អន្តរជាតិ
លោកខាងលិច​ផ្តល់​លុយ​១០​ពាន់​លាន​ជួយ​ស៊ី​រី ខណៈ​កិច្ចចរចា​សន្តិភាព​ជាប់គាំង
05, Feb 2016 , 10:19 pm        
រូបភាព
​មេដឹកនាំ​ពិភពលោក​ដែល​ប្រមូល​ផ្តុំគ្នា​នៅ​ទីក្រុង​ឡុង​ដ៏​ដើម្បី​ជជែក​គ្នា​ពី​បញ្ហា​ជម្លោះ​ស៊ី​រី កាលពី​ថ្ងៃ ព្រហស្បតិ៍ ទី ៤ កុម្ភៈ​ម្សិលមិញ​នេះ បានប្រកាស​ផ្តល់ជំនួយ ១០​ពាន់​លាន​ដុល្លារ​សម្រាប់​ជួយ​ប្រជាជន​ស៊ី​រី​។ ប៉ុន្តែ​ការប្រកាស​ផ្តល់ជំនួយ​នេះ​កើតឡើង​ស្រប​ពេលដែល​កិច្ចចរចា​បញ្ហា​ស៊ី​រី​ត្រូវ​ពន្យារពេល​រហូតដល់​ចុងខែ​កុម្ភៈ​។

 


​ក្នុង​សន្និសីទ​បញ្ហា​ស៊ី​រី​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ម្សិលមិញ បណ្តា​មេដឹកនាំ​ពិភពលោក​មាន​អង់គ្លេស អាឡឺម៉ង់ និង​សហរដ្ឋអាមេរិក​ផង​នោះ បានប្រកាស​ផ្តល់​កញ្ចប់​ជំនួយ​ទំហំ ១០​ពាន់​លាន​ដុល្លារ​សម្រាប់​ជួយ​ប្រជាជន​ស៊ី​រី​ផង​។ ជំនួយ​នេះ​នឹង​ផ្តោតលើ​បញ្ហា​ស្បៀងអាហារ អប់រំ និង​បង្កើត​ការងារ​សម្រាប់​ប្រជាជន​ស៊ី​រី​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​ផង​និង​កំពុង​រស់នៅ​ប្រទេស​ដទៃ​ផងដែរ​។​

​ប៉ុន្តែ​ក្តី​សង្ឃឹមថា ការផ្តល់​ជំនួយ​នេះ​អាច​កែប្រែ​ស្ថានភាព​ប្រជាជន​ស៊ី​រី ហាក់បីដូចជា​ស្រពិចស្រពិល​នៅឡើយ ព្រោះ​បច្ចុប្បន្ន​កិច្ចចរចា​សន្តិភាព​ហ្សឺ​ណែវ ត្រូវ​ពន្យារពេល​រហូតដល់​ថ្ងៃ ២៥​កុម្ភៈ​ទៀត​។ ដែល​នេះ​មានន័យថា​ការចរចា​បញ្ចប់សង្គ្រាម​ស្ថិតក្នុង​ភាពស្រពិចស្រពិល​នៅឡើយ ហើយ​វា​ក៏បង្ក​ការលំបាក​ដល់​ការផ្តល់​ជំនួយ​ទាំងនេះ​ទៅកាន់​ជនរងគ្រោះ​ដោយ​ភ្លើងសង្គ្រាម​ដែរ​។ ដរាបណា​មិនទាន់មាន​បទ​ឈប់​បាញ់​និង​មានការ​រៀបចំ​សម័យ​អន្តរកាល​នយោបាយ​ទេ ជំនួយ​នេះ​ពិបាក​ផ្លាស់ប្តូរ​ស្ថានភាព​និង​ជីវិត​របស់​នៅ​របស់​ប្រជាជន​ណាស់​។

