ជាតិ
ជនពិការ​ឆ្ងល់​ថា ហេតុអ្វី​បានជា​សាធារណជន​បំពាន​លើផ្លូវ​សម្រាប់​ពួកគាត់​ធ្វើដំណើរ​?
03, Feb 2016 , 7:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ជនពិការ​បានលើកឡើង​ថា ពួកគេ​នៅតែ​ជួប​ការលំបាក​នៅពេល​ពួកគេ​ចង់ ធ្វើដំណើរ​តាម​ដងផ្លូវ​សាធារណៈ ព្រោះថា​អាជ្ញាធរ​ពុំបាន​រៀបចំ​ផ្លូវ និង​ជម្រាល​ធ្វើដំណើរ​សាធារណៈ​សម្រាប់​ជនពិការ​។ ជាង​នេះ ពួកគេ​បាន​អំពាវនាវ​អាជ្ញាធរ និង​សាធារណជនចូលរួម​ជួយ​លើកកម្ពស់​សិទ្ធិ​ជនពិការ តាមច្បាប់​ស្តីពីសិទ្ធិ​ជនពិការ​។​



​លោក មាន វិបុល​រតនៈ ជា​តំណាង​ពិការ​កម្ពុជា និង​ជា​ជំនួយការ​គ្រូ​បង្គោល​នៅ​អង្គការ​ជនពិការ​កម្ពុជា (CDPO)  បាន​និយាយថា លោក​ពិតជា​មានការ​ពិបាក​ធ្វើដំណើរ​នៅតាម​ទីសាធារណៈ​ខ្លាំង នៅពេល​លោក​ចង់​ធ្វើដំណើរ​ទៅណា​មក​ណា លោក​ពុំ​ឃើញ​មាន​គន្លង​ផ្លូវ​ដំណើរ​សាធារណៈ និង​ជម្រាល​ផ្លូវ​សម្រាប់​ជនពិការ​ឡើយ​។​

​បុរស​ពិការ​ជើង​រូបនេះ កំពុង​អង្គុយ​លើ​រទេះរុញ​ជនពិការ​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ចង់​ជិះ​រថយន្តក្រុង​ក៏​លំបាក​ដែរ ព្រោះ​ចំណត​រថយន្តក្រុង​អត់​មាន​ជម្រាល ហើយ​ជម្រាល​តូចចង្អៀត សម្រាប់​ជនពិការ​។ តាមផ្លូវ​សាធារណៈ​ ពុំ​គន្លង​សម្រាប់​ជនពិការ គ្មាន​ជម្រាល ហើយ​បើ​មាន​គំនូស​សញ្ញា​ត្រូវបាន​គេ​ចត​រថយន្ត លក់​ដួ​រ​រំលោភបំពាន​។ ខ្ញុំ​ឆ្ងល់​ណាស់​ហេតុអ្វី​ពួកគេ​ពុំ​យល់​ពី​ការលំបាក​របស់​ជនពិកា​រ​?

​លោក​បានស្នើ​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ ជួយ​សង់​ជម្រាល​ផ្លូវ និង​បង្កាន់ដៃ​តាម​ទីសាធារណៈ សម្រាប់​ជនពិការ ដើម្បី​ពួកគេ​ងាយស្រួល​ធ្វើដំណើរ​ទៅធ្វើ​ការ ឬ​ក្នុង​គោលបំណង​ផ្សេងៗ ។​


