ជាតិ
ក្រសួងពាណិជ្ជកម្ម​គ្រោង​បង្កើត​សមាគម​កៅស៊ូ ដើម្បី​ការពារ​តម្លៃ​កៅស៊ូ​ខ្មែរ​
06, Feb 2016 , 9:30 pm        
រូបភាព
ដោយ:
ក្រសួងពាណិជ្ជកម្ម​គ្រោង​បង្កើត​សមាគម​កៅស៊ូ​លើកដំបូង​នៅ​កម្ពុជា ដើម្បី​ជួយ​លើក​តម្លៃ និង​ស្វែងរក​ដៃគូ​ទីផ្សារ​ទទួល​ទិញ​ផលិតផល​កៅស៊ូ​ខ្មែរ ទៅ​ទីផ្សារ​ក្រៅប្រទេស​ក្នុង​ទំហំ​ពាណិជ្ជកម្ម​ធំៗ ។​



ក្រសួងពាណិជ្ជកម្ម​កំពុង​ពិភាក្សា​ជាមួយ​អ្នកពាក់ព័ន្ធ ក្នុងការ​បង្កើត​សមាគម​កៅស៊ូ​ខ្មែរ​មួយ ដើម្បី​លើកកម្ពស់​ឲ្យ​មាន​ការចរចា​ការពារ​តម្លៃ​កៅស៊ូ​ខ្មែរ ដែល​កំពុង​រងគ្រោះ​ដោយសារ​ការ​បន្ទាប​តម្លៃ​នាពេល​បច្ចុប្បន្ននេះ​។ នេះ​បើតាម​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ស៊ុន ចាន់ថុល ថ្លែង​បើកសម្ពោធ​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ កាលពីពេល​ថ្មីៗ​នេះ​។​

លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា កម្ពុជា​ត្រូវការ​លំហូរ​ទុនវិនិយោគ​ពី​ប្រទេស​ថៃ និង​ប្រទេស​ដទៃទៀត ឲ្យ​ចូលមក​បង្កើត​រោងចក្រ ដើម្បី​ធានា​ការប្រមូលទិញ​ជ័រកៅស៊ូ​មក​កែច្នៃ​ជា​ផលិតផល​សម្រេច​។​

សូមបញ្ជាក់ថា គម្រោង​បង្កើត​សមាគម​កៅស៊ូ​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រជាពលរដ្ឋ​បានបង្ហាញ កង្វល់​ថា ផល​កសិកម្ម​ដែល​បាន​នាំចេញ គឺ​ត្រូវបាន​ឈ្មួញ​ទទួល​ទិញ​ក្នុងស្ថានភាព​អស្ថេរភាព​តម្លៃ​។ ផល​កសិកម្ម​ទាំងនោះ​រួ​មាន កៅស៊ូ អង្ករ ដំឡូង​មី ពោត ស្ករត្នោត និង​សណ្តែក​៕


Tag:
 ស៊ុន ចាន់ថុល​
  ពាណិជ្ជកម្ម​
  កៅស៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com