អន្តរជាតិ
ជប៉ុន ដំឡើង​ប្រព័ន្ធ​មី​ស៊ី​លបាញ់​ស្ទាក់ ប្រឆាំង​ការត្រៀម​បាញ់​សាកល្បង​មី​ស៊ី​ល​កូរ៉េខាងជើង
31, Jan 2016 , 9:19 pm        
រូបភាព
ដោយ:
​ប្រព័ន្ធ​មី​ស៊ី​លបាញ់​ស្ទាក់​(PAC-3) ត្រូវបាន​ដំឡើង​នៅក្នុង​ទីក្រុង​តូ​ក្យូ​ដើម្បី​ធានា​ពី​សន្តិសុខ និង​សុវត្ថិភាព ក្នុងប្រទេស និង​ប្រឆាំង​ទៅនឹង​សកម្មភាព​របស់​រដ្ឋាភិបាល​កូរ៉េខាងជើង​។ ការដាក់​ដំឡើង​ប្រព័ន្ធ​មី​ស៊ី​ល​ដែលមាន​បច្ចេកវិទ្យា​ទំនើប​បំផុត​នេះ ធ្វើឡើង​បន្ទាប់ពី​មានការ​ចុះផ្សាយ​ថា​កូរ៉េខាងជើង នឹង​ត្រៀម​បាញ់ មី​ស៊ី​ល​របស់ខ្លួន​សារជាថ្មី​នៅពេល​ខាងមុខ​ដ៏​ខ្លី​។



​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​៣០ មករា ម្សិលមិញ រដ្ឋាភិបាល​ជប៉ុន បាន​ពង្រាយ​រថ​គ្រោះ​បាញ់​ស្ទា​ក់មី​ស៊ី​ល ពីរ​គ្រឿង​នៅក្បែរ​ទី​ស្នាក់​កណ្តាល​នៃ​ក្រសួងការពារជាតិ​ជប៉ុន​។ នេះ​បើ​យោងតាម​ភា្ន​ក់​ងារ​ព័ត៌មាន RT ដែល​បាន​ដកចេញ​ពី​ការ​សែត​ជា​ភាសា​ជប៉ុន​។

​ក្រសួងការពារជាតិ​ជប៉ុន បាន​បញ្ជាក់ថា​ការដាក់​ដំឡើង​ប្រព័ន្ធ​មី​ស៊ី​ល​ដ៏​មាន ឥទ្ធិពល  PAC-3 នេះ ដើម្បី​ធានា​ពី​សុវត្ថិភាព​ក្នុងស្រុក​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ដដែល ដែល​បាន​បន្ថែមថា ប្រព័ន្ធ​មី​ស៊ី​ល​នេះ នឹង​ប្រើប្រាស់​ដើម្បី​បាញ់​ទម្លាក់​ក្នុងករណី​ចាំបាច់​ដូចជា​មាន​មី​ស៊ី​ល​របស់​កូរ៉េខាងជើង ឬ បំណែក​ណាមួយ​អាច​ធ្លាក់​ចូលក្នុង​អធិបតេយ្យ​របស់​ជប៉ុន​។

​សូម​រមឹ្ល​ក​ផងដែរ​ថា​នៅ​ដើម​សបា្តហ៍​នេះ មាន​របាយការណ៍​មួយ​បាន​បញ្ជាក់ថា កូរ៉េខាងជើង កំពុង ត្រៀម​បាញ់​សាកល្បង​មី​ស៊ី​ល​សារជាថ្មី បន្ទាប់ពី​ការបាញ់​គ្រាប់បែក​អ៊ីដ្រូសែន​ដែលជា​គ្រាប់បែកបរមាណូ​ដ៏​មាន​ឥទ្ធិពល​។ ព័ត៌មាន​ចារកម្ម​ក៏បាន​បង្ហាញ​ផងដែរ​ថា កងទ័ព​កូរ៉េខាងជើង​មាន​សកម្ម​ភាព​កាន់​តែមរ​មា​ញឹក​ខ្លាំង​នៅ​ទីតាំង​បាញ់​សាកល្បង​អាវុធ​ផង​ប៉ុន្មាន​ថ្ងៃនេះ​។​

​ជុំវិញ​បញ្ហា​នេះ​រដ្ឋាភិបាល​ជប៉ុន មិន​ត្រឹម​ដាក់ពង្រាយ​ប្រព័ន្ធ​បាញ់​កម្ទេច​មី​ស៊ី​ល​នោះទេ តែ​ក៏បាន​ប្រកាស​ឲ្យ​កងទ័ព​ជើង​ប្រុង​ជើងការ​ផងដែរ​។ ក្នុងនោះ​កាល ថ្ងៃទី​២៩ ខែមករា កន្លងទៅ រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​លោក Nakatani បាន​បញ្ជា​ឲ្យ​នាវាចម្បាំង​ជាច្រើន​គ្រឿង​ឲ្យ​ចេញ​ប្រតិបត្តិការ​នៅ​តំបន់​សមុទ្រ​ជប៉ុន ដើម្បី​ការពារ​ក្រែង​មាន​សកម្មភាព​កូរ៉េខាងជើង​ឬ​បញ្ហា​បន្ទាន់​បង្ខំ​អ្វី​កើតមានឡើង​ប៉ះពាល់​ដល់​សន្តិសុខ​ជប៉ុន​។ នាវាចម្បាំង​ជប៉ុន​ទាំងនោះ​អាចមាន​សមត្ថភាព​ចាប់បាន​សញ្ញា​វត្ថុ​នានា​ដែល​ហោះហើរ និង​មាន​សមត្ថភាព​កម្ទេច​រាល់​ក្បាល​គ្រាប់​ដែល​ហោះ​ចូលមកក្នុង​ដែនដី​ជប៉ុន ព្រោះ​នាវា​ទាំងនោះ​បំពាក់​ដោយ​មី​ស៊ី​ល​SM-3​។​

​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​កាន់តែ​តានតឹង​ខ្លាំង​ក្រោយ​ពេលដែល គីម ជុង​អ៊ុន  បញ្ជា​ឲ្យ​គេ​បាញ់​សាកល្បង​អាវុធ​អ៊ីដ្រូសែន​កាលពីដើម​ខែមករា​កន្លងមក​នេះ​។ ជប៉ុន អាមេរិក និង​កូរ៉េខាងត្បូង​ខឹងសម្បារ​និង​ព្រួយបារម្ភ​ខ្លាំង​នៅពេលដែល​កូរ៉េខាងជើង​បន្ត​បង្ករឿង​បែបនេះ​។  ជប៉ុន​ធ្លាប់​ព្រមាន​កូរ៉េខាងជើង​ដែរ​ក្រោយពេល​មានការ​បាញ់​សាកល្បង​អាវុធ​ប្រល័យ​លោក​នេះ ហើយ​អាមេរិក​ចាប់ផ្តើម​បង្កើន​វត្តមាន​យោធា​និង​សព្វាវុធ​នៅ​កូរ៉េខាងត្បូង​ដើម្បី​ទប់ទល់​ការគំរាមកំហែង​នានា​៕


Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com