​លោក ងិន សៅ​រ័ត្ន នាយក​ប្រតិបត្តិ​អង្គការ​ជនពិការ​កម្ពុជា (CDPO) បាន​និយាយ​ក្នុង​វេទិកាការងារ​សម្រាប់​យុវជន​ពិការ នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦​ ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​គួរតែ​អនុវត្ត​ន៍តាមច្បាប់​ស្តីពីកិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ ដែល​បានចែង​កំណត់ថា រាល់​ទីកន្លែង​សាធារណៈ ត្រូវ​រៀបចំ​ឲ្យ​មាន​លក្ខណៈ​ងាយស្រួល​ចេញចូល​សម្រាប់​ជនពិការ​។ យ៉ាងណា លោក​ថា ចំណេះដឹង​របស់​ប្រជាជន​កម្ពុជាពាក់ព័ន្ធ​នឹង​សិទ្ធិ​ជនពិការនៅមានកម្រិត ដូចនេះ​លោក​ថា ពួកគេពុំបាន​ចូលរួម​លើកកម្ពស់​សិទ្ធិ​ធ្វើដំណើរ​របស់​ជនពិកា​រ​បាន​ពេញលេញ​នៅឡើយ​។​

​លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​អាជ្ញាធរ​សាលាក្រុង​ភ្នំពេញ ​គួរតែ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ កុំ​ឲ្យ​បំពាន​ផ្លូវ​សាធារណៈ​សម្រាប់​ជនពិការ និង​រក​ដំណោះស្រាយ​រៀបចំ​សណ្តាប់ធ្នាប់គំនូស​ផ្លូវ​សាធារណៈ​សម្រាប់​ពួកគាត់ ហើយ​ប្រសិន​ពលរដ្ឋ​នៅតែ​បំពាន​នោះ អាជ្ញាធរ​គួរ​ចេញវិធានការ​ពិន័យ​រដ្ឋ​បាល ឬ​ដាក់​ទោសទណ្ឌ​តាមច្បាប់ ឬ​ពិន័យ​យ៉ាងដូចម្តេច ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ជន​ពិការ​ នៅ​ទីសាធារណៈ​។ យើង​សោកស្តាយ​ដែល​អាជ្ញាធរ​ពុំបាន​ចាត់វិធានការ​នេះ​»​។​

​បើតាម​លោក ងិន សៅ​រ័ត្ន ធនាគារ (World Bank) និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) បាន​រកឃើញថា កម្ពុ​ជាមាន​ជនពិការ​ចំនួន​ជាង ១០​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប ទូទាំងប្រទេស​។​

​បើ​យោងតាម​ជំពូក​ទី​៥ មាត្រា ២១ នៃ​ច្បាប់​ស្តីពី កិច្ចការពារ​និង​លើកកម្ពស់​សិទ្ធិ​ជនពិការ ដែល​ត្រូវបាន​រដ្ឋសភា​អនុម័ត កាល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០០៩ បានចែង​ពី​ការចេញចូល ទីកន្លែង​សាធារណៈ​របស់​ជនពិកា​រថា រាល់​ទីកន្លែង​សាធារណៈ ត្រូវ​រៀបចំ​ឲ្យ​មាន​លក្ខណៈ ងាយស្រួល​ចេញចូល​សម្រាប់​ជនពិការ​គ្រប់​ប្រភេទ ដូចជា ការធ្វើ​ជម្រាល ការបំពាក់​ឧបករណ៍​ធ្នាក់​ដៃ​នៅតាម​បន្ទប់ទឹក ការដាក់​ផ្លាកសញ្ញា​នានា​។ រីឯ មាត្រា ២២ ចែងថា ក្រសួង​មាន​សមត្ថកិច្ច​ដែល​ផ្តល់​លិខិតអនុញ្ញាត​លើ​គម្រោង​សាងសង់ ការសាងសង់ និង​ត្រួតពិនិត្យ​សំណង់​ទីកន្លែង​សាធារណៈ ត្រូវ​ធានា​លក្ខណៈ​ងាយស្រួល​ចេញចូល​របស់ ជនពិការ ដូច​មានចែង​ក្នុង​មាត្រា ២១ ។​

