ជាតិ
ក្រសួង​ព័ត៌មាន​គ្រោង​បញ្ចប់​សេចក្តីព្រាងច្បាប់​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ក្នុងឆ្នាំនេះ​
04, Feb 2016 , 9:40 am        
រូបភាព
​ក្រុមការងារ​តាក់តែង​សេចក្តីព្រាងច្បាប់​ស្តី​សិទ្ធិ​ទទួលបាន​ព័ត៌មាន ​បាន​បន្ត​ការពិភាក្សា​តាក់តែង​ច្បាប់​សំខាន់​នេះ​ នៅ​ព្រឹក​ថ្ងៃទី​៤​ខែកុម្ភៈ​នេះ​នៅ​ភោជនីយដ្ឋាន​អ័​រ​គី​ដេ​។ ការពិភាក្សា​នេះ​ត្រូវបាន​ដឹកនាំ​ដោយ លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ និង​លោកស្រី អាន ឡឺ​ម៉ែត (Anne Lemaistre) តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​។​



​នៅពេល​ផ្តើម​កិច្ចពិភាក្សា ​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានប្រកាស​ប្រាប់​សមាជិក​ក្រុមការងារ​ថា លោក​ស្នើ​ព​ន្លឿ​ន​កិច្ចប្រជុំ​ពិភាក្សា​មួយដង​រៀងរាល់ខែ ដែល​តាម​គម្រោង កិច្ចពិភាក្សា​នេះ ​ត្រូវបាន​សម្រេច​រៀបចំ​រៀង​រាល់​២​ខែម្តង​។ សម្រាប់​លោក​រដ្ឋមន្ត្រី លោក​ចង់​បញ្ចប់សេចក្តី​ព្រាវ​ច្បាប់​នេះ ​ឲ្យ​បាន​មុន​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​ឆ្នាំ​២០១៧​។​

​លោក ខៀវ កាញារីទ្ធ បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​ប្រជុំពិភាក្សា​រៀងរាល​២​ខែ គឺ​យឺត​ណាស់​។ ខ្ញុំ​ចង់​ឲ្យ​សេចក្តីព្រាងច្បាប់​នេះ​ចប់​ក្នុង​ឆ្នាំ​២០១៦ គឺ​មុន​ការបោះឆ្នោត​ឃុំ​សង្កាត់​»​។​


​សូមបញ្ជាក់ថា ក្រសួង​ព័ត៌មាន និង​អង្គការ​យូណេស្កូ ដោយមាន​ការគាំទ្រ​ពី​ស្ថានទូត​ស៊ុយ​អ៊ែត មាន​គម្រោង​តាក់តែង​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន ​ក្នុង​រយៈពេល​៣​ឆ្នាំ​។ មកដល់ពេលនេះ ក្រុមការងារ​តាក់តែង​ច្បាប់​បាន​ដំណើរការបាន​១១​ខែ​ហើយ​។​

​នៅក្នុង​សេចក្តីព្រាងច្បាប់​បឋម​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​មាន​២០​មាត្រា​។​

​គួរ​រម្លឹក​ផងដែរ​ថា ក្រសួង​ព័ត៌មាន​ក៏​ទើប​សម្ពោធ​ផ្សព្វផ្សាយ​វេ​ប​សាយ www.a2i.info.gov.kh ដើម្បី​ទទួល​មតិយោបល់​ពី​សាធារណជន ​លើ​សេចក្តីព្រាងច្បាប់​ស្តី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​នេះ​៕



© រក្សាសិទ្ធិដោយ thmeythmey.com