ជាតិ
ក្រុម​អ្នកឃ្លាំមើល​ស្នើ​ឲ្យ​មានការ​ចាត់ចែង​ប្រាក់​ពិន័យ​ចរាចរណ៍​ឲ្យ​មាន​តម្លាភាព​
04, Feb 2016 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ខណៈពេលដែលប្រាក់​ពិន័យ​បទល្មើស​ចរាចរណ៍ កំពុង​កើនឡើង​យ៉ាងគំហុក​នោះ នីតិវិធី​នៃ​ការប្រើប្រាស់​ប្រាក់​នេះ កំពុង​ស្ថិតនៅក្រោម​កិច្ចពិភាក្សា​ ពី​សំណាក់​ក្រុមអ្នកតាមដាន​គោលនយោបាយ និង​ការវិវត្ត​សង្គម​កម្ពុជា​។​



​ច្បាប់​ចរាចរណ៍​ថ្មី ដែលមាន​ទំនោរ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ និង​ការពិន័យ​ជា​ទឹកប្រាក់ដែលមាន​ចំនួន​ច្រើន ត្រូវបាន​អនុវត្ត​ន៍ចាប់តាំងពី​ដើមឆ្នាំ​២០១៦​នេះ​។​

​ប្រាក់​ពិន័យ​សរុប​ក្នុង​រយៈពេល​ពេញ​មួយខែ​មករា​នេះ មាន​ចំនួន​ជាង​២​ពាន់​លាន​រៀល ឬ​ប្រមាណ​ជាង​៥០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។ នេះ​បើតាម​របាយការណ៍​បូកសរុប​លទ្ធផល ​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ប្រចាំ​ខែមករា ដែល​ចេញ​ដោយ​ក្រសួងមហាផ្ទៃ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​។​

​នៅក្នុង​ប្រកាស​អន្តរក្រសួង​នៃ​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញ​កាលពី​ចុងឆ្នាំ​២០១៥ កំណត់ថា ប្រាក់​ពិន័យ​ចំពោះ​អំពើ​ល្មើស​ចរាចរណ៍​៧០​ភាគរយ នឹងត្រូវ​បាន​ទៅលើ​មន្ត្រីនគរបាល​ចរាចរ​ណ៍ ​ដែល​បំពេញភារកិច្ច​នៅតាម​គោលដៅ​នីមួយៗ​។​

​ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ លោក រុន រ័ត្ន​វាសនា ឲ្យ​ដឹងថាជាគោលការណ៍ ប្រាក់​ពិន័យ​ដែល​ទទួលបាន ត្រូវធ្វើ​ការបែងចែក​ទៅដល់​ដៃ​មន្ត្រីនគរបាល ​ក្រោយ​១៥​ថ្ងៃ​ នៃ​ការបង់ប្រាក់​ពិន័យ​នៅតាម​ស្នាក់ការ​។​

​លោក រុន រ័ត្ន​វាសនា ពន្យល់​ពី​នីតិវិធី​នៃ​ការបង់ប្រាក់​ផាកពិន័យ​យ៉ាង​ដូច្នេះ​ថា​៖ «​ទី​១​គាត់​ចេញ​បង្កាន់ដៃ​។ បង្កាន់ដៃ​ពិន័យមិនមែនជា​បង្កាន់ដៃ​បង់ប្រាក់​ទេ​។ ហើយ​ទើប​យក​បង្កាន់ដៃ​ពិន័យ​ទៅ​បង់ប្រាក់​។ គាត់​រក​ប៉ុស្តិ៍ ស្នាក់ការ​បង់ប្រាក់​ហ្នឹង​នៅ​កន្លែង​ណា​ដែលជិត​សម្រាប់​គាត់​។ អ៊ីចឹងគាត់​ទៅ​បង់​នៅ​ហ្នឹង​ទៅ​។ អ៊ីចឹងថវិកា​ទាំងអស់​ហ្នឹង គឺ​ប្រមូល​ទៅខាង​ស្នងការ ហើយ​បាន​បែងចែក​គ្នា​។ កាលណា​គេ​បែងចែក​គ្នា​ហើយ គេ​ទូទាត់​នឹង​ក្រដាស​ស្នាម​។ ធម្មតាវា​មាន​បង្កាន់ដៃ​បង់ប្រាក់​»​។​

