ពីនេះ ពីនោះ
តើ​ការរិះគន់​របស់​យុវជន​បច្ចុប្បន្ន​មាន​ប្រសិទ្ធភាព​ហើយ​ឬ​នៅ​?
19, Feb 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សំឡេង​យុវជន​ចូលរួម​រិះគន់​សង្គម ឃ្លាំង​មើល​បញ្ហា​ជាតិ ឃ្លាំង​មើល​របៀប​នៃ​ការគ្រប់គ្រង ដឹកនាំ របស់​រដ្ឋាភិបាល និង​អ្នកនយោបាយ កំពុងតែ​ក្លាយជា​ជំ​ហ៊ាន​វិជ្ជមាន​ថ្មី សម្រាប់​អនាគត​ប្រទេសជាតិ​នៅ​ថ្ងៃ​ខាងមុខ​។ យុវជន​ផុសផុល​រឿង​សង្គម រឿង​នយោបាយ រឿង​ជាតិនិយម កាន់តែខ្លាំង​ឡើង​ខ្លាំង​ឡើង ហើយ​រូបភាព​ទាំងនេះ​គឺជា​ប្រធានបទ​ថ្មីៗ ដែល​អ្នកដឹកនាំ​ត្រូវ​តាមដាន និង​សិក្សា​ផងដែរ​ថា តើ​ជា​ចរន្ត​ថ្មី​ទាំងនេះ នាំទៅរក​ការផ្លាស់ប្ដូរ​សង្គម​ក្នុង​ផ្លូវ​វិជ្ជមាន​ពិត ឬ​នាំទៅរក​ផល​អវិជ្ជមាន​ដល់​ជាតិ​?



​នៅក្នុង​ធម្មជាតិ​របស់​ទស្សនវិជ្ជា គឺ​ការរិះគន់ ស្ថាបនា និង​រក្សាទុក​។ ចំណុច​ទាំងនេះ​គឺ​មានន័យថា ទស្សនវិជ្ជា​គឺ​ផ្ដើមចេញពី​ការរិះគន់ ដោយ​ផ្អែកលើ់​ហេតុ​និង​ផល​ច្បាស់លាស់ គំនិត​ចាស់ៗ ដើម្បី​ឈានទៅរក​អ្វីដែល​ថ្មី បន្ទាប់មក​ធ្វើការ​ស្ថាបនា​អ្វីដែល​ចាស់​ឲ្យ​ក្លាយជា​របស់​ថ្មី ទ្រឹស្ដី​ថ្មី គំនិត​ថ្មី ដែល​វា​ស្រប​ជាមួយនិង​បរិបទ​ថ្មី​នៅក្នុង​ការអនុវត្ត​ទ្រឹស្ដី​ទាំងនោះ​។ ក្នុងករណី​ដែល​មិនអាច​ស្ថាបនា​បាន​គេ​មិន​បោះបង់ចោល​ទេ តែ​រក្សាទុក​ព្រោះ​ពេលនេះ​ទ្រឹស្ដី​នោះ​អាច​ខុស តែ​នៅពេល​ក្រោយ​ប្រហែលជា​ទ្រឹស្ដី​នោះ​អាច​ត្រឹមត្រូវ​និង​អនុវត្តន៍​បាន​។​

​ផ្ទុយ​មកវិញ សម្រាប់​ការពិចារណា​ទៅលើ​សកម្មភាព​របស់​យុវជន​បច្ចុប្បន្ន នៅក្នុង​ការរិះគន់​សង្គម រិះគន់​អ្នកដឹកនាំ រិះគន់​អ្នកនយោបាយ វា​ក្លាយជា​ការរិះគន់​មួយ​ដែល​មិនទាន់មាន​ទឡ្ហីករណ៍​ច្បាស់លាស់ ហើយ​មិនទាន់មាន​ហេតុ​និង​ផល ដែល​គេ​អាច​ទទួលយកបាន​នៅឡើយ​នោះទេ​។​

​ជាការ​ពិតណាស់​ការរិះគន់​មួយ​ដែល​ល្អ​នៅក្នុង​បរិបទ​ថ្មី​នេះ​គឺ ការរិះគន់​បែប​ស្ថាបនា ដែល​ផ្ដើមចេញពី​ការផ្ដល់​យោបល់ និង​វាយតម្លៃ​អំពី​គុណភាព ដោយ​ផ្អែកលើ​ការសិក្សា​ស្រាវជ្រាវ គ្រប់​ជ្រុងជ្រោយ មាន​ហេតុ​មាន​ផល មាន​ភស្ដុតាង មាន​ទិន្នន័យ​តាម​បែបផែន​វិទ្យាសាស្ត្រ​។ លើសពីនេះទៅទៀត​ការរិះគន់​ក៏ត្រូវ​នាំមក​នូវ​ជាមួយ​ដំណោះស្រាយ​ផងដែរ​។

