ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាល​បើក​យុទ្ធនាការ​កម្ចាត់​មូស​ការពារ​វីរុស​Zika
04, Feb 2016 , 11:23 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ មន្ត្រី​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺគ្រុនឈាម និង​ជំងឺគ្រុនចាញ់ បានធ្វើ​សកម្មភាព​បាញ់ថ្នាំ​សម្លាប់​មូស ដើម្បី​ពិនិត្យមើល​វីរុស Zika ដែល​កំពុងតែ​រាលដាល​នៅ​តំបន់​អាហ្វ្រិក និង​អាមេរិក​ខាងត្បូង​។​


​មន្ត្រី​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺគ្រុនឈាម និង​ជំងឺគ្រុនចាញ់ ប្រមាណ១៥ នាក់ នៅ​ព្រឹក​នេះ បាន​ចុះ​បាញ់ថ្នាំ​សម្លាប់​មូស​នៅតាម​ផ្ទះ​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរផ្លូវ​រថ​ភ្លើង​ក្នុង​សង្កាត់​ទួល​សង្កែ​។ យុទ្ធនាការ​នេះ ក៏​ដើម្បី​ចាប់​មូស​ពិនិត្យ​រក​វីរុស Zika ក្រែង​រាលដាល​មកដល់​ប្រទេស​កម្ពុជា​។ ជាងនេះទៀត មន្ត្រី ក៏​ប្រាប់​ពលរដ្ឋ​ឲ្យ​លាង​សម្អាត​ពាងទឹក​ជាប្រចាំ​ផងដែរ កុំ​ឲ្យ​មូស​កើត​ច្រើន​។ 
 
​ជំងឺ​ដែល​បង្ករ​ដោយ​វីរុស Zika នេះ​មាន​រោគសញ្ញា ដូចជា គ្រុនក្ដៅ​ស្រាល ឈឺក្បាល កន្ទួល​ក្រហម​លើ​ស្បែក ក្រហម​ភ្នែក ឈឺសន្លាក់ ហើយ​ភាគច្រើន​ជា​វិញ​ពី​២​ទៅ​៧​ថ្ងៃ​។ សម្រាប់​អត្រា​ស្លាប់​ដែល​បណ្ដាល​ដោយ​ជំងឺ​នេះ​មាន​កម្រិត​តិចតួច ប៉ុន្តែ​វីរុស​នេះ​អាច​វិវត្តន៍​ទៅជា​ទន់​ដៃជើង ទារក​អាច​ស្លាប់​ក្នុង​ផ្ទៃ​ម្ដាយ និង​ក្បាល​ទារក​តូច​ជាដើម​។ វីរុស​នេះ ក៏​មិនទាន់មាន​ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង​សម្រាប់​ការពារ​នៅឡើយ​នោះទេ​។ ចំណែក​ការព្យាបាល គឺត្រូវធ្វើ​តាម​ការគាំទ្រ​វេជ្ជសាស្ត្រ​។ ដើម្បី​បង្ការ​ជំងឺ​នេះ គឺ​ត្រូវ​បំផ្លាញ​ជំរក​មូល និង​ការពារ​កុំ​ឲ្យ​មូស​ខ្លាខាំ​។​
 
​នៅ​ឆ្នាំ​២០១០ វីរុស Zika ត្រូវបាន​រកឃើញ​នៅ​កម្ពុជា និង​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៤ រកឃើញ​នៅក្នុង​ប្រទេស​ថៃ​តែ​ត្រូវបានធ្វើ​ការទប់ស្កាត់​ទាន់ពេល​បាន​មួយចំនួន​។ ចំណែក​ខែមករា ឆ្នាំ​២០១៦ ជំងឺ​នេះ​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ប្រទេស​តៃវ៉ាន់​។​
 
​គួ​បញ្ជាក់ថា វីរុស នេះ​រកឃើញ​ដំបូង​នៅលើ​សត្វ​ស្វា​ក្នុង​ឆ្នាំ​១៩៤៧ និង​លើ​មនុស្ស ក្នុង​ឆ្នាំ​១៩៥២ នៅ​ប្រទេស Uganda នៃ​ទ្វីបអាហ្វ្រិក​។ វីរុស​Zika រាតត្បាត​ខ្លាំង​ឡើង​បន្ទាប់ពី​ការទា​ត់បាល់​ពិភពលោក​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ឆ្នាំ​២០១៤ ហើយ​ធ្លាប់បាន​ផ្ទុះឡើង​នៅ​ទ្វីបអាហ្វ្រិក អាមេរិក និងអាស៊ី​ប៉ាស៊ីហ្វិក​ផងដែរ​៕

Tag:
 Zika
© រក្សាសិទ្ធិដោយ thmeythmey.com