អន្តរជាតិ
រដ្ឋាភិបាល​បង់​ក្លា​ដែ​ស រ៉ាប់រង​លើ​ការវះកាត់​របស់ «​បុរស​រុក្ខជាតិ​»
05, Feb 2016 , 8:19 pm        
រូបភាព
ដោយ: ធីតា
​រដ្ឋាភិបាល​បង់​ក្លា​ដែ​សនឹង​រ៉ាប់រង​រាល់​ការចំណាយ​ការវះកាត់​របស់លោក Abul Bajandar ដែលមាន​ឈ្មោះថា «​បុរស​រុក្ខជាតិ​» ដោយ​ការកើត​ជំងឺ​ដ៏​កម្រ​នៅលើ​ខ្លួន ជាពិសេស​ដៃជើង​របស់លោក​។ នេះ​បើតាម​ការផ្សាយ​របស់ BBC​។​



​លោក Abul Bakandar បានកើត​ជំងឺ​ដ៏​កម្រ​មួយ​ដោយ​ដៃជើង​របស់លោក​ដុះ​សាច់​ដែលមាន​លក្ខណៈ​ដូចជា​ដើមឈើ ហើយ​មាន​ការវិវត្ត​កាន់​ធំ​ទៅៗ នា​រយៈពេល​១០​ឆ្នាំ​កន្លងមកនេះ​។ បច្ចុប្បន្ន​លោក​មាន​អាយុ​២៦​ឆ្នាំ ដែលជា​ឪពុក​នៃ​គ្រួសារ​មួយ​នៅ​ស្រុក Khulna ភាគខាងត្បូង​ប្រទេស​បង់​ក្លា​ដែ​ស​។​

​កង្វល់​ដ៏​ធំ​បំផុត​នោះ គឺ​សាច់​ដែល​ដុះ​លើ​ដៃ និង​ជើង​របស់លោក​កាន់តែ​រីក​ធំ ដោយមាន​ទម្ងន់​ជាង​៥​គីឡូក្រាម​។ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បង់​ក្លា​ដែ​ស លោក Mohammad Nasim បានប្រកាសថា រដ្ឋាភិបាល​នឹង​ទទួល​រ៉ាប់រង​ទាំងស្រុង​លើ​ការវះកាត់​របស់លោក Bajandar​។​

​នេះ​ការរំលែក​ក្តីកង្វល់​របស់​ក្រុមគ្រួសារ​លោក Bajandar ពីព្រោះ​កន្លងមក ពួកគេ​បាន​ត្អូញត្អែរថា ខ្លះ​លទ្ធភាព​ក្នុងការ​បញ្ជូន​គាត់​ទៅ​ព្យាបាល​នៅ​ឥណ្ឌា ដែលជា​ប្រទេសជិតខាង​។ លោក​វេជ្ជបណ្ឌិត Abul Kalam បានបញ្ជាក់​ប្រាប់ BBC ថា គំរូ​ឈាម និង​ស្បែក​របស់លោក Bajandar ត្រូវបាន​បញ្ជូនទៅ​មន្ទីរពិសោធន៍​នៅ​សហរដ្ឋអាមេរិក​។​

​លោក Samanta Lal Sen នាយក​មន្ទីរពេទ្យ Dhaka Medical College Hospital បាន​អះអាងថា ករណី​ជំងឺ «Tree Man Disease» នេះ​មានតែ​បី​ករណី​ប៉ុណ្ណោះ​នៅលើ​ពិភពលោក ហើយ​នេះ​ជា​ករណី​លើកដំបូង​នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​៕


© រក្សាសិទ្ធិដោយ thmeythmey.com