​បើតាម​សារលិខិត​របស់​សម្តេច ហ៊ុន សែន ក្នុងឱកាស​ទិវា​ជនពិការ​កម្ពុជា​លើក​ទី ១៧ និង​ទិវា​ជនពិការ​អន្តរជាតិ​លើក​ទី ៣៣ កាល​ថ្ងៃទី ៣ ធ្នូ​ឆ្នាំ​២០១៥ សម្តេច ហ៊ុន សែន បាន​អំពាវនាវ​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ទាំង​រដ្ឋ និង​ឯកជន​ទាំងអស់ ឲ្យ​បង្កលក្ខណៈ​ងាយស្រួល​ចេញចូល​នៅ​ទីកន្លែង​សាធារណៈ​សម្រាប់​ជនពិការ​គ្រប់​ប្រភេទ ដូចជា ការរៀបចំ​ចំណត​យានយន្ត​ពិសេស​ការធ្វើ​ជម្រាល​ការបំពាក់​ឧបករណ៍​ធ្នាក់​ដៃ​តាម បន្ទប់ទឹក ការដាក់​ស្លាក​សញ្ញា​នានា​នៅតាម​ក្រសួង ស្ថាប័នរដ្ឋ មជ្ឈមណ្ឌល​វប្បធម៌​កន្លែង​លេង​កីឡា និង​កន្លែង​កម្សាន្ត​នានា  ដើម្បី​ជាការ​លើកទឹកចិត្ត និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ជនពិការ​។​

​លើសពីនេះ សម្តេច​ណែនាំ ក្រសួង​ស្ថាប័នរដ្ឋ និង​ផ្នែក​ឯកជន​ត្រូវ​បន្ត​លើកទឹកចិត្ត​ជនពិការ​ឲ្យ​ចូលរួម​ការងារ​ក្នុង មុខតំណែង ឬ​ធ្វើជា​បុគ្គលិក​បន្ត​ជំរុញ​លើកតម្កើង​ជីវភាព​រស់នៅ​របស់​ជ​ន​ពិការ​ឲ្យ បាន​សមរម្យ​។ ក្នុង​ឆ្នាំ ២០១៤ ជនពិការ​សរុប​ចំនួន ២៥៥០ នាក់​ស្មើនឹង ១,១៧ ភាគរយ​នៃ​ចំនួន​បុគ្គលិក​សុ​រប បាន​ចូលរួម​បម្រើ​ការងារ​រដ្ឋ ដោយឡែក បច្ចុប្បន្ននេះ ក្រសួង និង​ស្ថាប័នរដ្ឋ​នានា បាននិងកំពុង​ជ្រើសរើស​ឲ្យ​គ្រប់​តាម​អត្រា​កំណត់ ចំនួន ២ ភាគរយ​ក្នុង​ឆ្នាំ ២០១៥ ស្មើនឹង ៣៩៤៩ នាក់​។​

​លោក ងិន សៅ​រ័ត្ន បាន​និយាយថា ស្ថាប័ន​របស់​រដ្ឋ​ស្ទើរតែ ៩០ ភាគរយ​នៅតែ​ពុំទាន់​មាន​សង់​ជម្រាល​ដល់​បងប្អូន​ជនពិការ ហើយ​ឱកាស​ការងារ​របស់​ជ​ន​ពិការ​ក៏​មិនទាន់បាន​គ្រប់​ចំនួន ២ ភាគរយ​ទៅតាម​គោលការណ៍​នៅឡើយ​។

​គួរ​បញ្ជាក់ថា ជនពិការ​សំដៅ​ដល់​ជន​ឡាយ​ណា​ដែល​ខ្វះខាត បាត់បង់​ខូ​ត​ខាត​សរីរាង្គ​ណាមួយ ឬ​សតិបញ្ញាបណ្ត​ល​ឲ្យ​មានការ​រំខាន​ដល់​ជីវ​រស់នៅ រួមមាន ជនពិការ​រាងកាយ ពិការភ្នែក ពិការ​គរ​ថ្លង់ ពិការ​សតិបញ្ញា និង​ពិការ​មនសិកា​វិកល​ផ្សេងៗ​ទៀត​៕


Tag:
 ជនពិការ​
© រក្សាសិទ្ធិដោយ thmeythmey.com