ជាតិ
លោក ហោ ណាំហុង បញ្ជា​ឲ្យ​ទូត​ខ្មែរ​នៅ​ថៃ ការពារ​អាជីវករ​ខ្មែរ​២​នាក់​
05, Feb 2016 , 11:49 am        
រូបភាព
​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​បញ្ជា​ឲ្យ​ឯកអគ្គរាជទូត និង​អគ្គកុងស៊ុល​កម្ពុជា នៅ​ប្រទេស​ថៃ ជួយ​រក​មេធាវី​ការពារ​ប្រជាពលរដ្ឋ​ខ្មែរ ២​នាក់ ដែល​ត្រូវបាន​ចាប់​ដាក់ពន្ធនាគារ​នៅ​ខេត្ត​ស្រះកែវ ក្រោយពី​មានការ​ប៉ះទង្គិច​គ្នា​ជាមួយ​អាជ្ញាធរ​ថៃ​។



​សេចក្តីថ្លែងការណ៍​ក្រសួងការបរទេស​កម្ពុ​ជា បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦  មានការ​ប៉ះទង្គិច​គ្នា រវាង​ក្រុមអាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុង​ក្លឿ ខេត្ត​ស្រះកែវ ប្រទេស​ថៃ ជាមួយ​ក្រុម​ស៊ើបអង្កេត​ពិសេស​ថៃ​មកពី​ទីក្រុង​បាងកក ដែល​ចុះមក​ត្រួតពិនិត្យ​កម្មសិទ្ធិបញ្ញា​លើ​ទំនិញ​នៅ​ផ្សារ​រ៉ុង​ក្លឿ​។ នៅពេល​មានការ​ប៉ះទង្គិច​រវាង​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុង​ក្លឿ ជាមួយ​នគរបាល​ថៃ​នោះ បានកើត​មានការ​វាយតប់ និង​គប់​ដំ​ថ្ម​ទៅលើ​នគរបាល​ថៃ នាំ​ឲ្យ​ខូចខាត​រថយន្ត​នគរបាល អស់​ចំនួន ២​គ្រឿង ទើប​នគរបាល​ថៃ​បាន​ចាប់​អាជីវករ​ខ្មែរ ២ នាក់ ដែល​គេ​ថតរូប​ភាព​បាន​ក្នុង​វីដេអូ​របស់​នគរបាល ។​

​ជាមួយគ្នានេះ​នគរបាល​ថៃ ក៏បាន​បញ្ជូន​វីដេអូ​អាជីវករ ២ នាក់​នេះ ​មក​ឲ្យ​ស្ថានទូត​កម្ពុជា​នៅ​ទីក្រុង​បាងកក មើល​ផងដែរ។ ​ក្រោយពី​មានការ​ចាប់ខ្លួន​អាជីវករ​ខ្មែរ​ខាងលើ នៅ​ថ្ងៃទី​៤ ខែ កុម្ភៈ ម្សិលមិញ តុលាការ​ថៃ​ក៏បាន​កាត់ទោស អាជីវករ​ខ្មែរ​ទាំង ២​នាក់​នេះ ឲ្យ​ជាប់ពន្ធនាគារ​ចំនួន ៣​ខែ។

​បន្ទាប់ពី​បានដឹង​ដំណឹង​នេះ លោក ហោ ណាំហុង ដែល​កំពុង​ចូលរួម​កិច្ចប្រជុំ​លើក​ទី ៣ នៃ​គណៈកម្មាធិការ សម្របសម្រួល​អន្តររដ្ឋាភិបាល កម្ពុជា - ចិន នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ក៏បាន​ណែនាំ​ឲ្យ​ឯកអគ្គរាជទូត និង​អគ្គ​កុងស៊ុល​កម្ពុជា​នៅ​ប្រទេស​ថៃ រក​មេធាវី​ដើម្បី​ការពារ​ពលរដ្ឋ​ខ្មែរ ទោះជា​ក្នុងករណី​ណាក៏ដោយ ៕


Tag:
 ហោ ណាំហុង
© រក្សាសិទ្ធិដោយ thmeythmey.com