ជាតិ
លោក ហោ ណាំហុង ប្រាប់​ឲ្យ មន្ត្រី​ទូត​នៅក្រៅ​ប្រទេស តាមដាន​ហ្វេ​ស​ប៊ុ​ក​នាយករដ្ឋមន្ត្រី​
30, Jan 2016 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ការតាមដាន​ស្ថានការណ៍​នៅ​កម្ពុជា គឺ​ស្ថិតនៅក្នុង​ការងារ​ជា​អាទិភាព​មួយ​របស់ ឯកអគ្គរាជទូត​/​អគ្គ​កុងស៊ុល​កម្ពុជា​ទាំងអស់​ប្រចាំ​នៅក្រៅ​ប្រទេស​។ នៅក្នុង​កិច្ច​ជុំ​ជាមួយ ឯកអគ្គរាជទូត​/​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅក្រៅ​ប្រទេស នៅ​ព្រឹក​ថ្ងៃទី​៣០​ខែមករា លោក ហោ ណាំហុង បាន​ណែនាំ​ឲ្យ ឯកអគ្គរាជទូត​/​អគ្គ​កុងស៊ុល​កម្ពុជា​ទាំងអស់​ប្រចាំ​នៅក្រៅ​ប្រទេស យកចិត្តទុកដាក់​តាម​ដាន​សភាពការណ៍​នៅក្នុង​ប្រទេស ពិសេស​គឺ​ហ្វេ​ក​ប៊ុ​ក​( Facebook) និង គេហទំព័រ​(Website) របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី​ហ៊ុន សែន និង ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​រៀងរាល់ថ្ងៃ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​។



​ក្រៅពីនេះ នៅមាន​កិច្ច​កិច្ចការងារ​ជាច្រើន​ទៀត ដែល​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ណែនាំ​ដល់​ឯកអគ្គរាជទូត និង​អគ្គ​កុងស៊ុល​ប្រចាំ​នៅក្រៅ​ប្រទេស ឲ្យ​យកចិត្តទុកដាក់ និង​ពង្រឹង​ន្ថែ​ម ក្នុង​ង​នោះ​រួមមាន​៖

- ការតាមដាន​រាល់​ការផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​កម្ពុជា របស់​ប្រព័ន្ធ​ឃោសនា​ជាតិ

- បន្តធ្វើ​ការផ្សព្វផ្សាយ​ពី​ការរីកចម្រើន​លើ​គ្រប់​វិស័យ ក្នុង​កិច្ចអភិវឌ្ឍន៍​ប្រទេស​។

- យកចិត្តទុកដាក់​ការពារ និង​ជួយ​ដោះស្រាយ​រាល់​បញ្ហា​របស់​ពលករ ពល​ការិនី​ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​នៅ​ប្រទេស​ថៃ សាធារណៈរដ្ឋ​កូរ៉េ និង​បញ្ហា​ស្ត្រី​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ចិន ឥណ្ឌូណេស៊ី​ជាដើម​។

- បន្ត​ស្វែងរក​អាហារូបករណ៍​សម្រាប់​និស្សិត​កម្ពុជា និង​យកចិត្តទុកដាក់ ដោះស្រាយ​រាល់​បញ្ហា​របស់​និស្សិត​ដែល​កំពុង​សិក្សា ក៏ដូចជា​និស្សិត​ដែលជា​ពលរដ្ឋ​ខ្មែរ​កំពុង​រស់នៅ​ក្នុងប្រទេស​តាំងនៅ ដូចជា​នៅ​ប្រទេស​បារាំង បណ្តា​ប្រទេស​សមាជិក​EU សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី នូ​វែ​ល​ហ្សេ​ឡង់​។​ល​។

- យកចិត្តទុកដាក់​ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅក្នុង​ប្រទេស​តាំងនៅ ទោះ​ជាមាន​សញ្ជាតិ​បរទេស​ក៏ដោយ ហើយ​រាល់​ការចេញលិខិត​បញ្ជាក់​ផ្សេងៗ និង​ការផ្តល់សេវា​កុងស៊ុល ត្រូវធ្វើ​ដោយ​ឥតគិតថ្លៃ និង​ឆាប់រហ័ស​ទាន់ពេលវេលា​។​

​ក្រៅពីនេះ លោក ហោ ណាំហុង ក៏បាន​ប្រាប់​ឲ្យ​ឯកអគ្គរាជទូត​/​អគ្គ​កុងស៊ុល​កម្ពុជា​ទាំងអស់ យកចិត្តទុកដាក់​ចំពោះ​ការជំរុញ​កំណើន​ភ្ញៀវទេសចរ និង​វិនិយោគិន​បរទេស តាមរយៈ​ការផ្តល់​ទិដ្ឋាការ​ចូលមក​កម្ពុជា ឲ្យ​បាន​ឆាប់រហ័ស និង​ចៀសវាង​ការយក​តម្លៃ​លើសពី​ការកំណត់​របស់​រដ្ឋ ព្រមទាំង​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​ពី​កត្តា​អនុគ្រោះ​សម្រាប់​ការវិនិយោគ​នៅ​កម្ពុជា​៕


Tag:
 ហោ ណាំហុង​
© រក្សាសិទ្ធិដោយ thmeythmey.com