​ក្នុងអំឡុងពេល​មួយខែ​នៃ​ការ​រឹតបន្តឹង​ច្បាប់​ថ្មី​នេះ មន្ត្រីនគរបាល​ចរាច​រណ៍​បាន​ត្រួតពិនិត្យ​យានយន្ត​សរុប​ចំនួន​ប្រមាណ​ជិត​មួយ​លាន​គ្រឿង ក្នុងនោះ​យានយន្ត​ដែល​ល្មើស មាន​ចំនួន​ជាង​២​សែន​គ្រឿង ជនល្មើស​ជាតិ​ស្រវឹង​ចំនួន​ជិត​២​ពាន់​នាក់ និង​បាន​បញ្ជូនទៅ​តុលាការ​ចំនួន​៥៨​នាក់​។​

​គិត​ត្រឹម​ខែមករា​នេះ នាយកដ្ឋាននគរបាល​ចរាចរណ៍​ទទួលបាន​៧៣%​នៃ​ប្រាក់​ផាកពិន័យ​សរុប​។​

​ក្រុមអ្នកតាមដាន​គោលនយោបាយ និង​ការវិវត្ត​សង្គម​កម្ពុជា បង្ហាញ​ការពេញចិត្ត​ចំពោះ​យន្តការ​ នៃ​ការបែងចែក​ប្រាក់​ពិន័យ​នេះ ក៏ប៉ុន្តែ​ពួកគេទទូច​ឲ្យ​មានការ​ចំណាយ​ដោយ​ប្រុងប្រយ័ត្ន​។​

​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា លោក សន ជ័យ គាំទ្រ​យន្តការ​ផាកពិន័យ​ថ្មី​នេះ​។ ប៉ុន្តែលោក​គិតថា រូបមន្ត​ថ្មី​នេះ ទំនងជា​ចំណាយពេល​យូរ ​ទម្រាំ​ប្រាក់​នោះ​ទៅ​ដល់ដៃ​មន្ត្រីនគរបាល​ជាក់ស្ដែង។​

«​រូបមន្ត​ថ្មី​នេះ វា​យូរ​។ ទម្រាំ​អ្នក​ពិន័យ​នេះ​គេ​ទៅ​បង់​។ ហើយ​ការទូទាត់​ថវិកា​ទៅដល់​ប៉ូលិស វា​យូរ​ដែរ​។ នេះជា​ឧបសគ្គ​មួយ ហើយ​យើង​ក៏​បារម្ភ​ដែរ​ថា ​រូបមន្ត​បែប​ហ្នឹង អាចធ្វើ​ឲ្យ​ហានិភ័យ ឬក៏​ប៉ូលិស​មិន​ទទួលបាន​ផលប្រយោជន៍​ពី​ការផាកពិន័យ ដោយសារតែ​ការគ្រប់គ្រង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា មាន​ទម្លាប់​នៃ​អំពើពុករលួយ​ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​ប្រព័ន្ធ​ដែល​គេ​ស្នើសុំ ត្រូវបាន​វាយតម្លៃ​ជោគជ័យ​ទាប​»​។​

​លោក សន ជ័យ ពន្យល់ថា ទិដ្ឋភាព​រួម​នៃ​ការបែងចែក​ប្រាក់​ពិន័យ​៧០ភាគរយដល់​មន្ត្រី​ចរាចរណ៍​តាម​គោលដៅ ហាក់ដូចជា​កំពុង​រួមចំណែក​ក្នុងការ​អនុវត្ត​ច្បាប់​ចរាចរណ៍​។ ប៉ុន្តែ អតុល្យភាព​នៃ​ការបែងចែក​ផលចំណេញ​ពី​ការផាកពិន័យ គឺជា​ក្តីបារម្ភ​របស់លោក​។​

