ជាតិ
សេដ្ឋកិច្ច
ទុនវិនិយោគ​លើ​វិស័យ​សំណង់​មាន​ជាង​៣​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥
31, Jan 2016 , 3:05 pm        
រូបភាព
​នៅក្នុង​ឆ្នាំ​២០១៥ គម្រោង​សាងសង់​នៅ​ទូទាំងប្រទេស​មាន​ចំនួន​២,៣០៥​គម្រោង លើ​ផ្ទៃក្រឡា​សំណង់​សរុប​ចំនួន​៧,៦៨៦,១១២​ម៉ែត្រការ៉េ​។ សម្រាប់​គម្រោង​សាងសង់​ទាំង​ជាង​២​ពាន់​គម្រោង​នេះ មានតម្លៃ​ប៉ានស្មាន​ទុនវិនិយោគ​ប្រមាណ​៣,៣៣៨​លាន​ដុល្លារ​អាមេរិក កើនឡើង​៣៣,១៤​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០៤។



​ផ្អែក​តាម​របាយការណ៍​បូកសរុប​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​ប្រចាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ រប​សស់​អគ្គនាយកដ្ឋាន​សំណង់ ចាប់ពី​ឆ្នាំ​២០១៥ រហូតដល់​ឆ្នាំ​២០១៥ នៅ​រាជធានី​ភ្នំពេញ មាន​សំណង់​អគារ​ខ្ពស់​ចាប់ពី ៥​ជាន់​រហូតដល់​៥៥​ជាន់​ចំនួន​៦៨៥​អគារ និង​មាន​បន្ទប់​ស្នាក់នៅ​(UNITS)​ចំនួន​១៣,៤២៣UNITS​។

​របាយការណ៍​ដដែល​ប​ន្ត​ថា បរិមាណ​នៃ​កម្លាំង​ពលកម្ម​នៅ​ការដ្ឋាន​សំណង់​បាន​កើន​ទេ្វ​ដង បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៤ ដោយបាន​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ពី​ជាង​២​សែន ទៅ​ជាង​២​សែន​៥​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ​។​

​ក្រៅពី​បង្ហាញ​ពី​លទ្ធផល​ការងារ​ដែល​សម្រេចបាន​នៅ​ឆ្នាំ​២០១៥ អគ្គនាយកដ្ឋាន​សំណង់ ក៏បាន​លើកឡើង​ពី​ភាព​ខ្សោយ និង​បញ្ហា​ប្រឈម ចំពោះ​ការអនុវត្ត​ការងារ​របស់ខ្លួន​ផងដែរ​។

«​ខ្វះខាត​ធនធានមនុស្ស កម្លាំង​ពលកម្ម​ជំនាញ និង​គុណវុឌ្ឍិ​វិជ្ជាជីវៈ​ពាក់ព័ន្ធ​។   ឯកសារ​គតិយុត្ត និង​លិខិតបទដ្ឋាន​សម្រាប់​គ្រប់គ្រង​ក្នុង​វិស័យ​សំណង់ ពុំទាន់​បាន​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្ដែង​។ ការគ្រប់គ្រង និង​ការផ្ដល់​សេវាសាធារណៈ​ក្នុង​វិស័យ​សំណង់ ក៏មិនទាន់មាន​ប្រសិទ្ធភាព​ពេញលេញ និង​ឆ្លើយតបបាន​គ្រប់​ជ្រុងជ្រោយ​។ ការអនុវត្ត​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា ដែល​ស្ថិតនៅ​ជាធរ​មាននៅ​ពុំទាន់​បាន​សមស្រប និង​ពុំទាន់​មាន​ប្រសិទ្ធភាព  និង​ការធ្វេសប្រហែស​របស់​ម​ន្ត្រី​ជំនាញ​មួយចំនួន ក្នុង​ការចុះពិនិត្យ​តាមដាន​សំណង់​ខុសឆ្គង​ក្នុង​មូលដ្ឋាន​របស់ខ្លួន និង​ពុំ​បានធ្វើ​របាយការណ៍​ស្ដីពី​កំហុសឆ្គង ព្រមទាំង​ពុំបាន​បំពេញ​តួនាទី​អ្នកត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​»​។ ទាំងនេះ សុទ្ធសឹងតែ​ជា​ចំណុចខ្សោយ ដែល​បាន​សរសេរ​នៅក្នុង​របាយការណ៍​។

​សម្រាប់​បញ្ហា​ប្រឈម​វិញ គឺ​បណ្តាលមកពី​ម្ចាស់​សំណង់​មួយចំនួន​បាន​ដំណើរការ​សាងសង់​ដោយ​ពុំបាន​សុំ​លិខិតអនុញ្ញាត​សាងសង់ ឬ​សាងសង់​មុន​ទទួលបាន​លិខិតអនុញ្ញាត​សាងសង់ ឬ​សាងសង់​ខុសពី​លិខិតអនុញ្ញាត ដែល​កត្តា​ទាំងនេះ​បង្ក​ឲ្យ​មានទំនាស់​ជាមួយ​អ្នកជិតខាង ប៉ះពាល់​ដល់​សោភណភាព​ទីក្រុង និង​សុវត្ថិភាព​សាធារណៈ​ជាដើម​៕


Tag:
 សំណង់​
© រក្សាសិទ្ធិដោយ thmeythmey.com