អន្តរជាតិ
យន្តហោះចម្បាំង A-10 មិនទាន់​ចូលនិវត្តន៍​ព្រោះ​នៅ​បន្ត​កម្ចាត់​ក្រុមIS
05, Feb 2016 , 9:39 pm        
រូបភាព
​ចុងក្រោយ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​បានបញ្ជាក់​ជា​ផ្លូវការ​ហើយ​ថា យន្តហោះ​ចម្បាំង A-10 ត្រូវ​ពន្យារពេល​ចូលនិវត្តន៍​រហូតដល់​ឆ្នាំ ២០២២ ។ យន្តហោះ​ចម្បាំង​ដែល​ប្រឡូក​ក្នុង​ប្រតិបត្តិការ​សឹក តាំងពី​ឆ្នាំ ១៩៧៥​មក​នោះ នឹង​បន្ត​ប្រតិបត្តិការ​របស់ខ្លួន​ទៀត​ដើម្បី​ប្រមាញ់​ក្រុម​រដ្ឋ​ឥស្លាម ហើយ​ដល់​ឆ្នាំ ២០២២ ទម្រាំ​យន្តហោះ​ប្រដេញ F-35  នឹង​មក​ជំនួស​តំណែង​យន្តហោះ​នេះ​។  តើ​យន្តហោះ​ចម្បាំង​ស៊េរី​ចាស់​នេះ​មាន​លក្ខណៈសម្បត្តិ​ពិសេស​អ្វីខ្លះ បានជា​ក្រសួងការពារជាតិ​អាមេរិក​សុខចិត្ត​ពន្យារពេល​ចូលនិវត្តន៍​?



​សូម​ស្តាប់​ការបកស្រាយ​របស់លោក​សៅ ផល​និស្ស័យ​៖



​ថ្ងៃ​ព្រហស្បតិ៍ ទី ៤ កុម្ភៈ ប្រមុខ​ការពារជាតិ​អាមេរិក​លោក Ashton Carter បានប្រកាស​ចុងក្រោយ​ថា យន្តហោះ​ចម្បាំង A-10 Warthog នឹង​នៅ​បន្ត​បេសកម្ម​របស់ខ្លួន​ទៀត​រហូតដល់​ឆ្នាំ ២០២២ ទើប​យន្តហោះ​នេះ​ចូលនិវត្តន៍​ជា​ផ្លូវការ​។

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក បញ្ជាក់​បែបនេះ​ដើម្បី​បញ្ចប់​មន្ទិលសង្ស័យ​កន្ល​ង​មក​ពាក់ព័ន្ធ​ការចូលនិវត្តន៍​នៃ​យន្តហោះ​ចម្បាំង​ប្រភេទ​នេះ ក្នុងពេល​លោក​បង្ហាញ​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​មន្ទីរ​បញ្ចា​កោណ​ត្រូវដាក់​ស្នើ​ទៅ​សភា​នៅពេល​ខាងមុខ​។ ដើម្បី​ទុក​យន្តហោះ​នេះ​ឲ្យ​បម្រើ​ការងារ​បន្ត គេ​ត្រូវការ​ថវិកា​បន្ថែម​ដើម្បី​មើល​ជួសជុល ឬ​ថែទាំ និង​សម្រាប់​ឧបត្ថម្ភ​អ្នកបើកបរ​ផងដែរ​។​

​លោក Carter បាន​បញ្ជាក់ថា​កញ្ចប់​ថ​វិកា​នេះ​ពន្យារពេល​ចូលនិវត្តន៍​យន្តហោះ A-10 នេះ​រហូតដល់​ឆ្នាំ ២០២២ ទម្រាំ​យន្តហោះ F-35 ចូល​ប្រតិបត្តិ​ការជំនួស​វិញ​ម្តង​។ ដូច្នេះ​អាមេរិក​អាចមាន​យន្តហោះ​ចម្បាំង​គ្រប់គ្រាន់​ដើម្បី​បំពេញ​បេសកម្ម​ក្នុង​ជម្លោះ​ពេលបច្ចុប្បន្ន​នៅក្រៅ​ប្រទេស ។​

