ជាតិ
សង្គមជាតិ
សំរាម​នៅតែ​ជា​បញ្ហា​ចោទ​សម្រាប់​ខេត្ត​ទេសចរណ៍​សៀមរាប
13, Feb 2016 , 9:40 am        
រូបភាព
សៀមរាប៖ មិនមែនជា​រឿង​ថ្មី​នោះទេ នៅពេលដែល​គេ​និយាយ​អំពី​បញ្ហា​សំរាម។ គេ​អាច​និយាយបានថា ស្ទើរតែ​ទូទាំងប្រទេស​ទៅហើយ ដែល​គេ​តែង​ឮ​ពី​ការ​រអ៊ូរទាំ ពី​បញ្ហា​សំរាម ដែល​បង្ក​ក្លិនស្អុយ ការដាក់​ពាសវាល​ពាស​កាល មានពេលខ្លះ​បាន​ប៉ើង​ហោះហើរ ច្រឡំ​ថា​ជា​បក្សី​ក៏មាន។ សម្រាប់​ខេត្តសៀមរាប ដែលជា​ខេត្ត​ទេសចរណ៍​លំដាប់​ទីមួយ​របស់​កម្ពុជា បញ្ហា​សំរាម​នៅ​មិនទាន់​ដោះស្រាយបាន​នៅឡើយ។ ផ្លូវសំខាន់ៗ ដែលមាន​ភ្ញៀវទេសចរ​ដើរ​សឹង​ទ​ង្កិ​ច​ក្បាល​គ្នា​នោះ ក៏មាន​គំន​សំរាម និង​ជះក្លិន​ស្អុយ​ជា​ហូរហែ​នៅឡើយ។



ពលរដ្ឋ​រស់នៅ​ខេត្តសៀមរាប​មិនតិច​ទេ ដែល​បានដឹង​និង​បានឮ​ពី​ភាពកម្សោយ សេវា​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន។ ជារឿយៗ គេ​តែង​ឃើញ និង​ឮ​ពលរដ្ឋ​រិះគន់ ចំពោះ​ភាពយឺតយ៉ាវ​របស់​ឡាន​ដឹក​សំរាម ដែល​ធ្វើ​ឲ្យ​សំរាម​កើតជា​គំន​ភ្នំ និង​ចេញ​ទឹកស្អុយ​ពេញមុខ​ផ្ទះ ឫ​មុខ​កន្លែង​លក់ដូរ​របស់​ពួកគេ។ តាម​សណ្ឋាគារ អាហា​រដ្ឋា​ន ឫ​ភោជនីយដ្ឋាន​ខ្លះ ក៏មាន​ការ​វេច​ខ្ចប់​សំរាម​បាន​ត្រឹមត្រូវ ខ្លះទៀត​ក៏​មិនបាន​ត្រឹមត្រូវ​ដែរ គឺ​ដាក់​នៅលើ​ចិញ្ចើមផ្លូវ​មុខ​ហាង​តែម្តង។

អភិបាលរង​ខេត្តសៀមរាប លោក គឹម ឆៃ​ហៀ​ង បាន​ទទួលស្គាល់ថា សេវា​ប្រមូល​សំរាម​នៅតែមាន​ភាពយឺតយ៉ាវ។ ក្នុង​បទ​សម្ភាស​ជាមួយ​ក្រុម​សារព័ត៌មាន​កាលពីពេលថ្មីៗនេះ លោក គឹម ឆៃ​ហៀ​ង មិនបាន​លើក​ពី​មូលហេតុ​ទេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់ថា ក្រុមហ៊ុន​ប្រមូល​សំរាម​នៅ​សៀមរាប មិនទាន់​ឆ្លើយតប​ទៅនឹង​ទំហំ​សំរាម​បាន​នៅឡើយ។ យោងតាម​របាយការណ៍​ខាង​មន្ទីរ​បរិស្ថាន​ខេត្ត សៀមរាប​មាន​សំរាម​ក្នុង​មួយថ្ងៃ​ប្រមាណ៣០តោន។ ក្នុងនោះ ការប្រមូល​សំរាម​ជាប្រចាំ​ថ្ងៃ បានតែ​ជាង​ពាក់កណ្តាល​ប៉ុណ្ណោះ មានន័យថា សំរាម​ដែល​សេសសល់​ត្រូវបាន​ប្រជាពលរដ្ឋ​ដុត​កំទេចចោល និង​ខ្លះទៀត​ត្រូវបាន​បោះ​ពាសវាល​ពាសកាល​នៅ​លើដី​ទំនេរ ខ្លះទៀត​បោះ​ចូលក្នុង​ប្រព័ន្ធ​លូ​ជាដើម។ល។


