អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី​ឥណ្ឌូនេស៊ី​រក​ជំនួយ​ពី Twitter ដើម្បី​ប្រឆាំង​ភេរវកម្ម​
19, Feb 2016 , 11:53 am        
រូបភាព
​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​៖ ក្រោយ​ផ្តល់​សន្ទរកថា​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​អាស៊ាន​នៅ​ព្រឹក​ថ្ងៃ ១៧ កុម្ភៈ (​ម៉ោង​ក្នុង​តំបន់​) ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក ចូ​កូ វិ​ដូ​ដូ ( Joko Widodo) បាន​បន្តដំណើរ​ទៅ​ទស្សនកិច្ច​ទៅ​ក្រុមហ៊ុន Twitter​។ ក្នុងជំនួប​ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បណ្តាញ​សង្គម​នេះ ប្រមុខរដ្ឋ​ឥណ្ឌូនេស៊ី​ជជែក​ពី​វិធានការ​ទប់ស្កាត់​ភេរវកម្ម​។​



 ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក ចូ​កូ វី​ដូ​ដូ បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ក្រុមហ៊ុន​បណ្តាញ​សង្គម Twitter នៅក្នុង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ បន្ទាប់ពី​លោក​បញ្ចប់​សុន្ទរកថា​បើក​កិច្ចប្រជុំ​ធុរៈកិច្ច​អាស៊ាន​និង​អាមេរិក​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ចូ​កូ វី​ដូ​ដូ ស្វែងរក​ជំនួយ​ពី​ក្រុមហ៊ុន​បណ្តាញ​សង្គម​ដ៏​ធំ​នេះ​ផង​ដើម្បី​ពង្រឹង​យុទ្ធសាស្ត្រ​ទប់ស្កាត់​ភេរវកម្ម​។

​មេដឹកនាំ​ឥណ្ឌូនេស៊ី​ខាងលើ​បាន​ជួប​ជាមួយ​លោក Jack Dorsey នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Twitter នៅ​ទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន​នេះ​នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ ដោយ​លោក វី​ដូ​ដូ បានលើកឡើង​ពី​វិធានការ​ចាំបាច់​សម្រាប់​ដោះស្រាយ​បញ្ហា​សន្តិសុខ ហើយ​បណ្តាញ​ទំនាក់ទំនង​សង្គម​ដូចជា Twitter នេះ​មាន​នាទី​សំខាន់​ក្នុងការ​កម្ចាត់​ចលនា​ភេរវកម្ម​និង​ការផ្សព្វផ្សាយ​គំនិត​ឬ​មនោគមន៍វិជ្ជា​ជ្រុលនិយម​ជាដើម​ផង​។

​លោក ជឿជាក់ថា បណ្តាញ​សង្គម​ធំៗ ដូចជា Twitter នឹងធ្វើ​សកម្មភាព​ច្រើនជាង​មុន​ដើម្បី​ចូលរួម​ប្រឆាំង​ចលនា​ជ្រុលនិយម​និង​ភេរវកម្ម​។ យ៉ាងណាក៏ដោយ បណ្តាញ​សង្គម​ដូចជា Twitter នេះ​ក៏​ជាទី​តាំង​សំខាន់​សម្រាប់​ក្រុម​ភេរវជន​ប្រមែរ​ប្រមូល​និង​អូសទាញ​អ្នកគាំទ្រ​ខ្លួន​ដែរ ហើយ​ក្រុម​ភេរវជន​ដូចជា​ក្រុម​ដែ​ស្ហ​ប្រើប្រាស់​បណ្តា​សង្គម​នេះ​ដើម្បី​ផ្សព្វផ្សាយ​មនោគមន៍វិជ្ជា​ពួកគេ​។​

​តាមពិតទៅ​ការ​ទស្សនកិច្ច​របស់លោក ចូ​កូ​វី​ដូ ទៅកាន់​ទីស្នាក់ការ​កណ្តា​ល​ក្រុមហ៊ុន Twitter នេះ​កើតឡើង​ក្រោយ​ពេលដែល​លោក​ចាក​ចេញពី​ទីក្រុង Rancho Mirage  ដែលជា​កន្លែង​លោក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​និង​អាមេរិក​នោះ​។ ហើយ​ដំណើរ​ទស្សនកិច្ច​រក​ជំនួយ​ពី Twitter ដើម្បី​ប្រឆាំង​ភេរវកម្ម​នេះដែរ ក៏​កើតឡើង​ស្របពេល​ការគំរាមកំហែង​ពី​ក្រុម​ភេរវជន​នៅក្នុង​ប្រទេស​ឥណ្ឌូួនេ​ស៊ី​កើតឡើង​និង​ក្រោយ​ការវាយប្រហារ​កណ្តាល​ក្រុង​ហ្សា​ការ​តា​កាលពីដើម​ខែមករា​កន្ល​ង​ទៅ​៕

Tag:
 ឥណ្ឌូនេស៊ី​
  Joko Widodo
  Twitter
© រក្សាសិទ្ធិដោយ thmeythmey.com