អន្តរជាតិ
កូន​ផ្សោត​ដ៏​កម្រ​ងាប់​ដោយសារ​អ្នកទេសចរ​ដណ្តើម​គ្នា​ចាប់​ថត Selfie
19, Feb 2016 , 7:39 pm        
រូបភាព
ដោយ: ធីតា
​ការសប្បាយ​គ្មាន​ព្រំដែន​របស់​មនុស្ស បណ្តាល​សត្វ​ដូ​ហ្វាំ​ង ឬ​ផ្សោត​តឿ (Franciscan dolphin) បាត់បង់​ជីវិត​។ រឿងរ៉ាវ​នេះ បាន​កើតឡើង​កាលពី​សប្តាហ៍​មុន នៅ​ឆ្នេរ Santa Teresita ក្រុង Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន ដោយ​ក្រុម​អ្នកទេសចរ​នាំគ្នា​ចាប់​ផ្សោត​ពីរ​ក្បាល​ចេញពី​ទឹក ហើយ​ដណ្តើម​គ្នា​ថតរូប Selfie​។​



​សារព័ត៌មាន​ក្នុងស្រុក​របស់​អា​ហ្ស​ង់​ទីន បាន​ផ្សព្វផ្សាយ​រូបថត​ជាច្រើន​សន្លឹក ដោយ​បង្ហាញ​ពី​សកម្មភាព​របស់​អ្នកទេសចរ​ដែល​នាំគ្នា​ស្រង់​ផ្សោត Franciscan Dolphin ពីរ​ក្បាល​ចេញពី​ទឹក ហើយ​ដណ្តើម​គ្នា​ពី​ដៃ​មួយ​ទៅ​ដៃ​មួយ​ដើម្បី​ថត Selfie ទុកជា​អនុស្សាវរីយ៍​។​

​បន្ទាប់មក គេ​ឃើញ​ការ​បង្ហោះ​រូប ផ្សោត​មួយ​ក្បាល​ដែល​បាន​ដេក​ងាប់​នៅ​កណ្តាលវាល​ខ្សាច់ ក្រោយ​ការថត Selfie របស់​ក្រុម​អ្នកទេសចរ​។ ជាមួយគ្នានេះ ក្រុម​អ្នក​អភិរក្ស​សត្វ បាន​អះអាងថា ផ្សោត​មួយ​ក្បាល​ទៀត​កំពុងស្ថិត​នៅក្នុង​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​។​

​ក្រោយ​ហេតុការណ៍​កើតឡើង មូលនិធិ​សង្គ្រោះ​សត្វ​របស់​អា​ហ្ស​ង់​ទីន បាន​ព្រមាន​ដល់​សាធារណជន​ឲ្យ​ជៀសវាង​នូវ​ករណីបែបនេះ​សារជាថ្មី​ទៀត ពីព្រោះ​អំបូរ​សត្វ​ផ្សោត​ពី​តំបន់ Plata នេះ  កំពុង​ឈានទៅរក​ការ​ដាច់​ពូជ និង​គ្រោះថ្នាក់​បំផុត​។​



​អ្នកនាំពាក្យ​ម្នាក់​របស់​មូលនិធិ បាន​លើកឡើងថា​៖ «​ផ្សោត Franciscan ដូចជា​អំបូរ​សត្វ​មួយចំនួន​ផងដែរ គឺ​មិនអាច​រស់នៅ​ឆ្ងាយ​ពី​ទឹក​ច្រើន​ម៉ោង​នោះឡើយ​។ វា​មាន​ស្បែក​ក្រាស់ និង​សំបូរ​ទៅដោយ​ខ្លាញ់ ដូច្នេះ ការ​ខ្សោះ​ជាតិ​ទឹក​បណ្តាល​ឲ្យ​វា​ងាប់​យ៉ាង​ងាយ​បំផុត​»​។​

​មូលនិធិ​សង្គ្រោះ​សត្វ​អា​ហ្ស​ង់​ទីន បានលើកឡើង​ក្នុង​របាយការណ៍​ថា Franciscan dolphin ស្ថិតក្នុង​ប្រភេទ​សត្វ​ផ្សោត​ដ៏​តួច និង​កម្រ​បំផុត​ក្នុង​ពិភពលោក​។ វា​ប្រឈម​នឹង​ការ​ផុត​ពូជ ដោយ​បច្ចុប្បន្ន គេ​ជឿថា មាន​ប្រមាណ​តែ​៣០០០០​ក្បាល​ប៉ុណ្ណោះ​៕


Tag:
 ផ្សោត​
  អា​ហ្ស​ង់​ទីន​
  Selfie
© រក្សាសិទ្ធិដោយ thmeythmey.com