ជាតិ
សង្គមជាតិ
ជម្លោះ​សង្ឃ​នៅ​កំពង់ស្ពឺ​៖ រដ្ឋមន្ត្រីក្រសួង​ធម្ម​ការចុះទៅ​ដោះស្រាយ​ដោយផ្ទាល់
09, Feb 2016 , 2:59 pm        
រូបភាព
​កិច្ចប្រជុំ​អំពី​អធិករណ៍​នៅ​វត្ត ជ្រៃ​ហូរ​ព្នៅ ស្ថិតនៅក្នុង​ឃុំ​វាល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ  កំពុងតែ​ប្រព្រឹត្តទៅ​សាជាថ្មី ក្រោម​អធិបតីភាព​របស់លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា​។ ការចុះទៅ​ដោយផ្ទាល់ ពី​សំណាក់ រដ្ឋមន្ត្រី​រូបនេះ គឺ​ដើម្បី​ដោះស្រាយ​ជម្លោះ​រវាង​ព្រះគ្រូ​ចៅអធិការ និង​ព្រះសង្ឃ​កូន​ម្ចាស់​ស្រុក​ចំនួន ១៣​អង្គ ដែល​ត្រូវបាន បណ្តេញ​ចេញពី​វត្ត​។



​ដោយសារតែ​អធិករណ៍​មិនអាច​ស្ងប់រំងាប់​តា​យ​រយៈ​ការជជែក​គ្នា​រវាង​ព្រះគ្រូ​ចៅអធិការ និង​ព្រះសង្ឃ​ទាំង​១៣​អង្គ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា រួមទាំង​គណៈប្រតិភូ ជាង​១០​នាក់​ផ្សេងទៀត បាន​ចុះទៅ​ដោយផ្ទាល់ ដើម្បី​ស្វែងរក​ដំ​ដោះស្រាយ និង​ធ្វើ​អន្តរាគមន៍​។ នេះ​បើតាម​ការអះអាង​របស់​លោក សេង សុ​មុនី អ្នកនាំពាក្យ ក្រសួង​ធម្មការ​និង​សាសនា ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​តាម​ទូរ​សព្ទ នៅ​ព្រឹក​ថ្ងៃទី​៩ កុម្ភៈ​នេះ​។​អ្នកនាំពាក្យ​រូបនេះ​បានបញ្ជាក់​បែបនេះ​ថា​៖«​ឥឡូវ ឯកឧត្តម មិន ឃិន កំពុងតែ​នៅ​វត្ត​នេះហើយ​។ យើង​កំពុង​តែបើ​កិច្ចប្រជុំ ហើយ​លទ្ធផល​យ៉ាងណា​នោះ ទល់​តែ​ប្រជុំ​ចប់​ទើប​ដឹង​»​។ 
 
​ជម្លោះ​នេះ បាន​ផ្ទុះ​ឡើយ ដោយសារតែ​ព្រះគ្រូ​ចៅអធិការ ព្រះនាម ប៊ូ ពុ​ទ្ធី​ណា បញ្ជា​ឲ្យ​ព្រះសង្ឃ​ជា​កូន​ម្ចាស់​ស្រុក​ចំនួន ១៣​អង្គ ចាក​ចេញពី​វត្ត កាលពី​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ។ បើទោះបីជា​ព្រះគ្រូ​ចៅអធិការ សម្រេច​ព្រះទ័យ​បណ្តេញចេញ ដោយមាន​ការគាំទ្រ​ពី​សំណាក់​អាចារ្យ គណៈកម្មការ​ក៏ពិតមែន តែ​ព្រះសង្ឃ​ទាំងនោះ មិន​ព្រម​ចាក​ចេញពី​វត្ត​ឡើយ ដោយ​អះអាងថា ការបណ្តេញចេញ​នេះ មិន​ប្រកបដោយ​ហេតុផល​ត្រឹមត្រូវ​។  
​បណ្តា​ព្រះសង្ឃ​ទាំង​១៣​នោះ ព្រះអង្គ កើត ផល បាន​មាន​សង្ឃដីកា​ថា ការបណ្តេញចេញ​នេះ ក្រោម​ហេតុផល​ថា ព្រះសង្ឃ​ទាំង​១៣ មិន​ព្រម​ស្តាប់បង្គាប់ ហើយ​តែងតែ​ប្រឆាំងនឹង​ព្រះគ្រូ​ចៅអធិការ​អង្គ​នោះ​។ ព្រះអង្គ​បន្ថែមថា ក្រៅពី​ហេតុផល​ខាងលើ ការគាំទ្រ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ក៏​ជា​មូលហេតុ​មួយ​ដែរ​។​
 
​កាលពី​ថ្ងៃទី​៨ កុម្ភៈ ព្រះសង្ឃ និង​អាចារ្យ គណៈកម្មការ​វត្ត បាន​ជួប​ពិភាក្សាគ្នា​ម្តង​ហើយ ដើម្បី​ស្វែងរក​ដំណោះស្រាយ តែ​មិន​ទទួលលទ្ធផល​អ្វី​ឡើយ ដោយសារតែ ភាគី​ទាំងសងខាង មិន​ព្រម​ទទួលយក​សំណើ​គ្នា​ទៅវិញទៅមក​។ ព្រះគ្រូ​ចៅអធិការ ចង់​ឲ្យ​ព្រះសង្ឃ​កូន​ម្ចាស់​ស្រុក​ទាំង​១៣ ចាក​ចេញពី​វត្ត ព្រោះ​មិន​ស្តាប់​ឱវាទ​របស់ខ្លួន​។ ចំណែកឯ​ព្រះសង្ឃ​ទាំង​១៣​អង្គ មិន​ត្រឹមតែ​មិន​ចាកចេញ​នោះទេ តែ​ថែមទាំង​ស្នើ​ឲ្យ​ទម្លាក់​ព្រះគ្រូ​ចៅអធិការ​អង្គ​នោះ​ទៀតផង ហើយ​តែងតាំង​ព្រះគ្រូ​ចៅអធិការ​ថ្មី​ដែលជា​កូន​ម្ចាស់​ស្រុក​៕

Tag:
 ព្រះសង្ឃ​
  ខេត្តកំពង់ស្ពឺ​
© រក្សាសិទ្ធិដោយ thmeythmey.com