​ក្រោយ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ប្រកាស​បែបនេះ សមាជិកសភា​អាមេរិក​បាន​ស្វាគមន៍​និង​គាំទ្រ​ការសម្រេចចិត្ត​ទុក​ឲ្យ​យន្តហោះ​ចម្បាំង A-10 បន្តការងារ​របស់ខ្លួន​ទៀត​រហូតដល់​៦​ឆ្នាំ​។ សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ លោក John McCain ប្រធាន​គណកម្មាធិការ​ការពារជាតិ​នៃ​ព្រឹទ្ធសភា​អាមេរិក ប្រកាស​គាំទ្រ​សម្រេចចិត្ត​នេះ​ពេញទំហឹង ដោយ​លោក​បញ្ជាក់ថា គ្មាន​យន្តហោះ​ចម្បាំង​ឯណា​ផ្សេងទៀត​ដែល​អាចមាន​សមត្ថភាព​ពិសេស​បំពេញ​ប្រតិបត្តិ​ការគាំទ្រ​ទ័ព​ថ្មើ​ជើង​ក្នុងស្ថានភាព​គ្រោះថ្នាក់​មាន​ប្រសិទ្ធភាព​ជាង​យន្តហោះ A-10 នេះឡើយ​។ លោក​បន្ថែមថា លោក​រង់​ចាំមើល​យន្តហោះ A-10 បំពេញ​បេសកម្ម​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ នៅ​មជ្ឈិមបូព៌ា ជួយ​គាំទ្រ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ដើម្បី​ទប់ទល់​រុស្ស៊ី និង​ចេញ​ប្រតិបត្តិការ​ក្នុង​បេសកម្ម​យោធា​នានា​ទូទាំង​ពិភពលោក​ក្នុងពេល​ចាំបាច់​។​

​តាមពិតទៅ ក្រសួងការពារជាតិ​សុខចិត្ត​រក្សាទុក​យន្តហោះ​ចម្បាំង A-10 Warthog ឲ្យ​បម្រើការ​បន្តទៀត​នោះ​ដោយសារ​យន្តហោះ​នេះ​មាន​លក្ខណៈពិសេស​ច្រើន​។ យន្តហោះ​នេះ​ស៊េរី​ចាស់​មែន​ព្រោះ​ចូល​បំពេញភារកិច្ច​ក្នុង​ឆ្នាំ ១៩៧៥ តែ​អ្វីដែល​ពិសេស​វា​ធ្លាប់​បំពេញ​បេសកម្ម​សាប​ព្រួស​ប្រជាធិបតេយ្យ​ច្រើន​កន្លែង​ពាសពេញ​ពិភពលោក​។​

១. A-10 បំពេញ​បេសកម្ម​សាប​ព្រួស​ប្រជាធិបតេយ្យ​
 យន្តហោះ​នេះ​ត្រូវបាន​ប្រើប្រាស់​ដំបូង​ដើម្បី​អន្តរាគមន៍​ក្នុង​សង្គ្រាម​ឈូង​សមុទ្រ​ក្នុង​ឆ្នាំ ១៩៩១ ក្នុងពេលដែល​កងទ័ព​អ៊ីរ៉ាក់​ឈ្លានពាន​ប្រទេស​គុយ​វ៉ែត​។ ក្នុង​ប្រតិបត្តិការ​ដោយ​សហកា​ជាមួយ​ទ័ព​សម្ព័ន្ធមិត្ត​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ យន្តហោះ​នេះ​បាន​កម្ទេច​រថក្រោះ​អ៊ីរ៉ាក់ ប្រហែល​៩០០ គ្រឿង​និង​យាន្ត​ជំនិះ​យោធា និង​កាំភ្លើង​ធំ​រាប់ពាន់​គ្រឿង​ផ្សេងទៀត​។ ដោយសារ​ប្រតិបត្តិការ​ដ៏​ជោគជ័យ​នេះហើយ ទើបបានជា​គេ​បន្ត​ប្រើប្រាស់​វា​ទៀត​នៅក្នុង​សង្គ្រាម​សាបព្រោះ​ប្រជាធិបតេយ្យ​និង​អន្តរាគមន៍​យោធា​អាមេរិក​ផ្សេងទៀត​។​

