ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សុខ ទូច ថា កម្ពុជា​និង​វៀតណាម បោះបង្គោល​ចូល​ទឹកដី​គ្នា​ទៅវិញទៅមក​
04, Feb 2016 , 4:54 pm        
រូបភាព
 
​ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​-​វៀតណាម បាន​រកឃើញ​បង្គោល​ចំនួន ១០០០ ហើយ ក្រោយពី​ចំណាយពេល​ជាង ៧​ខែ ក្នុងការ​ស្រាវជ្រាវ​។ ក្នុងចំណោម​បង្គោល​ទាំង​១០០០ នោះ មាន​បង្គោល​ខ្លះ កម្ពុជា​បាន​បោះ​ចូល​ទឹកដី​វៀតណាម ហើយ​មាន​បង្គោល​ខ្លះទៀត វៀតណាម បាន​ដាំ​ចូល​ទឹកដី​កម្ពុជា​។


​ក្រោយពី​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​-​វៀតណាម​អស់​រយៈពេល​ជាង​៧​ខែ​មកនេះ ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​-​វៀតណាម បានកត់សម្គាល់​ឃើញថា កម្ពុជា​និង​វៀតណាម បាន​បោះបង្គោល​ចូល​ទឹកដី​គ្នា​ទៅវិញទៅមក​។ នេះ​បើតាម​លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា ដែល​បាន​បកស្រាយ​ក្នុង​សន្និសីទកាសែត ស្តីពី​ដំណើរការ​ទូទៅ​នៃ​ការស្រាវជ្រាវ​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​រាជបណ្ឌិត្យសភាកម្ពុជា នាពេល​ព្រឹក​ថ្ងៃទី​៤ កុម្ភៈ នេះ​។ 
 
​លោក សុខ ទូច បាន​អះអាងថា កន្លងមក ភាគី​កម្ពុជា តែង​ប្រតិកម្ម​ខ្លាំងៗ ទៅនឹង​ភាគី​វៀតណាម ព្រោះ​ប្រជាពលរដ្ឋ​កម្ពុជា​ផ្តោតអារម្មណ៍​ទៅលើ​ទិដ្ឋភាព​តែមួយ​ជ្រុង​ប៉ុណ្ណោះ​។ លោក​បន្តថា ពលរដ្ឋ​កម្ពុជា មើល​ឃើញតែ​កន្លែង​ណា​ដែល​វៀតណាម​បោះបង្គោល​លើទឹក​ដី​កម្ពុជា តែ​មិនបាន​មើល តំបន់​ផ្សេង​ដែល​កម្ពុជា បាន​បោះបង្គោល​ចូល​ទឹកដី​វៀតណាម នោះទេ​។ 
 
​លើសពីនេះ​ទៀត លោក សុខ ទូច បាន​សង្កត់ធ្ងន់ៗ​ថា ការស្រាវជ្រាវ​ព្រំដែន​នេះ មិនបាន​ផ្តល់​ផលចំណេញ​ឬ​ខាតបង់​ទឹកដី នៃ​ប្រទេស​កម្ពុជា​និង​វៀតណាម ឡើយ តែ​ជាការ​ស្វែងរក​ការពិត និង​សុក្រឹតភាព​នៃ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។ ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​រូបនេះ​បានបញ្ជាក់​បែបនេះ​ថា​៖«​បើ​និយាយថា​យើង​ចំណេញ មិនត្រូវ​ទេ ហើយ​បើ​និយាយថា​វៀតណាម​ចំណេញ​ក៏​មិនត្រូវ​ដែរ​។ គ្មាន​ខាង​ណា​ចំណេញ ឬ​ខាង​ណា​ខាត​នោះទេ​។ កុំ​និយាយ​រឿង​ចំណេញ តែ​និយាយ​រឿង​ត្រឹមត្រូវ​វិញ​។ បើ​និយាយថា​យើង​ចំណេញ វៀតណាម​មិន​សប្បាយចិត្ត​ឡើយ តែបើ​ថា​ខ្មែរ​ខាត ក៏​ខ្មែរ​មិន​សប្បាយចិត្ត​ដែរ​»​។  
​សូម​ស្តាប់​ប្រសាសន៍​របស់ លោក សុខ ទូច 






 

Tag:
 ព្រំដែន​
  សុខ ទូច​
© រក្សាសិទ្ធិដោយ thmeythmey.com