ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ​ចេញ​វិធានការ​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតី នៅ​ថ្ងៃ​១៤​កុម្ភៈ​
09, Feb 2016 , 9:19 pm        
រូបភាព
​ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីណែនាំ​មួយ ស្តីពី​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតី ក្នុង​ទិវា​បុណ្យ​នៃ​សេចក្តីស្រឡាញ់ នៅ តាម​គ្រឹះស្ថានសាធារណៈ និង​ឯកជន​។



​ផ្អែក​តាម​សេចក្តីណែនាំ​នោះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សង្កេតឃើញថា​ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​១៤​ខែកុម្ភៈ ដែលជា​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​(Valentine’s Day) ជា​ឱកាស​មួយ​ធ្វើ​ឲ្យ​សិស្សានុសិស្ស​មួយចំនួន​យល់ច្រឡំ​ថា បុណ្យ​នេះ​ជា​ថ្ងៃបុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់ជួប​គ្នា​រវាង​គូស្នេហ៍​។ ទិវា​នេះ​មិនមែនជា​ពិធីបុណ្យ​របស់​ជនជាតិ​ខ្មែរ​យើង ហើយពី​អតីតកាល​ក៏​គ្មាន​ការរៀបចំ​បុណ្យ​បែបនេះ​ដែរ​។

​ប៉ុន្តែ​នៅ​អំឡុង​ប៉ុន្មាន​ឆ្មាំ​ចុង​ក្រោយនេះ ទិវា​នេះ​កាន់​តែមាន​ឥទ្ធិពល​ធំ​ឡើងៗ ធ្វើ​ឲ្យ​យុវវ័យ   ភ្លើតភ្លើន ភ្លេច​ការសិក្សា បាត់បង់​កិត្តិយស សេចក្តីថ្លៃថ្នូរ​របស់ខ្លួន និង​ក្រុមគ្រួសារ​ផងដែរ ប្រាសចាក​វប្បធម៌ និង​ប្រពៃណី​ដ៏​ផូរផង់​របស់​ខ្មែរ​ទៀតផង​។

​ដើម្បី​ពង្រឹង​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង​របស់​គ្រឹះស្ថានសាធារណៈ ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ធ្វើ​ការណែនាំ​ស្តីពី​វិធានការ​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតី​ក្នុង​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ចំនួន​៤​ចំណុច ក្នុងនោះ​រួមមាន​៖

១. ត្រូវ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​តាម​គ្រប់​មធ្យោបាយ ដូចជា​តាមរយៈ​ការប្រជុំ​នៅពេល​គោរព​ទង់ជាតិ កុំ​ឲ្យ​មានការ​យល់​ខុស​អំពី​អត្ថន័យ នៃ​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​(Valentine’s Day) ។​
២. ត្រូវ​ពង្រឹង​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង​របស់​គ្រឹះស្ថានសិក្សា​សាធារណៈ​ឲ្យ​បាន​ម៉ឹងម៉ាត់ ជាពិសេស​លើ​ការគ្រប់គ្រង​សីលធម៌ និង​វិន័យ ដោយ​តាមដាន​អវត្តមាន​សិស្សានុសិស្ស​ជាប្រចាំ​។​
៣. ត្រូវ​ជំរុញ​ដំណើរការ​របស់​ក្រុមប្រឹក្សា​យុវជន ក្រុមប្រឹក្សា​កុមារ​ប្រចាំ​សាលា ដោយ​អនុវត្តន៍​សកម្មភាព​«​មិត្ត​អប់រំ​មិត្ត​»​។​
៤. ត្រូវធ្វើ​ការទាក់ទង​ជិតស្និទ្ធ​ជាមួយ​មាតាបិតា អ្នកអាណាព្យាបាល​សិស្ស សហគមន៍ ដើម្បី​ផ្តល់ និង​ទទួល​ព័ត៌មាន​នានា ពាក់ព័ន្ធ​នឹង​សកម្ម​ភាពមិនប្រក្រតី ដែល​ប្រព្រឹត្តិ​ដោយ​សិស្សានុសិស្ស ដើម្បី​សហការ អប់រំ ណែនាំ កែលម្អ​សិស្សានុសិស្ស​បាន​ទាន់​វេលា​។​


Tag:
 ​ក្រសួង​អប់រំ​
  ទិវា​នៃ​សេចក្តីស្រឡាញ់​
© រក្សាសិទ្ធិដោយ thmeythmey.com