 ក្រោយមក​យន្តហោះ​នេះ​ចូល​ប្រយុទ្ធ​ប្រកៀក​ស្មា​ជាមួយ​ទ័ព​ណា​តូ​ក្នុង​សមរភូមិ​ក្នុង ប្រទេស​បូ​ស្នៀ នៅ​ឆ្នាំ ១៩៩៤ ហើយ​បន្ត​ចូលមក​អន្តរាគមន៍​នៅ​កូ​សូ​វូ​នៅ​ឆ្នាំ ១៩៩៩ ទៀត​។  ក្នុង​ឆ្នាំ ២០០៣ អាមេរិក​ក៏បាន​ពង្រាយ​យន្តហោះ​នេះ​ទៅក្នុង​អន្តរាគមន៍​នៅ​អ៊ីរ៉ាក់​ដើម្បី​ផ្តួលរំលំ​របប​លោក សា​ដាម ហ៊ូ​សេន ។ បន្ទាប់មក​ចេញ​អន្តរាគមន៍​ក្នុង​ប្រតិបត្តិការ​រំដោះប្រជាជន​លី​ប៊ី​ដោយ​គាស់​រំលើង​របប​ដឹកនាំ​លោក  កា​ដា​ហ្វី​នៅក្នុង​ឆ្នាំ ២០១១​ថែម​ទៀតផង​។

​ពេល​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ ចេញមុខ​អុកឡុក​កាន់តែខ្លាំង គំរាមកំហែង​សន្តិសុខ​ពិភពលោក A-10 បាន​ចេញមុខ​ជាថ្មីទៀត​នៅ​មជ្ឈិមបូព៌ា ដើម្បី​តាម​ប្រមាញ់​ក្រុម​នេះ​។ ដោយសារ​ប្រតិបត្តិការ​នៅ​មជ្ឈិមបូព៌ា ប្រឆាំង​ក្រុម​ភេរវជន​នេះ​ជា​សង្គ្រាម​ទ័ពអាកាស​និង​គាំទ្រ​ទ័ពថ្មើរជើង​ក្នុង​តំបន់ A-10 លេចមុខ​លេច​មាត់​ជាថ្មីទៀត​ព្រោះ​សមត្ថភាព​របស់​វា​និង​សព្វាវុធ​ដែល​គេ​បំពាក់​ជាប់​យន្តហោះ​នោះ​។

២.​លក្ខណៈពិសេស​អ្វីខ្លះ​ដែល​យន្តហោះ​នេះ​មាន​?
​តាមពិតទៅ A-10 មាន​លក្ខណៈ​សំខាន់​មួយចំនួន ទើបបានជា​ក្រសួងការពារជាតិ​អាមេរិក​រក្សាទុក​ឲ្យ​វា​បន្ត​បម្រើ​ការងារ​ទៀត​។ លក្ខណៈពិសេស ទីមួយ A-10 អាច​ហោះហើរ​ក្នុង​រយៈកម្ពស់​ទាប​ដើម្បី​គាំទ្រ​ទ័ពថ្មើរជើង​ក្នុង​កាលៈទេសៈ​គ្រោះថ្នាក់ ដែល យន្តហោះ​ចម្បាំង​ស៊េរី​ថ្មី​ផ្សេងទៀត​មិនអាច​ធ្វើបាន​។

 ក្នុងពេល​ទ័ព​ថ្មើ​ជើង​ជួប​គ្រោះថ្នាក់ យន្តហោះ​នេះ​អាច​ហោះ​បន្ទាបខ្លួន​ដើម្បី​សង្គ្រោះ​និង​គាំទ្រ​ទ័ព​ទាំងនោះ​ឲ្យ​រួច​ផុតពី​គ្រោះថ្នាក់​។​

​ម្យ៉ាង​យន្តហោះ​នេះ​អាច​ហោះ​ឡើង និង​ចុះ​បាន​រហ័ស​មិន​រើស​ទីតាំង មិនចាំបាច់​រត់​លើផ្លូវ​មាន​ចម្ងាយ​វែង​ដូច​យន្តហោះ​ចម្បាំង​ឯទៀត ហើយ​វា​ក៏​អាច​ហោះហើរ​ពេល​ថ្ងៃ ឬ​យប់​បាន​ស្ថានភាព​អាកាសធាតុ​បែបណាក៏ដោយ មិនបាច់​ភ័យ​។ ហើយ​រឿង​ដែល​សំខាន់​នៅ​ក្បាល​យន្តហោះ​មាន​បំពាក់​កាំភ្លើងយន្ត​បាញ់​គ្រាប់ ៣០​មី​លី​ម៉ែត្រ ហើយ​ក្នុង​មួយ​នាទី​យន្តហោះ​នេះ​បាញ់​ចេញ​គ្រាប់​បាន ៣៩០០​គ្រាប់​ថែមទៀត ដែល​អាវុធ​នេះ​អាច​កម្ទេច​ទីតាំង​សត្រូវ​បាន​រហ័ស​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕ 


Tag:
 A-10
  ISIS
© រក្សាសិទ្ធិដោយ thmeythmey.com