ជាតិ
បទវិភាគ
«​មើល​ព្រៃ​ទាំងមូល កុំ​មើល​តែ​ឈើ​មួយ​ដើម​» ជា​ទស្សនៈ​ខុសឆ្គង​?
30, Jan 2016 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ដើម្បី​ឆ្លើយតប​ទៅ​ក្រុម​អ្នក​រិះគន់ ពេលខ្លះ​មន្ត្រី​រដ្ឋាភិបាល​បាន​លើកយក​ឃ្លា​មួយ​មក​និយាយ​។ «​ចូរ​មើល​ព្រៃ​ទាំងមូល កុំ​មើល​ឈើ​មួយ​ដើម​»​។ តើ​ការឆ្លើយតប​បែបនេះ ជាការ​ត្រឹមត្រូវ​ដែរឬទេ​?



​ទ្រឹស្តី​តក្កវិជ្ជា (logical theory) បានបង្ហាញ​ចំណុច​សំខាន់​ពីរ ដែល​ត្រូវ​លើក​មក​សិក្សា ចំពោះ​ទ្រឹស្តី «​ចូរ​មើល​ព្រៃ​ទាំងមូល កុំ​មើល​ឈើ​មួយ​ដើម​»​។ អនុមាណញែក គឺ​ចេញពី​ភាព​រួម​ទៅ​ភាព​ដោយឡែក​។ ឧទាហរណ៍​៖ មនុស្ស​ទាំងអស់​សុទ្ធតែ​ស្លាប់​។ ពូ​សុខ ជាម​នុស្ស ដូច្នេះ ពូ​សុខ​ក៏​ត្រូវតែ​ស្លាប់​ដែរ​។ ចំណែកឯ​ទ្រឹស្តី​អនុមាណរួម គឺ​ចេញពី​ភាព​ដោយឡែក ទៅជា​ភាព​រួម​។ ឧទាហរណ៍​៖ ពូ​សុខ ជាម​នុស្ស ពូ​សុខ​ត្រូវស្លាប់​។ ពូ​សៅ​ជាម​នុស្ស ពូ​សៅ​ត្រូវស្លាប់​។ ពូ​សាន់ ជាម​នុស្ស ពូ​សាន់​ត្រូវស្លាប់​។ ដូច្នេះ មនុស្ស​ទាំងអស់​សុទ្ធតែ​ត្រូវស្លាប់​ទាំងអស់​។​

​ការវិនិច្ឆ័យ ទាំង​អនុមាណញែក និង​អនុមាណរួម គឺ​សុទ្ធតែ​មិនអាច​ត្រឹម​ត្រូវបាន​មួយ​១០០​ភាគរយ​នោះទេ គឺ​វា​អាស្រ័យ​លើ​កាល​(​ពេលវេលា​) និង​លំហ​(​ទីកន្លែង​)​។ ចំណែកឯ​ការឆ្លើយតប​របស់​មន្ត្រី​រដ្ឋាភិបាល ដែល​តែងតែ​លើកឡើងថា «​ចូរ​មើល​ព្រៃ​ទាំងមូល កុំ​មើល​តែ ឈើ​មួយ​ដើម​»​នោះ គឺជា​ទស្សនៈ​ដែល​មិន​ត្រឹមត្រូវ​ទាំងស្រុង​នោះទេ​។

​ទស្សនៈ​នេះ បានកើត​ចេញពី​ស្ថាបនិក​ទ្រឹស្តី​កុម្មុយនីស្ត លោក កាល់​ម៉ាក្ស (Karl Marx) ដែល​បាន​និយាយ​អំពី ទ្រឹស្តី «​សមូហភាព​និយម​»​។ មនុស្ស​ទាំងអស់ ត្រូវ​គិតពី​សមូហភាព​ជាធំ និង​គិត​អំពី​តម្លៃ​រួម​ជា​ចម្បង​។ ប៉ុន្តែ ការគិត​បែបនេះ បាន​ប្រាស់ចាក​ពី​ច្បាប់ធម្មជាតិ ដែលថា មនុស្ស​គ្រប់រូប ចង់បាន​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន និង​គិតពី​ប្រយោជន៍​ផ្ទាល់ខ្លួន ច្រើនជាង​ប្រយោជន៍​រួម​។

​ទ្រឹស្តី​កុម្មុយនីស្ត​បាន​បរាជ័យ ដោយសារតែ វា​ផ្ទុយ​នឹង​ធម្មជាតិ​មនុស្ស​។ ការបរិភោគ​ស្មើគ្នា ស្លៀកពាក់​ដូចគ្នា រស់នៅ​ផ្ទះ​ដូចគ្នា គឺជា​អ្វីដែល​ផ្ទុយ​ទាំងស្រុង ទៅនឹង​ចំណង់​ចំណូលចិត្ត​របស់​មនុស្ស​។ ធម្មជាតិ​មនុស្ស អ្នក​ដែលមាន​ប្រាជ្ញា​ជាងគេ គឺជា​អ្នកគ្រប់គ្រង​។ រីឯ​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​គឺ រស់នៅ​លំដាប់​ខ្ពស់ ដែល​ផ្ទុយ​ពី​អ្នក​ដែល​គ្មាន​សមត្ថភាព និង​គ្មាន​បញ្ញា​។

​ហេតុអ្វី​ទ្រឹស្តី​មើល​ព្រៃ​ទាំងមូល កុំ​ឲ្យ​មើល​ឈើ​មួយ​ដើម ជា​ទស្សនៈ​មិន​គ្រប់​ជ្រុងជ្រោយ​?

