ជាតិ
ឆ្នាំ​២០១៥៖ កម្មករនិយោជិត​ស្លាប់​ចំនួន ១៣០​នាក់ ដោយសា​គ្រោះថ្នាក់​ចរាចរណ៍​
04, Feb 2016 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កម្មករនិយោជិត​ចំនួន ១៣០​នាក់ បាន​ស្លាប់ ចំណោម​កម្មករនិយោជិត​រងគ្រោះ​សរុប​ចំនួន ៧៣៥៧​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៥ ចំនួន ៦៤៩១​ករណី ។ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤ ចំនួន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ ២០១៥​នេះ​កើនឡើង ២៦៩១​ករណី ក្នុងនោះ ស្លាប់​កើន​ចំនួន ៥៧​នាក់​។ នេះ​បើតាម​ប្រសាសន៍​លោក សេង សក្តា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការងារ​។​



​លោក សេង សក្តា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការងារ​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​)​បាន​ថ្លែងថា កម្មករនិយោជិត​ចំនួន ៧៣៥៧​នាក់ បាន​រងគ្រោះ​ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៦៤៩១​ករណី​ក្នុងនោះ កម្មករនិយោជិត​ចំនួន ១៣០​នាក់​បាន​ស្លាប់ និង ៧២២៧ រងរបួស​ធ្ងន់​ស្រាល​។ លោក​បញ្ជាក់ថា​ថា មធ្យោបាយ​ធ្វើដំណើរ​របស់​កម្មករ​និយោជិត​ដែល​អត្រា​ស្លាប់​ច្រើនជាងគេ​មានដូចជា ម៉ូតូ​មាន​ចំនួន ៩០​នាក់ រថយន្ត ៣៣​នាក់ និង​ដោយ​មធ្យោបាយ​ផ្សេងៗ​ទៀត​ចំនួន ៧​នាក់​។​

​លោក​បន្ត​ថ្លែង​ក្នុង​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥​និង​ទិសដៅ​អនុវត្ត​បន្ត​របស់​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករនិយោជិត (​ស​.​ផ​.​ក​) នៅ​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​ថា មូលហេតុ​ចម្បង​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន បើកបរ​ហួស ល្បឿន​កំណត់ បើកបរ​ក្នុងស្ថានភាព​ស្រវឹង ប្រជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ មិន​គោរព​សិទ្ធិ អាទិភាព និង​បើកបរ​មិន​ប្រកាន់​ស្តាំ ជាដើម​។ រីឯ​កត្តា​យានយន្ត​មាន​ចំនួន ២​ភាគរយ កត្តា​ផ្លូវ ១​ភាគរយ និង​កត្តា​ផ្សេងៗ​ចំនួន ៣​ភាគរយ​។​

​លោក​និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​ពិនិត្យ​ជារួម ឆ្លងតាម​ការខិតខំ​ប្រឹង​ប្រែង​បំពេញការងារ​របស់​ក្រុមការងារ ស​.​ផ​.​ក យើង​ឃើញថា នៅក្នុង​ឆ្នាំ ២០១៥​នេះ អត្រា​គ្រោះថ្នាក់​ចរាចរណ៍​លើក​មធ្យោបាយ​ធ្វើដំណើរ​របស់​កម្មករ​បណ្តាលមកពី​យានយន្ត​ដឹក​កម្មករ​មាន​ចំនួន ៥៣​ភាគរយ និង​យានយន្ត​ដទៃ​ចំនួន ៤៧​ភាគរយ​»​។​

​បើតាម​ការប្រៀបធៀប​ទិន្នន័យ​កម្មករនិយោជិត​គ្រោះថ្នាក់​ចរាចរណ៍​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​ឆ្នាំ​២០១៤ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ ២០១៥ មាន​ចំនួន ៦៤៩១​ករណី កើនឡើង ២៦៩១​ករណី ក្នុងនោះ ជនរងគ្រោះ​សរុប​ចំនួន ៧៣៥៧​នាក់ កើនឡើង ២៦២០​នាក់ ស្លាប់​ចំនួន ១៣០​កើនឡើង ៥៧​នាក់ អ្នកបួស​ធ្ងន់​ចំនួន ១០៦៨​នាក់ កើនឡើង ២៧៩​នាក់ និង​របួសស្រាល​ចំនួន​៦១៥៩​នាក់ កើនឡើង​ចំនួន​២២៨៤​នាក់​។​

​លោក សេង សក្តា បានលើកឡើង​ពី​បញ្ហា​ប្រឈម​ចំនួន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ដូចជា អ្នកបើកបរ​ដឹក​កម្ម​ករ​និយោជិត​ភាគច្រើន មិន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រោងចក្រ​សហគ្រាស​, អ្នកប្រើប្រាស់​ផ្លូវ​មួយចំនួន​តូច​មិនសូវ​យកចិត្តទុកដាក់ ចំពោះ​ការគោរព ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​, អ្នកបើក​បរមាន​ប័ណ្ណបើកបរ​មិនត្រូវ​តាម​ប្រភេទ​យានយន្ត​, អ្នកបើកបរ​ពុំបាន​ឆ្លងកាត់​សាលាបង្រៀន​បើកបរ​ត្រឹមត្រូវ​, យានយន្ត​ចាស់​ទ្រុឌទ្រោម​, និង​យានយន្ត​កែច្នៃ​ពុំមាន​ការត្រួតពិនិត្យ​តាម​លក្ខណៈ​បច្ចេកទេស ជាដើម​។​

​បើ​យោងតាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​របស់​នាយកដ្ឋាន​នគរបាល​ជាតិ និង​សណ្តាប់ធ្នាប់​សាធារណៈ បច្ចុប្បន្ន រថយន្ត​ដឹក​កម្មករ​ទូទាំងប្រទេស មាន​ចំនួន ៣៥៩១​គ្រឿង តាម​បណ្តា​រោងចក្រ​ចំនួន ៣០៧ ៕


Tag:
 ​បេឡា​សន្តិសុខ​សង្គម​
 ​ កម្មករ​
  ​គ្រោះថ្នាក់​ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com