ជាតិ
អាជ្ញាធរ​ហាម​មិន​ឲ្យ​ដុត​ផាវ​ កាំជ្រួច លេងល្បែង​ស៊ីសង នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​
04, Feb 2016 , 1:22 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ​បាន​ហាមប្រាម​ជាដាច់ខាត​រាល់​ការដុត​ផាវ កាំជ្រួច ឧបករណ៍​បង្ក​សំឡេង​ផ្ទុះ​គ្រប់​ប្រភេទ និង​ការលេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ ព្រមទាំង​រាល់​ការហែក្បួន​ប្រពៃណី និង​សាសនា​ដែល​គ្មាន​ការអនុញ្ញាត ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន និង​វៀតណាម​រយៈពេល ៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៧ ដល់ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។ រាល់​ការលក់​ផាវ​កាំជ្រួច​អាជ្ញាធរ​ត្រូវ​ត្រួតពិនិត្យ​ដកហូត​វត្ថុ​ទាំងនោះ នៅ​គ្រប់កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។



​តាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​ស្តីពី កា​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន និង​វៀតណាម ចុះ​ថ្ងៃទី​៤ កុម្ភៈ​នេះ វិធានការ​ណែនាំ​អាជ្ញាធរ​ពាក់ព័ន្ធ សមាគម ក្រុមហ៊ុន​ឯកជន អង្គការ​មិនមែន​រដ្ឋាភិបាល និង​សាធារណជន​ក្នុង​រាជធានី​ភ្នំពេញ​នេះ មាន​គោលបំណង​រក្សា​នូវ​សន្តិសុខ​សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​។​

​សាលា​រាជធានី​ណែនាំ​អាជ្ញាធរ​ក្រោម​ឱវាទ និង​វិស័យ​ឯកជន​ត្រូវ​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ សេចក្តីថ្លៃថ្នូរ និង​ត្រូវ​ប្រុងប្រយ័ត្ន ចំពោះ​ការអុជ​ទៀនធូប ក្រដាស សែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែល​អាច​បង្ក​គ្រោះ​អគ្គិសនី​ជាយថាហេតុ​។ ចំពោះ​ការដុត ក្រដាសសែន អាជ្ញាធរ​ណែនាំ​សាធារណជន​ឲ្យ​ប្រើប្រាស់​ធុង​ដែក ឬ​ឆ្នាំង ដើម្បី​ដុត​ក្រដាស សែន ហើយ​ហាម​ដាច់ខាត​ការដុត​លើ​ចិញ្ចើមផ្លូវ និង​ទ្រូងផ្លូវ​សាធារណៈ​។​

​លើសពីនេះ សាលា​រាជធានី​បាន​ណែនាំ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ម៉ឹងម៉ាត់​បំផុត កុំ​ឲ្យ​មានការ​នាំចូល​ផាវ កាំជ្រួច ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ តាម​ច្រកចេញចូល​រាជធានី​ភ្នំពេញ និង​ត្រូវ​ត្រួតពិនិត្យ​ដកហូត​វត្ថុ​តាង ដែលមាន​តាំង​លក់​នៅ​គ្រប់កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ចាប់ពីពេលនេះ​។​

​តាមរយៈ​លិខិត​ខាងលើ សាលា​រាជធានី បាន​បន្ត​ណែនាំ​កម្លាំង​មាន​សមត្ថកិច្ច អាជ្ញាធរ​សាលាខណ្ឌ និង​សង្កាត់ ឲ្យ​ផ្សព្វផ្សាយ​ណែនាំ​មន្ត្រីរាជការ និយោជិត កម្លាំង​ក្រោម​ឱវាទ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ព្រមទាំង​ចេញ​បទបញ្ជា​អនុវត្ត​ឲ្យ​បាន​ម៉ឹងម៉ាត់​តាម​ការណែនាំ​នេះ ប្រកបដោយ​ប្រសិទ្ធភាព​។​

​សាលា​រាជធានី​ភ្នំពេញ បញ្ជាក់ថា ជន​ណា​បំពាន​លើ​សេចក្តីណែនាំ​ខាងលើនេះ ឬ​ប្រព្រឹត្តល្មើស​បង្ក​ឲ្យ​មាន​ចលាចល​ក្នុងសង្គម បាត់បង់​សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និង​របៀប រៀបរយ​សាធារណៈ ត្រូវ​ទទួលទោស​តាមច្បាប់​ជា​ធរមាន​៕


Tag:
 អាជ្ញាធរ​
 ​ សាលា​រាជធានី
© រក្សាសិទ្ធិដោយ thmeythmey.com