​បច្ចុប្បន្ននេះ បើ​មើល​តាម​តថភាព​ជាក់ស្ដែង សំឡេង​រិះគន់​ភាគច្រើន​ដែល​ចេញពី​យុវជន​គឺជា សម្ដី​ថា​តាម​គ្នា តាម​នឹកឃើញ តាម​អារម្មណ៍ អត្តនោម័ត​តែ​ខ្លួនឯង គ្មាន​ទិន្នន័យ​ព័ត៌មាន​ច្បាស់លាស់ ខ្វះ​មូលដ្ឋាន​ច្បាស់លាស់​លើ​ផ្នែក​សុភ​វិនិច្ឆ័យ ដែល​ធ្វើ​ឲ្យ​សំឡេង​របស់​យុវជន​មួយ​ភាគ​ធំ​គឺជា​ការរិះគន់​ដែល​គ្មាន​ប្រសិទ្ធភាព និង​គ្មាន​តម្លៃ​ចំពោះ​អ្នកដឹកនាំ​ប្រទេស ក៏ដូចជា​អ្នកនយោបាយ​មួយចំនួន​។​

​ជាងនេះទៅទៀត ថ្វី​ត្បិត​ថា យុវជន​បាន​ផុសផុល​រឿង​ជាតិ រឿង​សង្គម រឿង​នយោបាយ តែ​អ្នក​ទាំងនោះ​ហាក់ សប្បាយ​ជាមួយ​វប្បធម៌​ការ​មួលបង្កាច់ ការ​លាប​ពណ៌​បង្កើត​រឿង​មិន​ពិត​ដើម្បី​ទម្លាក់កំហុស​ឲ្យ​គ្នា​ទៅវិញទៅមក អសីលធម៌ ឈ្នានីស​គ្នា ដែល​វា​មិនមែនជា​ដំណោះស្រាយ​ល្អ​សម្រាប់​សង្គម ហើយ​មានតែ​នាំ​បញ្ហា​ដល់​ជាតិ​កាន់តែខ្លាំង​។ ហេតុផល​នេះ​គេ​មើលឃើញ​ដោយផ្ទាល់​ចំពោះ​សង្គម​បច្ចុប្បន្ននេះ ព្រោះថា​យុវជន​បច្ចុប្បន្ននេះ​បាន​កំពុងតែ​បែកបាក់​គ្នា​ទាំង​ផ្នត់គំនិត មនោគមវិជ្ជា​នយោបាយ បែងចែក​បក្សពួក មិនអាច​ចុះសំរុង​គ្នា ទោះបី​អ្នក​ទាំងអស់នោះ​សុទ្ធតែ​អះអាងថា​ខ្លួន​ស្រឡាញ់​ជាតិ ស្រឡាញ់​ទឹកដី ស្រឡាញ់​ប្រជាធិបតេយ្យ តែ​ធាតុពិត​គឺ​វា​រឿង​មួយ​ដែល​ផ្សេង​ទៅវិញ​។​

​ជារួម​មក​បច្ចុប្បន្ន​ប្រសិទ្ធភាព​នៃ​សំឡេង​របស់​យុវជន​គឺ​មិនទាន់មាន​នៅក្នុង ចិត្ត​របស់​អ្នកដឹកនាំ អ្នកនយោបាយ​ទេ​។ ព្រោះ​ការរិះគន់​មិនមែន​គ្រាន់តែ​និយាយ ស្ដីបន្ទោស គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ហើយ​គ្មាន​ដំណោះស្រាយ​នោះទេ​។ ម្យ៉ាងវិញទៀត កា​រិះគន់​បែបនេះ​គឺ​គ្មាន​ភាគី​ពាក់ព័ន្ធ​ណាមួយ​គេ​អាច​ទទួលយក​គំនិត​ដែល​យើង​បានផ្ដល់​ឲ្យ​គេ​នោះទេ​។ ហេតុនេះ យុវជន​គួរ​ណាស់ ត្រូវតែ​ក្លាយជា​ភ្នាក់ងារ​ស្រាវជ្រាវ ដើម្បី​ប្រមូល​ទិន្នន័យ ព័ត៌មាន មាន​ហេតុផល​ច្បាស់លាស់ ទោះ​តិច​ឬ​ច្រើន តែ​វា​ជា​ភស្ដុតាង​មួយ​ដែល​បញ្ជាក់​ពី​សម្ដី​របស់​អ្នក នោះ​ទើប​ជាហេតុ​ផល​ដែល​អ្នក​លើ​យកទៅ​រិះគន់​គេ រិះគន់​រដ្ឋ រិះគន់​អ្នកនយោបាយ គេ​អាច​ទទួលយកបាន​៕


© រក្សាសិទ្ធិដោយ thmeythmey.com