ភ្លេច​សូត្រ​ឬ​ភ្លេច​ការងារ​ក៏មានដែរ​។ យុវជន​ខ្លះ​អង្គុយ​នៅមុខ​កុំព្យូទ័រ​ទំនង​ដូចជា​ធ្វើ​កិច្ចការ​គ្រូ​ដាក់អោយ​ឬ​ទំនងជា​ធ្វើ​កិច្ចការ​របស់​ស្ថាប័ន​អ៊ីចឹង​។ តាមពិត ពួកគេ​លេង​ហ្វេ​ស​ប៊ុ​ក​ច្រើនជាង​ធ្វើ​កិច្ចការ​សម្រាប់​ក្រុមហ៊ុន និង​ស្ថាប័នរដ្ឋ​ទៅទៀត​។ 

​ស្ថានភាព​ជាក់ស្តែង​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ​បានបង្ហាញ​អោយឃើញថា មិនមែន​តែ​យុវជន​ទេ​ដែល​ប្រើប្រាស់​ខុស​ទិសដៅ​នោះ​។ តាមពិត មន្ត្រីរាជការ បុគ្គលិក​ក្រុមហ៊ុន និង​បុគ្គលិក​អង្គការ​មួយចំនួន​បាននិងកំពុង​វក់វី​នឹង​ការប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ខុស​ទិសដៅ​។ បុគ្គលិក​រដ្ឋ ក្រុមហ៊ុន​និង​អង្គការ​ខ្លះ​ធ្វើការ​ផង​លេង​ហ្វេ​ស​ប៊ុ​ក​ព្រម​ពេល​ជាមួយគ្នា​។ បុគ្គលិក​ខ្លះទៀត លេង​ហ្វេ​ស​ប៊ុ​ក​ច្រើនជាង​ធ្វើការ មានន័យថា ពួកគេ​អង្គុយ​នៅមុខ​កំ​ព្យូ​ទ័​រ​មែន ប៉ុន្តែ​ពួកគេ​គិតតែ​ពី​ជជែក​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​។ ពេលខ្លះ ក្រៅពី​ជជែក​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក ពួកគេ​មួយចំនួន​គិតតែ​ពី​ឆែក​មើល​ព័ត៌មាន​ស្ទើរ​រាល់​ម៉ោង​។ និន្នាការ​អាក្រក់​នេះ​បាននិងកំពុង​កើតមាន​កាន់តែ​ច្រើនឡើងៗ​ពី​ពេល​មួយ​ទៅ​ពេល​មួយ​។

​ដោយសារតែ​មើលឃើញ​ទម្លាប់​អាក្រក់​កើតមាន​កាន់តែច្រើន​ទើប​ស្ថាប័ន ឯកជន​មួយចំនួន​ចាប់ផ្តើម មាន​វិធានការណ៍​ហាមឃាត់​មិនអោយ​បុគ្គលិក​របស់ខ្លួន​លេង​ហ្វេ​ស​ប៊ុ​ក​នៅក្នុង​ម៉ោង​ធ្វើការ​។ ក្រៅ​ម៉ោង​ធ្វើការ​ទើប​បុគ្គលិក​មាន​សិទ្ធិ​លេង​ហ្វេ​ស​ប៊ុ​កបាន​។​

​អ្នកវិភាគ​សង្គម​នយោបាយ​បាន​ទាញ​សញ្ញា​អាសន្ន​ថា ប្រសិនបើ​បុគ្គលិក មិន​ថា បុគ្គលិក​រដ្ឋ ឯកជន ឬ​អង្គការ​នោះទេ​គិតតែ​ពី​លេង​ហ្វេ​ស​ប៊ុ​ក​ឬ​លេង​ផង​និង​ធ្វើការ​ផង​នោះ ពេលនោះ​ផលិតភាព និង​ប្រសិទ្ធិភាព​ការងា​សម្រាប់​ស្ថាប័ន​នឹងត្រូវ​កាត់បន្ថយ​។ ប្រសិនបើ​ស្ថាប័ន​បាត់បង់​ផលិតភាព​កាន់តែ​ខ្ពស់ ពេលនោះ ស្ថាប័ន​នោះ​អាច​ក្ស័យធន​។ នៅពេលដែល​ស្ថាប័ន​ក្ស័យធន បុគ្គលិក​ប្រឈម​នឹង​ភាព​គ្មាន​ការងារ​ធ្វើ​។

​បញ្ហា​មួយទៀត​ដែល​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​កំពុងតែ​ប្រឈម​ដែរនោះ គឺ​ទោសទណ្ឌ​បរិហាកេរ្តិ៍​។ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​បាន​យក​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ជេរ​គេ​ជេរ​ឯង ចោទប្រកាន់​គេ​ខុស​ការពិត ហើយ​ជា​លទ្ធផល​មកវិញ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​នោះ ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​បរិហាកេរ្តិ៍​៕


Tag:
 សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com