​ប្រទេស​អឺរ៉ុប​ជាពិសេស​អាឡឺម៉ង់​ចេញមុខ​ចេញ​មាត់​ខ្លាំង​ដែរ​ក្នុង​ការជួយ​បញ្ចប់សង្គ្រាម​រ៉ាំរ៉ៃ​នៅ​ស៊ី​រី​ព្រោះ​អាឡឺម៉ង់​កំពុងតែ​រង​ទុក្ខ​ព្រោះ​វិបត្តិ​ជនភៀសខ្លួន​ដែល​រត់​មកពី​តំបន់​មជ្ឈិមបូព៌ា​ជាពិសេស​លី​ប៊ី​និង​ស៊ី​រី​នេះ​។ អធិការបតី​អាឡឺម៉ង់​លោកស្រី អែន​ជែ​ឡា មឺ​ហ្កែ​ល បានប្រកាស​ផ្តល់​កញ្ចប់​លុយ​ប្រហែល​២.៦​ពាន់​លាន​ដុល្លារ​សម្រាប់​ប្រជាជន​ស៊ី​រី​នេះ ។ បើ​គ្មាន​ដំណោះស្រាយ​បន្ទាន់​ណាមួយ​ទេ អាឡឺម៉ង់​ក៏​ប្រហែលជា​ត្រូវ​រងបន្ទុក​ធ្ងន់​ព្រោះតែ​វិបត្តិ​ជនភៀសខ្លួន​អុកឡុក​អឺរ៉ុប​នេះ​ទៀត​។ ចំណែក​សមាជិក​សហភាព​អឺរ៉ុប​ផ្សេងទៀត​បាន​ចូល​រួមគ្នា​ផ្តល់ជំនួយ​៣.៤​ពាន់​លាន​ដុល្លារ​អាមេរិក ។​

​នាយ​រដ្ឋមន្ត្រី​អង់គ្លេស​លោក ដេវីដ ខេ​មេ​រ៉ូ​ន ដែលជា​សហប្រធាន​នៃ​សន្និសីទ​នេះ​បាន​អះអាងថា​រដ្ឋាភិបាល​លោក ផ្តល់ជំនួយ ១.៧៤​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​វិបត្តិ​មនុស្សជាតិ​នៅក្នុង​ប្រទេស​ស៊ី​រី ហើយ​វា​ជា​វិធានការ​ថ្មី​ដែល​អាចជួយ​ប្រជាជន​ស៊ី​រី​បាន​។ លោក​ថា ៖«​ការប្រឹងប្រែង​និង​ប្តេជ្ញា​របស់​យើង​បច្ចុប្បន្ននេះ​ជា​សារ​សម្រាប់​ប្រជាជន​ស៊ី​រី​ថា យើង​នៅ​បន្ត​ឈរ​នៅ​ជាមួយ​អ្នក​និង​គាំទ្រ​អ្នក​ទោះបីជា​យូរ​ប៉ុណ្ណា​ក៏ដោយ​»​។  រីឯ​សហរដ្ឋអាមេរិក​ដែល​ចង់​ឲ្យ​ជម្លោះ​ស៊ី​រី​ឆាប់​ចប់​នោះ​ក៏បាន​ប្រកាស​ផ្តល់ជំនួយ ៨៩០​លាន​ដុល្លារ​សម្រាប់​ដោះស្រាយ​វិបត្តិ​មនុស្សជាតិ​នៅ​ស៊ី​រី​ដូចគ្នា ។

​ថ្មីៗ​នេះ កងទ័ព​រដ្ឋាភិបាល​លោក បា​សា អាល់ អាសាដ ក្រោម​ការគាំទ្រ​របស់​រុស្ស៊ី​នោះ បានចាប់ផ្តើម​វាយប្រហារ​នៅ​តំបន់​ធំ​នៅ​ភាគ​ខាងជើង​ទីក្រុង Aleppo ដោយ​ការវាយប្រហារ​នោះបាន​បង្ខំ​ឲ្យ​ប្រជាជន​ស៊ី​រី ៤​ម៉ឺន​នាក់​រត់​ភៀសខ្លួន​ផង​។​

​ប្រជាជន​ស៊ី​រី​ប្រហែល ៤.៦​លាន​នាក់​បាន​រត់​ភៀសខ្លួន​ទៅរក​កន្លែង​មាន​សុវត្ថិភាព ជាពិសេស​ទៅសុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​មួយចំនួន​ដូចជា ហ្សកដានី លី​បង់ តួ​ក​គី អ៊ីរ៉ាក់ និង​អេ​ហ្ស៊ី​ប​ផងដែរ ហើយ​ប្រជាជន​រាប់ពាន់នាក់​ផ្សេងទៀត​ផ្សងព្រេង​ទៅ​រស់នៅ​តំបន់​អឺរ៉ុប​ផង​៕


Tag:
 ​ស៊ី​រី
© រក្សាសិទ្ធិដោយ thmeythmey.com