ជាតិ
សង្គមជាតិ
រដូវចូលឆ្នាំ​ចិន អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​ជាង​១០០​ខ្នង
11, Feb 2016 , 2:29 pm        
រូបភាព
​ភ្នំពេញ​៖ បញ្ហា​អគ្គិភ័យ​នៅក្នុង​ប្រទេស​កម្ពុជា​នៅតែ​ជា​ក្តីកង្វល់​របស់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ដដែល ជាពិសេស នៅក្នុង​រដូវ​បុណ្យទាន​ធំៗ​។ ជាក់ស្តែង នៅក្នុង​រដូវ​បុណ្យចូលឆ្នាំ​ចិន​រយៈពេល​៣​ថ្ងៃ​កន្លងមកនេះ ផ្ទះសម្បែង​ចំនួន​១០៥​ខ្នង​ត្រូវបាន​ភ្លើង​អគ្គិភ័យ​លេប​ត្របាក់ មនុស្ស​ម្នាក់​រងរបួស និង​មនុស្ស​ម្នាក់​អាយុ​ជាង​៤០​ឆ្នាំ​បាត់បង់​ជីវិត​។



​លោក ព្រហ្ម យ៉​ន នាយការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន​អេឡិចត្រូនិក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា អគ្គិភ័យ​ដែល​បង្កឡើង​ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​បុណ្យចូលឆ្នាំ​ចិន​កន្លងមកនេះ បណ្តាលមកពី​កត្តា​បីយ៉ាង​។ ទីមួយ គឺ​ដោយសារ​ការឆ្លង​ចរន្តអគ្គិសនី​។ ទី​ពីរ គឺ​បណ្តាលមកពី​ការដុត​អាកុល​កោស​ជប់​ខ្យល់ និង​ទី​៣ គឺ​បណ្តាលមកពី​ភ្លើងទៀន ធូប អុជ​សែនដូនតា​នាពេល​ចូលឆ្នាំ​ចិន​។

​លោក ព្រហ្ម យ៉​ន នាយការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ បាន​បន្ត​បញ្ជាក់ទៀតថា ក្រៅពី​ការរង​របួស និង​ស្លាប់​មនុស្ស​ម្នាក់ ទ្រព្យសម្បត្តិ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា​២០​ម៉ឺន​ដុល្លារ​អាមេរិក​ត្រូវបាន​បាត់បង់​ដោយសារតែ​បាតុភូត​អគ្គិភ័យ​។ ផ្ទះសម្បែង​ដែល​អគ្គិភ័យ​លេប​ត្របាក់​នោះ ភាគច្រើន​ជា​ផ្ទះថ្ម​ខាងក្រោម និង​ខាងលើ​ឈើ​។ តំបន់​ដែល​ឆេះ​ច្រើនជាងគេ​ក្នុង​រយៈពេល​បី​ថ្ងៃ​កន្លងមកនេះ គឺ​តំបន់​ចាក់អង្រែ​រាជធានី​ភ្នំពេញ​៕


Tag:
 សង្គម​
© រក្សាសិទ្ធិដោយ thmeythmey.com