អភិបាលក្រុង​សៀមរាប លោក សូរ ប្លា​តុង អះអាងថា សំរាម​ក្នុង​ក្រុង​ទេសចរណ៍​មួយ​នេះ កើនឡើង​ពី៣០ ទៅ២៧០តោន​ក្នុង​មួយថ្ងៃ។ ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នេះ ដោយសារ​សៀមរាប​មាន​កំណើន​ប្រជាពលរដ្ឋ​លឿន គឺ​បច្ចុប្បន្ននេះ​មាន​ប្រជាពលរដ្ឋ​ប្រមាណ២សែន​កន្លះ ដោយ​មិន​រាប់ទាំង​ភ្ញៀវទេសចរ​ចេញចូល​នោះទេ។ លោក សូរ ប្លា​តុង​ទទួលស្គាល់ថា សេវា​ដឹក​សំរាម​នៅមានកម្រិត រួម​និង​បុគ្គលិក​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ប្រមូល​សំរាម​ផងដែរ តែ​លោក​ក៏បាន​បន្ទោស​ប្រជាពលរដ្ឋ​ខ្លះ ដែល​បោះ​សំរាម​មិនត្រូវ​ពេលវេលា​ដែល​ឡាន​សំរាម​ត្រូវ​ប្រមូល។ លោក​អភិបាលក្រុង ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវមាន​ការយល់ដឹង​ខ្ពស់​ចំពោះ​បញ្ហា​នេះ ត្រូវ​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ និង​មិនត្រូវ​បោះចោល​ពាសវាល​ពាសកាល ចូលទៅក្នុង​ប្រព័ន្ធ​លូ​ជាដើម​នោះដែរ។


ក្នុង​ប្រព័ន្ធ​លូ​ក្នុង​សង្កាត់​ស្វាយដង្គំ គេ​ឃើញ​មាន​សំរាម​ជាច្រើន​សន្ធឹក​បាន​កកស្ទះ​នៅក្នុង​នោះ។ ទាំង​ថង់​ប្លា​ស្ទិ​ក ដប​ទឹក ប្រអប់​ស្នោ។ល។ បាន​ជាប់​ក្នុង​លូ ហើយ​មិនអាច​ហូរ​ទៅណា​កើត​ផងដែរ។ មូលហេតុជារឿយៗគេ​តែង​ឃើញ​ប្រជាពលរដ្ឋ​ដែលមាន​ផ្ទះ​នៅ​ជិត​នោះ បោះ​ទម្លាក់ ឫ​អ្នកលក់ដូរ​តាម​រ៉ឺម៉ក បោះ​ទាំងស្បោងៗតែម្តង ដោយ​ពុំបាន​គិតពិចារណា​ពី​ផលប៉ះពាល់​បន្តិច​ណា​សោះ។ បញ្ហា​ទាំងនេះ អភិបាលក្រុង​សៀមរាប​ធ្លាប់​និយាយថា ជា​សមត្ថកិច្ច​របស់​ម​ន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ដែល​ត្រូវមាន​ការកាយ​សំរាម​ចេញ និង​ស្ថា​រ​ប្រព័ន្ធ​លូ​សាជាថ្មី​ផងដែរ។

កាលពីពេលថ្មីៗនេះ ប្រទេស​កូរ៉េ​បានសម្រេច​សង់​ទីលាន​ចាក់សំរាម​ថ្មី​មួយកន្លែង​ឲ្យ​ខេត្តសៀមរាប។ ទីតាំង​ថ្មី​នោះ គ្រោង​នឹង​បង្កើតជា​រោងចក្រ​កែច្នៃ​សំរាម​ផងដែរ។ គម្រោង​សង់​ទីលាន​ចាក់សំរាម​ថ្មី ត្រូវ​ចំណាយ​ថវិកា​ដល់ ១៣លាន​ដុល្លារ​អាមេរិក និង​សង់​លើ​ផ្ទៃដី៣០ហិកតា នៅ​តំបន់​រុន​តា​ឯក ស្រុក​បន្ទាយស្រី។ បច្ចុប្បន្ន ខេត្តសៀមរាប​មាន​កន្លែង​ចាក់សំរាម​តែមួយ​ប៉ុណ្ណោះ គឺ​នៅ​ឃុំ​ស្រពាំង​ធំ ស្រុក​ប្រាសាទបាគង ចំងាយ​ប្រមាណ ២០គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត។


បញ្ហា​សំរាម​ជះ​ផល​អវិជ្ជមាន​ដល់​វិស័យ​ទេសចរណ៍​មួយចំណែក​ធំ។ ក្នុង​បញ្ហា​ប្រឈម​ជាច្រើន ដែល​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​លើក​មក​និយាយ​ក្នុងនោះ​ក៏មាន​បញ្ហា​សំរាម​មួយ​ដែរ ដែល​នៅតែ​ជា​ចំណោទ​សម្រាប់​ខេត្ត​ទេសចរណ៍​មួយ​នេះ។ លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ក្នុង​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ២០១៥ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ២០១៦នៅ​ថ្ងៃទី១០ កុម្ភៈ បាន​លើក​ពី​ការ​ត្អួ​ញ​ត្អែ​របស់​ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន។ល។ ដែលថា ការប្រមូល​សំរាម​មាន​ភាពយឺតយ៉ាវ។ លោក សេង​កាក់ ស្នើ​ឲ្យ​ខេត្ត​ព​ន្លឿ​នរក​ដំណោះស្រាយ​លើ​បញ្ហា​នេះ ជៀសវាង​បង្កើន​ផលប៉ះពាល់​លើក​ត្តាផ្សេងៗទៀត៕





Tag:
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com