​ជាក់ស្តែង មុននឹង​កើតជា​ព្រៃ​បាន​ទាំងមូល គឺ​ចាប់ផ្តើម​ពី​ដើមឈើ​មួយ​ដើម​។ ដើមឈើ​មួយ​ដើម រួមផ្សំ​គ្នា គឺ​ទើប​អាចបង្កើត​បានជា​ព្រៃ​ទាំងមូល​។ ប្រសិនបើ គ្មាន​ដើមឈើ​មួយ​ដើមៗ រួម​ច្របាច់​បញ្ចូល​គ្នា​ទេ នោះ​គ្មានទេ ព្រៃ​ទាំងមូល​។​

​ទស្សនៈ ចូរ​មើល​ព្រៃឈើ​ទាំងមូល កុំ​មើល​ឈើ​មួយ​ដើម គឺជា​ទស្សនៈ​បែប​សមូហភាព​និយម​។  ទស្សនៈ​នេះ បាន​ផ្ទុយ​ពី​ទស្សនៈ​របស់​ប្រទេស​អភិវឌ្ឍ​មួយចំនួន ទាំង​អាស៊ី និង​អឺរ៉ុប​។ ទស្សនវិជ្ជា​របស់​អឺរ៉ុប គេ​ឲ្យ​តម្លៃ​លើ​បុគ្គល​ម្នាក់ៗ​។ ការអភិវឌ្ឍ​បុគ្គល​ឲ្យ​មាន​ការងារ​ធ្វើ មានផ្ទះ​ស្នាក់នៅ​សមរម្យ មាន​ចំណីអាហារ​បរិភោគ​គ្រប់គ្រាន់ គឺជា​ទស្សនវិស័យ ក្នុងការ​អភិវឌ្ឍ​ប្រទេស របស់​អឺរ៉ុប​។ រីឯ​ប្រទេស​នៅ​អាស៊ី​មួយចំនួនទៀត ដូចជា សិង្ហ​បុរី ជាដើម គឺ​មេដឹកនាំ បាន​ឲ្យ​តម្លៃ លើ​ការអភិវឌ្ឍ​ពលរដ្ឋ​ម្នាក់ៗ ឲ្យ​ក្លាយជា​ពលរដ្ឋ​សកម្ម​។ ទស្សនវិស័យ​របស់​ប្រទេស​ជឿនលឿន​ទាំងនេះ គេ​យល់ថា ប្រសិនបើ បុគ្គល​ម្នាក់ៗ នៅក្នុង​សង្គម​គ្មាន​ការងារ​ធ្វើ គ្មាន​ជម្រក​រស់នៅ​សមរម្យ គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់ វា​នឹងធ្វើ​ឲ្យ​ប្រទេសជាតិ​គ្មាន​ការរីកចម្រើន​។ ផ្ទុយទៅវិញ បើ​បុគ្គល​គ្រប់ៗ​រូប មានចំណេះ ជំនាញ មានការ​ងារ​ល្អ មាន​អាហារ​ហូបចុក​គ្រប់គ្រាន់ មានផ្ទះ​រស់នៅ​សមរម្យ នោះ​វា​នឹងធ្វើ​ឲ្យ​សង្គម​មានការ​រីកចម្រើន​ទៅតាម​នោះដែរ​។ 

​បើ​រដ្ឋ រវល់​តែ​សប្បាយចិត្ត​មើល​ព្រៃ​ទាំងមូល ហើយ​ឈ្មួញ​ទៅ​កាប់​ឈើត្រង់​នេះ​បន្តិច ត្រង់នោះ​បន្តិច ទម្រាំ​តែ​រដ្ឋ​បានដឹង​នោះ ព្រៃឈើ​នឹង​ហិនហោច​អស់​ជាពុំខាន​។ តែបើ​រដ្ឋ​ព្យាយាម​ទប់ស្កាត់ ដោយ​មើល​ចាប់ពី​ឈើ​មួយ​ដើម ថែរក្សា​ឈើ​ចាប់ពី​មួយ​ដើម អភិរក្ស​ឈើ​ចាប់ផ្តើម​ពីមួយ​ដើម តើ​អាចធ្វើ​ឲ្យ​ព្រៃឈើ​ទាំងមូល​វិនាស​យ៉ាងដូចម្តេច​?

​ដូច្នេះ ទស្សនៈ​ដែល​លើកឡើងថា ចូរ​មើល​ព្រៃ​ទាំងមូល កុំ​មើល​តែ​ឈើ​មួយ​ដើម គឺជា​ទស្សនៈ​ចាស់គំរឹល ដែល​មិនបាន​ជួយ​អ្វី​ដល់​ជាតិ​មាតុភូមិ​នោះទេ​។ ប៉ុន្តែ ទស្សនៈ​នេះ គ្រាន់​គេ​យកមកប្រើ​ប្រាស់​ដើម្បី​គេចវេះ​ពី​ការទទួលខុសត្រូវ​តែប៉ុណ្ណោះ​។ គេ​គួរ​នាំគ្នា ទទួលយក​នូវ​ការរិះគន់ ហើយ​ធ្វើការ​សិក្សា​រក​ការពិត និង​ធ្វើការ​ដោះស្រាយ​បញ្ហា​ទើប​ជាការ​ប្រសើរ​ជាង​៕


Tag:
 សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com