​លោក មានប្រសាសន៍ថា ការបែងចែក​ប្រាក់​ពិន័យ​ទៅតាម​ចំនួន​ករណី​ដែល​ប៉ូលិស​ចរាចរណ៍​នីមួយៗ បានធ្វើការ​ផាកពិន័យ​នេះ អាច​នឹង​បង្ក​ឲ្យ​មានទំនាស់​ផលប្រយោជន៍​នា​ពេល​ខាងមុខ​។​

«​អត្តសញ្ញាណ​មន្ត្រីរាជការ​ដូចគ្នា តែ​ជោគវាសនា​ផ្សេងគ្នា​។ ប៉ូលិសត្រូវប៉ាន់ តែ​ប៉ូលិស​ចរាចរណ៍​នៅ​ទីប្រជុំជន ចុះ​ប៉ូលិស​ចរាចរណ៍​តាម​ទីជនបទ​? ប៉ូលិស​ដូច​តែ​គ្នា​ហ្នឹង​។ ថ្ងៃក្រោយ អាច​នាំ​ឲ្យ​មានទំនាស់​រវាង​ប៉ូលិស​ចរាចរណ៍​។ អ៊ីចឹង ប៉ូលិស​តាម​ជនបទ សុំ​ដូរ​មក​កណ្ដាល​ភ្នំពេញ​ ក្រែង​បាន​ប្រាក់​ផាក​ច្រើន​ដូច​គេ​»​។​

​លោក សន ជ័យ ស្នើ​ឲ្យ​រដ្ឋាភិបាលបែងចែក​ផលចំណេញ​នេះ​ឲ្យ​មាន​ភាពស្មើគ្នា​ក្នុង​រង្វង់​ភាគី​ពាក់ព័ន្ធ ចៀសវាង​មាន​ការបាក់​ទឹកចិត្ត ​ពី​សំណាក់​មន្ត្រី​អនុវត្ត​ន៍ច្បាប់​ក្នុង​រូបភាព​ណាមួយ​។​

​លោក ណែ​ប ស៊ីន​ថៃ នាយក​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ គាំទ្រ​ការផ្ដល់ប្រាក់​លើកទឹកចិត្ត​ដល់​មន្ត្រីនគរបាល​ចរាច​រណ៍​នេះ ក៏ប៉ុន្តែ​រូបលោក ក៏​ចង់​ឲ្យ​មានការ​បែងចែក​ថវិកា​មួយចំនួន ​ចំពោះ​ការអប់រំ​ផ្សព្វផ្សាយ​អំពី​ចរាចរណ៍ និង​មួយចំនួនទៀត ប្រើប្រាស់​ទៅលើ​ផលប្រយោជន៍​ការងារ​ចរាចរណ៍ តួយ៉ាង​ការបន្ថែម​ស្លាក​សញ្ញា​ចរាចរណ៍​នៅតាម​ដងផ្លូវ​ជាដើម​។​

​ទន្ទឹមនឹង​ការចង់​ឃើញ​ប្រាក់បៀវត្ស​សមរម្យ​សម្រាប់​មន្ត្រី​ចរាចរណ៍ លោក ណែ​ប ស៊ីន​ថៃ អះអាងថា ការបំពេញភារកិច្ចរ​បស់​មន្ត្រី​ចរាចរ មិនគួរ​គប្បី​ចាំ​ទាល់​តែមាន​ប្រាក់​លើកទឹកចិត្ត​នោះទេ​។​

«​បើ​និយាយ​មួយ​ភ្លែត​យើង​យល់ថា នេះ​ជា​រង្វាន់​លើកទឹកចិត្ត​ដល់​មន្ត្រី ដើម្បី​ធ្វើការ​ឲ្យ​បាន​សស្រាក់សស្រាំ​។ តែបើ​ក្រឡេក​មួយផ្នែក​ទៀត វា​បង្ហាញថា​ស្ថាប័ន​ដែលមាន​កាតព្វកិច្ច ធ្វើការ​ងារ​នេះ បែរជា​ធ្វើការ​មិនបាន​ពេញលេញ ទាល់​តែមាន​ប្រាក់​បន្ថែមបានធ្វើការ​»​។​

