ជាតិ
ខុមហ្វ្រែល​៖ ពលរដ្ឋ​ភាគច្រើន​មិន​ពេញចិត្ត ការអនុវត្ត​របស់រ​ដ្ឋា​ភិ​បាល​ក្នុង​ឆ្នាំ​២០១៥
30, Jan 2016 , 8:19 pm        
រូបភាព
​គណៈកម្មាធិការ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្ដិធម៌ (​ខុមហ្វ្រែល​) បានរៀបចំ​វេទិកា​ម្ចាស់ឆ្នោត​ស្តីពី​ការផ្តល់​ពិន្ទុ​លើ​លទ្ធផល​នៃ​ការបំពេញ និង​អនុវត្ត​គោលនយោបាយ របស់​រដ្ឋាភិបាល​អាណ​ត្តិ​ទី​៥ នា​ឆ្នាំ​ទី​២​។ វេទិកា​នេះ​ត្រូវបាន​រៀបចំ​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ នាពេល​ព្រឹក​ថ្ង​ទី ៣០ មករា​នេះ​។ ភាគច្រើន​នៃ​អ្នកចូលរួម​ក្នុង​កម្មវិធី​នេះ បាន​បោះឆ្នោត​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ការអនុវត្ត​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ក្នុង​ឆ្នាំ​២០១៥ ។



​វត្តមាន​នៃ​អ្នកចូលរួម​ក្នុង​កម្មវិធី​នេះ មាន​ចំនួន​ជិត​២០០​នាក់ ដែល​មកពី​ស្ថាប័ន​ផ្សេងៗ ដូចជា តំណាងរាស្ត្រ មន្ត្រី​រដ្ឋាភិបាល ក្រុម​សង្គម​ស៊ីវិល​មួយចំនួន និង​និស្សិត​តាម​សាកលវិទ្យាល័យ ដើម្បី​វាយតម្លៃ​លទ្ធផល​នៃ​ការបំពេញ​និង​ការអនុវត្ត​គោលនយោបាយ របស់​រាជរដ្ឋាភិបាល តាមរយៈ​ការបោះឆ្នោត​។ គោលនយោបាយ​ជាច្រើន​វិស័យ ត្រូវបាន​លើក​មក​វាយតម្លៃ​និង​ផ្តល់​ពិន្ទុ​ក្នុង​វេទិកា​នេះ ដូចជា ការពារជាតិ និង​សន្តិសុខ​ជាតិ​, រដ្ឋបាល​សាធារណៈ​, ការគ្រប់គ្រង​ដីធ្លី​, វិស័យ​កសិកម្ម​, វិស័យ​អប់រំ និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​, ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​, ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​, ការគ្រប់គ្រង​ធនធានទឹក​, ការគ្រប់គ្រង​ថាមពល​, និង​វិស័យ​សុខាភិបាល ជាដើម​។​

​ជា​លទ្ធផល ប្រជាពលរដ្ឋ​ចំនួន​៦២​នាក់ ក្នុងចំណោម​១៥៤​នាក់ (៤០.៣ ភាគរយ​) បាន​បោះឆ្នោត​សម្តែង​ការមិន​ពេញចិត្ត​ទាល់តែសោះ ខណៈដែល​ពលរដ្ឋ​ចំនួន​៦០​នាក់ (៣៩ ភាគរយ​) បាន​បោះឆ្នោត​សម្តែង​ការពេញចិត្ត​ខ្លះ ចំពោះ​ការបំពេញ​និង​អនុវត្ត​គោលនយោបាយ​ខាងលើ របស់​រដ្ឋាភិបាល​អាណ​ត្តិ​ទី​៥ នា​ឆ្នាំ​២០១៥​កន្លងមក​។



​ចំណែកឯ ពលរដ្ឋ​១៩​នាក់​ផ្សេងទៀត (១២.៣ ភាគរយ​) បោះឆ្នោត​សម្តែង​ការពេញចិត្ត​មធ្យម ហើយ​មានតែ ៦​នាក់ ប៉ុណ្ណោះ (៣.៩ ភាគរយ​)  ដែល​បោះឆ្នោត​សម្តែង​ការពេញចិត្ត​ច្រើន និង ៧​នាក់ (៤.៥ ភាគរយ​) បោះឆ្នោត​សម្តែង​ការពេញចិត្ត​ទាំងស្រុង​។​

​អ្វីដែល​គួរ​ឲ្យ​គត់​សម្គាល់​នោះ គឺ​វិស័យ​សុខាភិបាល ទទួល​ការមិន​ពេញចិត្ត​ធ្ងន់ធ្ងរ​ជាងគេ ដែល​ប្រជាពលរដ្ឋ ៨០ ភាគរយ បាន​បោះឆ្នោត​សម្តែង​ការមិនគាំទ្រ​។ បន្ទាប់ពី​វិស័យ​សុខាភិបាល វិស័យ​ដីធ្លី ធនធានធម្មជាតិ កសិកម្ម ក៏​ទទួលបាន​ការមិន​ពេញចិត្ត​ខ្លាំង​ដែរ ពី​សំណាក់​ប្រជាពលរដ្ឋ​។​

​យ៉ាងណាក៏ដោយ នេះ​គ្រាន់តែ​ជា​លទ្ធផល​ដំបូង ដែល​ប្រារព្ធ​នៅ​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​។ វេទិកា​នេះ នឹងត្រូវ​រៀបចំ​នៅតាម​ខេត្ត​បន្តទៀត ហើយ​ក្រោយពី​បញ្ចប់ អង្គការ​ខុមហ្វ្រែល នឹង​ចេញ​របាយការណ៍​ជា​ផ្លូវការ​មួយ ដើម្បី​បង្ហាញ​ពី​ការពេញចិត្ត​និង​មិន​ពេញចិត្ត​របស់​ពលរដ្ឋ​ម្ចាស់ឆ្នោត  ចំពោះ​ការអនុវត្ត​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ក្នុង​ឆ្នាំ​២០១៥ កន្លងមក​៕


Tag:
 comfrel
  បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com