ប្លែកៗ
អន្តរជាតិ
ជប៉ុន​៖ ម្តាយ​ម្នាក់​បង្ខំ​ឲ្យ​កូន​លេប​ត្រី​ពណ៌​មាស​៣០​ក្បាល​ម្តង​មួយៗ​
19, Feb 2016 , 8:39 am        
រូបភាព
ដោយ: ធីតា
Yuko Ogata ដែល​រស់នៅ​តំបន់ Fukuoka ប្រទេស​ជប៉ុន រួមទាំង​ប្រុស​ស្នេហ៍​របស់ខ្លួន ត្រូវបាន​ចាប់ខ្លួន ពីបទ​បង្ខំ​ឲ្យ​កូនស្រី​អាយុ​១៦​ឆ្នាំ ឲ្យ​លេប​ត្រី​ពណ៌​មាស (goldfish) ចំនួន​៣០​ក្បាល​ម្តង​មួយៗ ដោយសារតែ​ខឹង​កូន​មើល​រក្សា​ត្រី​នោះ​មិនបាន​ល្អ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ Le Parisien​។​



​ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា រឿងរ៉ាវ​ក្នុង​គ្រួសារ​មួយ​នេះ បាន​កើតឡើង​តាំងពី​ខែមិថុនា ឆ្នាំ​២០១៥ មកម្ល៉េះ ខណៈ​ជនរងគ្រោះ​ដែល​បច្ចុប្បន្ន​មាន​អាយុ​១៧​ឆ្នាំ តែងតែ​រងគ្រោះ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​រៀងរាល់ថ្ងៃ​ពី​សំណាក់​ម្តាយ និង​ប្រុស​ស្នេហ៍​របស់​ម្តាយ​រូបនោះ​។​

Yuko Ogata និង​ដៃគូ ធ្លាប់​ត្រូវបាន​ចាប់ខ្លួន​៤​លើក​រួចទៅហើយ ពីបទ​ធ្វើ​ទារុណកម្ម​លើ​កូនស្រី ដោយ​ចងខ្សែ​ភ្លើង និង​វាយ​មុខមាត់ យក​បារី​ដុត​អណ្តាត រួមទាំង​ការបង្ខំ​ឲ្យ​ញ៉ាំ​ការ៉េម​ជាមួយ​ពង​ទា​រហូតដល់​ក្អួត ជាដើម​។​

Takeshi Egami ដែលជា​សង្សារ បាន​បដិសេធថា ខ្លួន​មិនដែល​ជាប់​ពាក់ព័ន្ធ​អ្វី​នោះឡើយ​លើ​ការធ្វើ​ទារុណកម្ម​ក្មេងស្រី ប៉ុន្តែ Ogata បាន​សារភាព​នូវ​ទង្វើ​របស់​ខ្លួន​។ មិនទាន់មាន​ការសម្រេច​អ្វី​ឡើយ ប៉ុន្តែ​រឿងរ៉ាវ​នេះ កំពុង​ល្បីល្បាញ​ខ្លួន​នៅលើ​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​របស់​ជប៉ុន​៕


Tag:
 ប្លែកៗ​
© រក្សាសិទ្ធិដោយ thmeythmey.com