អន្តរជាតិ
គណៈកម្មាធិការ​អ​.​ស​.​ប​៖ ប្រទេស​អាហ្វ្រិក​ជាច្រើន​មិន​គោរព​សិទ្ធិ​កុមារ​
06, Feb 2016 , 10:26 am        
រូបភាព
ដោយ: VOA
គណៈកម្មាធិការ​ឃ្លាំមើល​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​និយាយថា ប្រទេស​នៅ​អាហ្វ្រិក​ជាច្រើន​មិនបាន​បំពេញភារកិច្ច​របស់ខ្លួន​ទៅតាម​អនុសញ្ញា​សិទ្ធិ​កុមារ​ឆ្នាំ​១៩៩០​នោះទេ​។ ប្រពៃណី​ទំនៀមទម្លាប់​ដ៏​ព្រៃផ្សៃ​ក៏ដូចជា​រាល់​ទម្រង់​នៃ​ការរំលោភ​សិទ្ធិមនុស្ស​ប​ន្ត​អនុវត្ត​នៅ​ទូទាំង​ទ្វីបអាហ្វ្រិក​។​



គណៈកម្មាធិការ​របស់​អង្គការសហប្រជាជាតិ​ដែល​ទទួលបន្ទុក​លើ​សិទ្ធិ​កុមារ និង​ដែល​បាន​តាមដាន​ការអនុវត្ត​អនុសញ្ញា​នេះ ទើបតែ​បានបញ្ចប់​កិច្ចប្រជុំ​ដែលមាន​រយៈពេល​៣​សប្តាហ៍​របស់ខ្លួន​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​។ អ្នកជំនាញការ​ឯករាជ្យ​ទាំង​១៨​បាន​តាមដាន​ទៅលើ​ប្រទេស​ចំនួន​១៤ ដោយ​រួមមាន​ទាំង​ប្រទេស​អាហ្វ្រិក​ចំនួន​៥​ផងដែរ រួមមាន ប្រទេស​បេ​ណាំង (Benin) កេ​ន​យ៉ា សេ​ណេ​ហ្គា​ល់ (Senegal) សំ​ប៊ី (Zambia) និង​ស៊ីម​បា​វ៉េ (Zimbabwe)​។​

​គណៈកម្មាធិការ​នេះ​បាន​រកឃើញ​ការអនុវត្ត​ដ៏​ព្រៃផ្សៃ​មួយចំនួន ដូច​ជាការ​ច្រឹប​ប្រដាប់​ភេទស្ត្រី និង​ការ​រៀបការ​កុមារ​នៅ​វ័យក្មេង ដែល​នៅតែ​បន្ត​អនុវត្ត​ក្នុង​បណ្តា​ប្រទេស​ដែល​បាន​តាមដាន​អង្កេត​នេះ​។ ក្នុងករណី​ប្រទេស​កេ​ន​យ៉ា អ្នកជំនាញការ​បា​នប​ញ្ចេ​ញ​នូវ​ការព្រួយបារម្ភ​អំពី​ការយក​ក្មេងស្រី​ធ្វើជា​ទាសករ​ផ្លូវភេទ​នៅក្នុង​គ្រួសារ​ដែលជា​រឿយៗ​ឈានទៅដល់​ការរំលោភ​សេពសន្ថវៈ​។​

​ក្រុម​អ្នកជំនាញការ​ឯករាជ្យ​ថ្កោលទោស​ការសម្លាប់​និង​ការជួញដូរ​កុមារ​ភឿ​ក​ដើម្បី​យក​សរីរាង្គ​ផ្សេងៗ​នៅ​ប្រទេស​កេ​ន​យ៉ា ដែល​ករណី​មួយចំនួន​ត្រូវបាន​ប្រព្រឹត្តឡើង​ដោយ​សមាជិក​របស់​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​ផ្ទាល់​។ ប៉ុន្តែ​ក្រុម​អ្នកជំនាញការ​បញ្ជាក់ថា ការអនុវត្ត​ដ៏​គួរ​ឲ្យ​តក់ស្លុត​នេះ​បាន​ធ្វើឡើង​ក្នុងប្រទេស​អាហ្វ្រិក​ចំនួន​១៦៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ ​


© រក្សាសិទ្ធិដោយ thmeythmey.com