ជាតិ
ខេត្ត​ចំនួន​៥​នឹងរង​អាកាសធាតុ​ត្រជាក់​ពី​១៥-១៧​អង្សា​នៅ​សប្តាហ៍​ក្រោយ​
04, Feb 2016 , 10:33 am        
រូបភាព
 
​អាកាសធាតុ​នៅក្នុង​បណ្តា​ខេត្ត​ចំនួន​៥ នៅក្នុង​ប្រទេស​កម្ពុជា នឹង​ចុះ​ត្រជាក់​ដល់​១៥​ទៅ​១៧​អង្សា​សេ រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៧​ដល់​ថ្ងៃទី​៩​ខែកុម្ភៈ​ខាងមុខ​។ បណ្តា​ខេត្ត​ទាំង​៥​នោះ រួមមាន ខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ ឧ​ត្ត​រ​មានជ័យ និង​បន្ទាយមានជ័យ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​នាយកដ្ឋាន​ឧតុនិយម​។



​បើតាម​សេចក្តីជូនដំណឹង​ដដែល អាកាសធាតុ​ចុះ​ត្រជាក់​នេះ គឺ​ដោយសារតែ​សម្ពាធ​បរិយាកាស​ខ្ពស់នៅលើ​ប្រទេស​ចិន បាននិងកំពុង​បង្កើន​ឥទ្ធិពល​សាជាថ្មី​ទៀត​មកលើ​ប្រទេស​កម្ពុជា​។ 
 
​លោក អ៊ុំ រី​ណា ប្រធាន​នាយកដ្ឋាន​ឧតុនិយម បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅថ្ងៃនេះ​ថា នៅ​ថ្ងៃទី​៧​ដល់ទី​៩​ខែកុម្ភៈ​នេះ មិន​ត្រឹមតែ​អាកាសធាតុ​ចុះ​ត្រជាក់​ពី​១៥​ទៅ​១៧​អង្សា​សេ​ទេ ប៉ុន្តែ​វា​ក៏បាន​នាំមក​ជាមួយ​នូវ​ខ្យល់​ធ្លាក់ ដែលមាន​ល្បឿន​ពី​៥​ទៅ៧​ម៉ែត្រ​ក្នុង​មួយ​វិនាទី​ផងដែរ។ ដូច្នេះ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តា​ខេត្ត​ទាំងនោះ យកចិត្តទុកដាក់ បង្ការ និង​ការពារ​ចំពោះ​អាកាសធាតុ​ចុះ​ត្រជាក់​នេះ ជាពិសេស​កូនក្មេង និង​មនុស្ស​ចាស់​។ នេះ​ជាការ​បន្ថែម​របស់លោក អ៊ុំ រី​ណា​។​
 
​បើតាម​មន្ត្រី​ជំនាញ​ដដែល ពីថ្ងៃ​ទី​៧​ដល់ទី​៩​ខែកុម្ភៈ​បណ្តា​ខេត្ត​ចំនួន​៤​ទៀត ក៏មាន​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​ដែរ គឺ​ខេត្តបាត់ដំបង ប៉ៃលិន សៀមរាប និង​ខេត្តស្ទឹងត្រែង​។ បើតាមលោកប្រធាន​នាយកដ្ឋាន​ឧតុនិយម ខេត្ត​ទាំង​៤​នេះ នឹងមាន​សីតុណ្ហភាព​អ​ប្បរមាពី​១៧​ដល់​១៩​អង្សា​សេ ​សីតុណ្ហភាព​អតិបរិមា​ពី​២៨​ដល់​៣០​អង្សា​សេ និង​មាន​ខ្យល់​ធ្លាក់ដែលមានល្បឿន​ពី៤ទៅ៦ម៉ែត្រក្នុងមួយវិនាទី។ 

​ដោយឡែក​សម្រាប់​បណ្តា​ខេត្ត​ផ្សេងទៀត រួមទាំង​រាជធានី​ភ្នំពេញ​ផង អាកាសធាតុ​មិនមាន​ការប្រែប្រួល ឬត្រជាក់​ខ្លាំង​ឡើយ គឺ​អាចមាន​សីតុណ្ហភាព​ចន្លោះ​ពី​២០ ទៅ​២២​អង្សា​៕

Tag:
 អាកាសធាតុ​
 ​អ៊ុំ រី​ណា​
© រក្សាសិទ្ធិដោយ thmeythmey.com