ជាតិ
លោក ស៊ុន ចាន់ថុល ស្នើ​ក្រុមហ៊ុន​ឯកជន​ចុះ​MoU​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​
01, Feb 2016 , 11:11 am        
រូបភាព
​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អំពាវនាវ​ដល់​ក្រុមហ៊ុន​ឯកជន​នានា ​ចូលរួម​កាត់បន្ថយ​អំពើពុករលួយ​នៅ​កម្ពុជា ដោយ​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU)​។ លោក​រដ្ឋមន្ត្រី​ក៏​មិន​ពេញចិត្ត​ចំពោះ​ក្រុមហ៊ុន​ឯកជន​មួយចំនួន​ ដែល​នៅ​ប្រើ​សេវា«​រត់ការ​»​។​



​សូម​ស្ដាប់​ប្រសាសន៍ លោក ស៊ុន ចាន់ថុល​៖​



​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សារភាពថា លោក​មិន​សប្បាយចិត្ត​ចំពោះ​ចំណាត់ថ្នាក់​ ស្តីពី​ស្ថានភាព​ពុករលួយ​របស់​កម្ពុជា​ឡើយ​។ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​យ៉ាងនេះ នៅ​ចំពោះមុខ​ប្រធាន​ក្រុមហ៊ុន មន្ត្រីជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល និង​បញ្ញវន្ត​ជាច្រើន​រយ​នាក់ នៅក្នុង​សន្និបាត​បញ្ញវន្ត​ពិភពលោក (Global Alumni Convention) កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​។​

​អង្គការ​តម្លាភាព​អន្តរជាតិ បានដាក់​ចំណាត់ថ្នាក់​កម្ពុជា​ក្នុង​លេខ​រៀង​ទី​១៥០ នៃ​ប្រទេស​ដែល​ត្រូវបាន​វាយតម្លៃ​ទាំងអស់​ចំនួន​១៦៨ សម្រាប់​ឆ្នាំ​២០១៥​។ សម្រាប់​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ការកាត់បន្ថយ​អំពើពុករលួយ​ត្រូវការ​ការចូល​រួមទាំង​អស់​គ្នា ជាពិសេស​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន ​ដែល​លោក​រដ្ឋមន្ត្រី​ជំរុញ​ឲ្យ​ពួកគេ​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​លោក ស៊ុន ចាន់ថុល ថ្លែង​យ៉ាង​ដូច្នេះ​៖«​យើង​ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​កាត់បន្ថយ​អំពើពុករលួយ​។ វិស័យ​ឯកជន​មាន​តួនាទី​សំខាន់​ក្នុង​បញ្ហា​នេះ​។ បើសិនជា​គ្មាន​អ្នកផ្តល់​សំណូក ក៏​គ្មាន​អ្នកទទួល​សំណូក​ដែរ​។ ដូច្នេះ​ខ្ញុំ​ជំរុញ​ដល់​វិស័យ​ឯកជន​ ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​ជាមួយ ACU ដូច​ក្រុមហ៊ុន កូ​កា កូ​ឡា​, Prudential ជាដើម​»​។​

​គួរបញ្ជាក់​ផងដែរ​ថា រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ក៏បាន​សម្តែង​ការខកចិត្ត​ខ្លះ​ ចំពោះ​ក្រុមហ៊ុន​ឯកជន​មួយចំនួន​ ដែល​ចូលចិត្ត​ប្រើប្រាស់ «​អ្នក​រត់ការ​» ដោយ​បង់​សេវា​ឲ្យ​ពួកគេ ហើយ​បាន​បដិសេធ​មិន​ប្រើប្រាស់​ប្រព័ន្ធ​ប​ច្ចេ​ន​វិទ្យា ​ដែល​ក្រសួង​របស់​ពាណិជ្ជកម្ម​បានដាក់​ទុន​បង្កើត ហើយ​ដើម្បី​លុបបំបាត់​អំពើពុករលួយ​នោះ​៕


Tag:
 ស៊ុន ចាន់ថុល
  ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com