ជាតិ
សមត្ថកិច្ច​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន​បាន​ជាង​២​ពាន់​ករណី​
01, Feb 2016 , 10:56 am        
រូបភាព
ដោយ:
​សមត្ថកិច្ច​បាន​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន​បាន​ជាង​២​ពាន់​ករណី​នៅក្នុង​ឆ្នាំ​២០១៥ ។ ​ចំនួន​នេះ​មានការ​កើនឡើង​​ជាង​១៣៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ចំនួន​៩៩៦​ករណី​។



បើតាម​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ ក្នុងការ​បង្ក្រាប​ជាង​២​ពាន់​ករណីនេះ សមត្ថកិច្ច​ចាប់ខ្លួន​អ្នកប្រព្រឹត្ត​បទល្មើស​ជួញដូរ​បាន​ចំនួន​៥​ពាន់​នាក់ កើនឡើង​ចំនួន​១២៥​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ក្នុងនោះ​មាន​ជនបរទេស​១០០​នាក់ ១០​សញ្ជាតិ។

​នៅក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៥ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ នៅ​ព្រឹក​នេះ លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​បន្ថែមថា សមត្ថកិច្ច​ក៏បាន​ចាប់ខ្លួន​អ្នកប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​១៦៥៧៧​នាក់ ដែលជា​ចំនួនដ៏ច្រើននៅ​ឆ្នាំ​២០១៥ ។ ​ចំពោះវត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​ពី​ជនល្មើស ​រួមមាន គ្រឿងញៀន ៩៦ គីឡូក្រាម កញ្ឆា​ស្ងួត​កន្លះ​តោន រថយន្ត ៤២ គ្រឿង ម៉ូតូ ៩៣៨ គ្រឿង អាវុធខ្លី​១៨​ដើម អាវុធ​វែង​២​ដើម និង​ទូរ​សព្ទ​ជាង​២​ពាន់​គ្រឿង​។​ នេះ​បើតាម​ លោក គៀត ច័ន្ទ​ថារិទ្ធដដែល។

អគ្គ​ស្នងការរង​នគរបាលជាតិ ក៏​បាន​គូសបញ្ជាក់ដែរថា ក្នុង​ឆ្នាំ​២០១៥​ សមត្ថកិច្ច​បាន​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន​លេចធ្លោ​ចំនួន​២​ករណី គឺ​ជួញដូរ​ពី​ឡាវ មក​កម្ពុជា ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​គ្រឿងញៀន ម៉េ​តំ​ហ្វេ​តា​មីន​ជាង​៥៤​គីឡូក្រាម កញ្ឆា​ក្រៀម ១,៥ តោន និង​ប្រេង​កញ្ឆា ១,៥​គីឡូក្រាម​។ ហើយ​សមត្ថកិច្ច​ក៏បាន​ដុតបំផ្លាញ​កញ្ឆា​បាន​ចំនួន​១​ម៉ឺន​ដើម​។​

​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​លោក កែ គឹមយ៉ាន ទទួលស្គាល់ថា បញ្ហា​គ្រឿងញៀន​នេះ​នៅតែ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​នៅ​កម្ពុជា ដែល​បន្ត​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ សន្តិសុខ​សង្គម និង​ការអភិវឌ្ឍ​ប្រទេសជាតិ​ ជាពិសេស​គឺ​ធ្វើ​ឲ្យ​យុវវ័យ​នាំគ្នា​ភ្លើតភ្លើន ដែល​នាំ​ឲ្យ​ធ្លាក់ចុះ​នូវ​សីលធម៌​សង្គម​។ តែ​យ៉ាងណា​លោក អះអាងថា សមត្ថកិច្ច​នឹង​បន្ត​ខិតខំ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ​បន្ថែមទៀត ហើយ​សមត្ថកិច្ច​ក៏​បន្ត​ចុះ​អប់រំ និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​កាន់តែច្បាស់​បន្ថែមទៀត ពី​ផលប៉ះពាល់​នៃ​គ្រឿងញៀន​នេះ៕


Tag:
 គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com