ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស​អំណាច​ខ្មែរ អញ្ជើញ​មេបក្ស​គ្មាន​អាសនៈ មក​ចងសម្ព័ន្ធ​ជា​លើក​ទី​៣
31, Jan 2016 , 11:47 am        
រូបភាព
ដោយ: ថ្មីៗ
​គណបក្ស​អំណាច​ពលរដ្ឋ​ខ្មែរ គ្រោង​អញ្ជើញ​គណបក្សនយោបាយ​ទាំងអស់ ដែល​មិនមាន​អាសនៈ​ក្នុង​រដ្ឋសភា មក​ចូលរួម​ប្រជុំពិភាក្សា​បង្កើត «​សម្ព័ន្ធ​គណបក្ស​គ្មាន​អាសនៈ​ក្នុង​សភា​ដើម្បី​តស៊ូ​គោលនយោបាយ​រួម​» មុន​ការចូលរួម​បោះឆ្នោត នីតិកាល​ទី​៦ ឆ្នាំ​២០១៨​។ នេះ​ជា​លើក​ទី​៣​ហើយ ដែល​បក្ស​អំណាច​ខ្មែរ​នឹងដាក់​លិខិត​ទៅកាន់​ប្រមុខ​បក្ស​ទាំងនោះ ក្រោយពី​បរាជ័យ​ក្នុងការ​ប្រមូល​ផ្គុំ​ពួកគេ​មក​តស៊ូ​គោលនយោបាយ ចំនួន​២​លើក កន្លងមក​។



​លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា បក្ស​អំណាច​ខ្មែរ​នឹង​អញ្ជើញ​បក្ស​ដែល​ទើប​បង្កើត​ថ្មី និង​បក្ស​បាន​ចូល​រួប​បោះឆ្នោត តែ​គ្មាន​អាសនៈ​ក្នុង​សភា ជាថ្មី​ម្តងទៀត ដើម្បី​បង្កើត​សម្ព័ន្ធ​គណបក្ស​គ្មាន​កៅអី​ក្នុង​សភា ក្នុង​គោលបំណង​តស៊ូ​គោលនយោបាយ​រួម មុន​ការចូលរួម​បោះឆ្នោត នីតិកាល​ទី​៦ ឆ្នាំ​២០១៨​។

​ប្រមុខ​បក្ស​រូបនេះ​បានលើកឡើង​បែបនេះ​ថា​៖«​ចាំមើល​ការអញ្ជើញ​លើក​ទី​៣ នេះ តើ​មេបក្ស​ណា មាន​ជាតិ​និង​ទឹកដី នៅ​ពីលើ​ក្បាល​ពិតប្រាកដ​?»​។​

​អ្នកនាំពាក្យ​គណបក្ស​អំណាច​ខ្មែរ លោក ទេព វីរៈ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ព្រឹក​នេះ​ថា  ការអញ្ជើញ​នេះ នឹងធ្វើ​ឡើង​នៅ​ចុងខែ​មិនា ពោលគឺ​ក្រោយពី​បញ្ចប់​សមាជ​គណបក្ស នៅ​ថ្ងៃទី​៨ មិនា ឆ្នាំ​២០១៦ ។ លោក​បន្ថែមថា ប្រសិនបើ​មេបក្ស​ទាំងនោះ​នៅតែ​មិន​ចូលរួម នោះ​បានន័យថា ពួកគេ​កំពុងតែ​បង្ហាញ​ពី​ចំណុចខ្សោយ​របស់ខ្លួន ហើយក៏​ជា​ភស្តុតាង​បញ្ជាក់ថា ពួកគេ គិតតែ​អំណាច​ផ្ទាល់ខ្លួន​និង​ប្រយោជន៍​បក្ស  ជាង​ប្រយោជន៍​ជាតិ​ដែរ​។

​លោក ទេព វីរៈ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ធ្វើ​នេះ​ដើម្បី​ប្រមូល​កម្លាំង​គ្នា ហើយ​ធ្វើ​ឲ្យ​យើង​មាន​អ​ណា​ច​កាន់​ខ្លាំង ដើម្បី​ទាមទារ អ្វី​ដែលជា​ប្រយោជន៍​ជាតិ។ នេះ​ជា​ប្រយោជន៍​យើងទាំងអស់គ្នា មិនមែន​ប្រយោជន៍​របស់​បក្ស​ណា​ឬ​បុគ្គល​ណា​ឡើយ អ៊ីចឹង​ហេតុ​បានជា​មិន​មក​ចូលរួម​»​។​

​សូមបញ្ជាក់ថា គណបក្សនយោបាយ​ថ្មី​ចំនួន ៨ ត្រូវបាន​បង្កើតឡើង ដោយ​គិត​ត្រឹម ខែមិថុនា ឆ្នាំ​២០១៥ ដល់​ខែមករា ឆ្នាំ​២០១៦ នេះ​។ គណបក្ស​ថ្មី​ទាំងនោះ គឺ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​, គណបក្ស​អំណាច​ខ្មែរ​, គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​, គណបក្ស​ខ្មែរ​សាមគ្គី​, គណបក្ស​កម្ពុជា​សេរីភាព​, គណបក្ស​យុត្តិធម៌​ជាតិខ្មែរ​, គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា និង​គណបក្ស​យុវជន​កម្ពុជា​៕


Tag:
 បក្ស​អំណាច​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com