ជាតិ
សង្គមជាតិ
កម្ពុជា នី​កា​រ៉ា​ហ្គា និង​កូ​ឡុំ​ប៊ី ជា​ឋានសួគ៌​សម្រាប់​និវត្តជន​ដែល​ត្រូវការ​ចំណាយ​តិច​
01, Feb 2016 , 9:59 am        
រូបភាព
ដោយ: ធីតា
 ​គេហទំព័រ​អាមេរិក International Living បានចេញ​ផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ​របស់ខ្លួន «Global Retirement Index 2016 » ដែល​ទាក់ទង​នឹង​ការចាត់​ចំណាត់ថ្នាក់​ប្រទេស​ដែលជា​ឋានសួគ៌​សម្រាប់​និវត្តជន​។ ក្នុងចំណោម​ប្រទេស​ទាំង​២៣ កម្ពុជា​ជាប់​ជា​ប្រទេស​ដ៏​សុខដុម និង​មានការ​ចំណាយ​ប្រាក់​តិចជាងគេ​សម្រាប់​និវត្តជន ដោយ​នាំមុខ នី​កា​រ៉ា​ហ្គា និង​កូ​ឡុំ​ប៊ី​។​

 
​របាយការណ៍ «Global Retirement Index 2016» បានធ្វើការ​បែក​ចែក​លក្ខខណ្ឌ​១០​ប្រភេទ​ទាក់ទង​នឹង​តម្រូវការ​របស់​និវត្តជន ដោយ​ក្នុងនោះ ប្រទេស​ចំនួន​២៣ ត្រូវបាន​វាយតម្លៃថា ជា​ឋានសួគ៌​សម្រាប់​ពលរដ្ឋ​វ័យ​ចំណាស់​ដែល​មិន​ចង់​ត្រឡប់ទៅផ្ទះ​វិញ ឬ​បន្ត​វិសមកាល​រយៈពេល​យូរ​។​
 
​ក្នុងចំណោម​ប្រទេស​ទាំង​២៣​ដោយ​យោងតាម​លក្ខខណ្ឌ​សរុប ប៉ា​ណា​ម៉ា អេ​ក្វា​ឌ័​រ ម៉ិ​ក​ស៊ិ​ក កូ​ស្តា​រី​កា ម៉ាឡេស៊ី និង​កូ​ឡុំ​ប៊ី មាន​ពិន្ទុ​ខ្ពស់​ជាងគេ ខណៈ​កម្ពុជា ស្ថិតនៅ​ពីក្រោម​សាធារណរដ្ឋ​ដូ​មី​និ​ច និង​អៀរ​ឡង់ តែ​នៅលើ​ហ្គា​តេ​ម៉ា​ឡា និង​វៀតណាម​។ 
 
​ទាក់ទង​នឹង​ការចំណាយ​លើ​ការរស់នៅ​វិញ កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយៈ មាន​ស្ថាន​ល្អប្រសើរ​ជាងគេ​បំផុត​សម្រាប់​និវត្តជន​ដែល​ត្រូវការ​ចំណាយ​តិច ខណៈ​ប្រទេស​នៅ​តំបន់​អាមេរិក​ឡាទីន នី​កា​រ៉ា​ហ្គា និង​កូ​ឡុំ​ប៊ី ស្ថិតនៅ​លេខ​រៀង​បន្ទាប់​។​
 
​របាយការណ៍​បាន​កត់សម្គាល់ថា និវត្តជន​នៅលើ​ពិភពលោក ជាពិសេស​ពលរដ្ឋ​អាមេរិក ពិតជា​រីករាយ​ក្នុងការ​ស្នាក់នៅ​កម្ពុជា ជាមួយ​ថ្លៃ​បន្ទប់​ជួល​តែ​ប្រមាណ​៣០០​ដុល្លា ក្នុង​មួយខែ ម្ហូបអាហារ​តំបន់​ដែលមាន​សាច់គោ សាច់ជ្រូក ឬ​នំ​បញ្ចុក​ក្នុងតម្លៃ​ពី​៣ ទៅ​៤​ដុល្លារ ឬ​នៅ​ភោជនីយដ្ឋាន​បែប​អាមេរិក និង​អឺរ៉ុប​ដែលមាន​តម្លៃ​ពី​៦ ទៅ​៨​ដុល្លារ​ក្នុង​១​ពេល​។ បន្ថែម​ពីលើ​នេះ ស្រា​បារាំង ឬ​អូស្ត្រាលី ១​ដប​តម្លៃ ១០​ដុល្លារ និង​ស្រា​បៀរ​១​កែវ​តម្លៃ​៥០​សេន ពិតជា​មិន​ថ្លៃ​នោះឡើយ​។​
 
​នៅ​កម្ពុជា ប្រសិនបើ​និវត្តជន​ចង់​សន្សំសំចៃ​ទៀត​នោះ ពួកគាត់​អាច​ទិញ​ម្ហូបអាហារ​ពី​ផ្សារ​ទំនើប​ទុក ដោយ​ចំណាយ​ប្រមាណ​តែ​១៥០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​ខែ​។ អ្វីដែល​ពិសេស​ជាងនេះទៀត តម្លៃ​ហៅ​ទូរ​សព្ទ​ទៅ​ក្រៅប្រទេស ទាប ហើយ​ច្បាស់​។ ក្រៅ​កម្ពុជា International Living  បាន​ណែនាំ​ប្រទេស​នី​ហ្គា​រ៉ា​ហ្គោ និង​កូ​ឡុំ​ប៊ី សម្រាប់​និវត្តជន​ដែល​ត្រូវការ​ចំណាយ​តិច​។​
 
​ប្រទេស​ទាំង​២៣​ដែលជា​ឋានសួគ៌​សម្រាប់​និវត្តជន​រួមមាន ប៉ា​ណា​ម៉ា​, អេ​ក្វា​ឌ័​រ​, ម៉ិ​ក​ស៊ិ​ក​, កូ​ស្តា​រី​កា​, ម៉ាឡេស៊ី​, កូ​ឡុំ​ប៊ី​, ថៃ​,  នី​កា​រ៉ា​ហ្គា​, អេ​ស្ប៉ា​ញ​, ព័រ​ទុយ​ហ្គា​ល់​, ម៉ា​ល់តា​, ហុង​ឌូ​រ៉ា​ស់​, បារាំង​, បេ​លី​ស​, ប៉េ​រូ​, អ៊ីតាលី​, ហ្វីលីពីន​, អ៊ុយ​រូ​ហ្គា​យ​, សាធារណរដ្ឋ​ដូ​មី​និ​ច​, អៀរ​ឡង់​, កម្ពុជា​, ហ្គា​តេ​ម៉ា​ឡា និង​វៀតណាម​៕
 
 
 

Tag:
 និវត្តជន​
  International Living
© រក្សាសិទ្ធិដោយ thmeythmey.com