ជាតិ
សង្គមជាតិ
សម្តេច ស ខេង ផ្តួចផ្តើម​បង្កើត​សាកលវិទ្យាល័យ ​ហេង សំរិន ត្បូងឃ្មុំ
09, Feb 2016 , 3:27 pm        
រូបភាព
សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ គ្រោង​នឹងដាក់​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១៦ ។ កសាង​ក្នុង​តំបន់​រដ្ឋបាល​សាលាខេត្ត​ត្បូងឃ្មុំ ដែលជា​ខេត្ត​ថ្មី​កាត់​ចេញពី​ខេត្តកំពង់ចាម សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ផ្តួចផ្តើម​កសាងឡើង​ដោយ​សម្តេច ស ខេង ក្នុង​បំណង​រម្លឹក​ពីស​កម្ម​ភាពនានា​របស់​សម្តេច ហេង សំរិន នៅ​ស្រុកកំណើត​របស់លោក។



ក្នុង​ពិធី​បូកសរុប​ការងារ​ប្រចាំឆ្នាំ២០១៥ នៅ​សាលាខេត្ត​សៀមរាប​កាលពី​សប្តាហ៍​មុន សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ឲ្យ​ដឹងថា សម្តេច ហ៊ុន សែន នឹង​ទៅ​សម្ពោធ​សាកលវិទ្យាល័យ ហេង សំរិន នៅ​ថ្ងៃទី១១ កុម្ភៈ។ សម្តេច​បន្ថែមថា សាកលវិទ្យាល័យ​ដែល​លោក​ជា​អ្នក​ផ្តួច​ផ្តើមកសាង និង​បានដាក់​ឈ្មោះថា សកលវិទ្យា​ល័យ ហេង សំរិន ត្បូងឃ្មុំ ព្រោះ​លោក​ចង់​រម្លឹក​ពី​សកម្មភាព​មួយចំនួន​របស់​សម្តេច ហេង សំរិន ជាពិសេស ខេត្ត​ត្បូងឃ្មុំ ជា​ស្រុកកំណើត​របស់​សម្តេច ហេង សំរិន។

សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ មាន​បី​ជាន់​រាប់ទាំង​ជាន់​ផ្ទាល់​ដី សង់​ឡើង​នៅលើ​ផ្ទៃដី​ធំ​ទូលាយ ដោយ​ស្ថិតនៅ​ភូមិ​និគម​លើ (តំបន់​ចំការ​ម៉ៃសាក់) ឃុំ​ស្រឡប់ ស្រុក​ត​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ និង​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​អប់រំ​យុវជន និង​កីឡា។ យោងតាម​អនុ​ក្រិ​ត្យ​រដ្ឋាភិបាល​កម្ពុជា ស្តីពី​ការបង្កើត​សាកល​វិទ្យា ហេង សំរិន ត្បូងឃ្មុំ សាកលវិទ្យាល័យ​នេះ ដើរតួ​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ធនធានមនុស្ស ស្រាវជ្រាវ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា ស្របតាម​គោលនយោបាយ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ មាន​បី​មហា​វិទ្យា និង​វិទ្យាស្ថាន​ចំនួន​បី។ មួយ​មហាវិទ្យាល័យ​កសិក​ម្ម ពីរ​មហាវិទ្យាល័យ​វិស្វកម្ម បី​មហាវិទ្យាល័យ​អក្សរសាស្ត្រ និង​មនុស្សសាស្ត្រ។ ចំណែក​វិទ្យា​សា្ថ​ន មាន​វិទ្យាស្ថាន​ភាសាបរទេស វិទ្យាស្ថាន​បច្ចេកវិទ្យា​ព័ត៌មាន និង​វិទ្យា​សា្ថ​ន​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ។

គួរ​បញ្ជាក់ថា បច្ចុប្បន្ននេះ​អាគារ​ទាំងមូល​របស់​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បាន​រួចរាល់​ជា​ស្ថាពរ​ហើយ នៅសល់តែ​អាគារ​ស្នាក់នៅ​របស់​គ្រូ និង​សិស្ស​តែប៉ុណ្ណោះ។ តាម​ការបញ្ជាក់​របស់​សម្តេច ស ខេង នៅ​តំបន់​នេះ​ក៏បាន​រៀបចំ​ជា​ច្រកចេញចូល​តែមួយ​ផងដែរ ដើម្បី​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ៕

សូម​ស្តាប់​ប្រសាសន៍​របស់​សម្តេច ស ខេង




Tag:
 ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com