ជាតិ
សង្គមជាតិ
ត្រូវមាន​យន្តការ​ធានា​ដល់​ជនពិការ​សិន មុន​ឲ្យ​ពួកគាត់​ឈប់​ច្រៀង​នៅ​ទីសាធារណៈ
05, Feb 2016 , 4:15 pm        
រូបភាព
​រដ្ឋាភិបាល គួរតែបង្កើត​ឲ្យ​មាន​យន្ត​ការ​ច្បាស់លាស់ សមស្រប និង​ធានាថា​បាន ​នូវ​ការរស់នៅ​មាន​ស្តង់ដារ​ សម្រាប់​បងប្អូន​ជនពិការ​ជាមុនសិន មុននឹង​ឲ្យ​ពួក​គាត​ឈប់​ច្រៀង​នៅតាម​ស្តុ​ប ឬ​នៅ​ទីសាធារណៈ។



​នេះ​ជាការ​ឆ្លើយតប​របស់ លោក លោក ងិន សៅ​រ័ត្ន នាយក​ប្រតិបត្តិ​អង្គការ​ជនពិការ​កម្ពុជា (CDPO) ចំពោះ​ការស្នើ​ជាថ្មី​ម្តងទៀត​របស់​សាលា​រាជធានី​ភ្នំពេញ ឲ្យ​ក្រុម​ជនពិការ ឈប់​ប្រគំ​តន្ត្រី​រៃអង្គាសប្រាក់ នៅតាម​ភ្លើងស្តុប និង​ទីសាធារណៈ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​៥ ខែកុម្ភៈ លោក ងិន សៅ​រ័ត្ន យល់ថា​ការ​ច្រៀង​របស់​ពួកគាត់​មិនបាន​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ឡើយ​។ លោក​ថា​៖«​ពួកគាត់​មិនបាន​លើកដៃ​សុំ​គេ ឬ​បង្ខំ​ឲ្យ​អ្នកធ្វើដំណើរ ត្រូវតែ​ដាក់​ប្រាក់​ក្នុង​ប្រអប់​រៃអង្គាស​ថវិកា​របស់​ពួកគាត់​ទេ​។ ម្យ៉ាង​ការ​ច្រៀង​របស់​ពួកគាត់ មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកធ្វើដំណើរ ឬ​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​ទេ​។ បើ​ឲ្យ​ពួកគាត់​ឈប់​ច្រៀង តើ​ជីវភាព​ពួកគាត់​ទៅជា​យ៉ាងណា​? ដូច្នេះ​ជនពិការ​ក៏ត្រូវ​ទទួលបាន​យុត្តិធម៌​ដែរ​»​។​

​បើតាម​លោក ងិន សៅ​រ័ត្ន យន្ត​ការដែល​រដ្ឋាភិបាល​ត្រូវតែ​បង្កើត មានដូចជា​រៀបចំ​ឲ្យ​មាន​ទីតាំង​សម្រាប់​បងប្អូន​ច្រៀង​សមរម្យ ដូចជា​នៅតាម​ផ្សារ​ទំនើប ឬ​ភោជនីយដ្ឋាន​ជាដើម​។  នាយក​ប្រតិបត្តិ​អង្គការ​ជនពិការ​កម្ពុជា បាន​សង្កត់ធ្ងន់ថា  ប្រសិនបើ​រដ្ឋាភិបាល​ពិតជា​ចង់​សម្រាល​បន្ទុករ​បស់បង​ប្អូន​ជនពិការ​មែន គឺ​ត្រូវបង្កើត​ឲ្យ​មាន​សាលា​បណ្តុះបណ្តាល​ជំនាញ ចំណេះដឹង​បន្ថែម​ដល់​ជនពិការ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ត្រូវ​ត្រៀម​កញ្ចប់​ថវិកា​សម្រាប់​ផ្តល់​ជា​ប្រាក់កម្ចី សម្រាប់​ពួកគាត់​យកទៅ​ប្រកប​អាជីវកម្ម​ផងដែរ​។

​សូមបញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បានស្នើ​ឲ្យ​ក្រុម​ជនពិការ​បញ្ឈប់​សកម្ម​ភាព​ច្រៀង​តាម​ស្តុ​ប ឬ​តាម​ទីសាធារណៈ​របស់ខ្លួន​។

​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានបញ្ជាក់​ប្រាប់​សារព័ត៌ មាន​ថ្មីៗ​ថា​៖ «​សកម្មភាព​ទាំងអស់នេះ គឺ​សាលា​រាជធានី​មិន​អនុញ្ញាត​ទេ​។ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​តាម​ចិញ្ចើមផ្លូវ ប៉ះពាល់​ដល់​ចរាចរណ៍ ជះឥទ្ធិពល​មិនល្អ​ទៅដល់​សង្គម ឬ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ជនពិកា​រ​ផ្សេងទៀត​»​។

​សាលា​រាជធានី​ភ្នំពេញ នឹង​ពិភាក្សា​ជាមួយ​អ្នកពាក់ព័ន្ធ ដែល​រួមមាន​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​តំណាង​សមាគម​ជនពិការ​ដែលមាន​ភាព​ខ្វះខាត​នានា ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ជនពិការ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឡុង ឌី​ម៉​ង់ មុននឹង​លោក​បញ្ជាក់ថា ការពិភាក្សា​នេះ នឹងធ្វើ​ក្នុងពេល​ឆាប់ៗ​៕


Tag:
 ជនពិការ​
  ងិន សៅ​រ័ត្ន​
© រក្សាសិទ្ធិដោយ thmeythmey.com