​យ៉ាងណាមិញ លោក រុន រ័ត្ន​វាសនា អះអាងថា នីតិវិធី​នៃ​ការបង់ប្រាក់ និង​បែងចែក​ប្រាក់​ពិន័យ​នេះ មានការ​ទូទាត់​បញ្ជី​ជា​រៀងរាល់ថ្ងៃ​។ ហើយ​លោក​ថា ការធ្វើ​ដូច្នេះ វា​មាន​តម្លាភាព ជាង​ការទូទាត់​ការផាកពិន័យ​ជា​សាច់ប្រាក់​ភ្លាមៗ​ដូច​លើក​មុន​។​

«​យើង​ឃើញ​អនុវត្ត​ន៍មួយខែ​នេះ មិនមាន​បញ្ហា​។ មាន​តម្លាភាព ដោយសារ​ទី​១ អ្នកចេញ​បង្កាន់ដៃ​ពិន័យ មិនមែនជា​អ្នកទទួល​ប្រាក់​ពិន័យ​។ អ៊ីចឹង គាត់​អត់​ដឹងថា បង់​ប៉ុន្មាន​អី​ប៉ុន្មាន​ទេ​។ គាត់​មាន​សិទ្ធិ​ចេញ​តែ​ក្រដាស​ហ្នឹង​។ គាត់​អត់​មានបាន​ទទួល​ថវិកា​ទេ​។ អ៊ីចឹងវា​មាន​តម្លាភាព​ហើយ ហើយ​អ្នក​ដែល​យក​បង្កាន់ដៃ​ទៅ​បង់ប្រាក់ កាលណា​គាត់​ឃើញ​បង្កាន់ដៃ​ពិន័យ​ប៉ុណ្ណា គាត់​ចេញ​បង្កាន់ដៃ​បង់ប្រាក់​ប៉ុណ្ណឹង​»​។​

​លោក រុន រ័ត្ន​វាសនា បញ្ជាក់ថា រដ្ឋាភិបាល មាន​គម្រោង​រៀបចំ​ឲ្យ​មានការ​បង់ប្រាក់​ពិន័យ​តាមរយៈ​ប្រព័ន្ធ​ធនាគារ​នាពេល​អនាគត ដើម្បី​បន្ថែម​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ និង​ធានា​តម្លាភាព​នៃ​ការបង់ប្រាក់​ឲ្យ​កាន់តែ​ខ្ពស់​ថែមទៀត​។​

​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​កាលពី​ថ្ងៃ​ចន្ទ​នោះ ក្រសួងមហាផ្ទៃ បានសម្រេច​បង្កើត​ក្រុមការងារ​ចំនួន​៧​ក្រុម​បន្ថែមទៀត​។ ក្នុងនោះ រួមមាន ក្រុមការងារ​ត្រួតពិនិត្យ​សាលាបង្រៀន​បើកបរ ក្រុមការងារ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ក្រុមការងារ​ផ្សព្វផ្សាយ​អប់រំ ក្រុមការងារ​ត្រួតពិនិត្យ​ល្បឿន និង​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង ក្រុមការងារ​ចល័ត​ត្រួតពិនិត្យ​បទល្មើស​ចរាចរណ៍ ក្រុមការងារ​គ្រប់គ្រង​ទិន្នន័យ​យានយន្ត ហើយ​និង​ក្រុម​សង្គ្រោះបន្ទាន់​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​នេះដែរ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក៏​លើកឡើង​ពី​គម្រោង​នៃ​ការដាក់​ក្រុមការងារ​នៅតាម​ហាង​លក់​គ្រឿង​ស្រវឹង ឬ​រង្គសាល​នានា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ផងដែរ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com