អន្តរជាតិ
វ័យ​៧១​ឆ្នាំ លោក Museveni អាច​នឹង​ដឹកនាំ​អ៊ូ​ហ្គ​ង់​ដា​៣៥​ឆ្នាំ បើ​ឈ្នះ​ការបោះឆ្នោត​ម្តងទៀត
19, Feb 2016 , 4:36 pm        
រូបភាព
ដោយ:
​បើទោះបីជា​មានការ​ពន្យា​រ​ពេល​បន្តិច​ក្នុង​មណ្ឌល​មួយចំនួន​ក៏ដោយ ការបោះឆ្នោត អ៊ូ​ហ្គ​ង់​ដា ក្នុងការ​ជ្រើសរើស​សមា​ជិ​ក​សភា និង​ប្រធានាធិបតី​ថ្មី បានបញ្ចប់​ទៅដោយ​សន្តិ​វិធី​។ លទ្ធផល​នៃ​ការ បោះឆ្នោត អាច​នឹងត្រូវ​បានប្រកាស​នៅ​ថ្ងៃ​សៅរ៍​នេះ​។ ទន្ទឹមនឹង​ការ បោះឆ្នោត​នេះ ក៏មាន​ការរិះគន់​ដែរ​ថា លទ្ធផល ត្រូវ​បានរៀបចំ​រួចទៅហើយ ពោលគឺ​លោក​ប្រធានាធិបតី Yoweri Museveni នឹង​បន្ត​តំណែង​នៅ​អាណត្តិ ថ្មី​ទៀត​។



​បើ​មិនមាន​ការប្រែប្រួល​នោះទេ នៅ​ថ្ងៃទី​២០ ខែកុម្ភៈ នេះ លទ្ធផល​ជាបឋម​នៃ​ការបោះឆ្នោត​ប្រ​ធានា​ធិ ប​តី និង​សមាជិកសភា អ៊ូ​ហ្គ​ង់​ដា នឹងត្រូវ​បានប្រកាស​ហើយ​។ លោក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ Yoweri Museveni ត្រូវបាន​រំពឹងថា​នឹង​ឡើងកាន់​អំណាច​ក្នុង​អាណត្តិ​ទី​៥​របស់លោក​បន្តទៀត​។

​កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ម្សិលមិញ ប្រទេស​តំបន់​អាហ្វ្រិក​ខាងកើត​ដែល​គ្មាន​ជាប់​សមុទ្រ​មួយ​សោះ អ៊ូ​ហ្គ​ង់​ដា បានរៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី និង​សមាជិកសភា​ដែលមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ ប្រមាណ​ជាង​១៥​លាន​នាក់​។ សម្រាប់​បេក្ខភាព​ប្រធានាធិបតី​ដែលមាន​ការប្រកួតប្រជែង​គ្នា​ខ្លាំង​មាន បី​រូប​ដូចជា លោក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ Yoweri Museveni អតីត​នាយករដ្ឋមន្ត្រី លោក Amama Mbabazi និង​ប្រធាន​បក្សប្រឆាំង​វេទិកា​ដើម្បី​ការផ្លាស់ប្តូរ​ប្រ​ធា​ធិបតេយ្យ លោក Kizza Besigye​។​

​បើទោះបីជា​ក្រុម​អ្នក​អង្កេត​ការបោះឆ្នោត មើលឃើញថា​ការបោះឆ្នោត​នេះ មាន​លក្ខណៈ​ប្រសើរ​ជាង ការបោះឆ្នោត​មុនៗ​ក៏ដោយ​ដែល​បញ្ចូល​ទាំង​ការប្រើប្រាស់​ការបោះឆ្នោត​បែប​បច្ចេកវិទ្យា​ទំនើប វា ក៏មាន​បញ្ហា​មួយចំនួន​បាន​កើតឡើង​ផងដែរ​។ ហើយ​នោះ​គឺ បណ្តាញ​សង្គម​ដែលមាន​ដូចជា​ហ្វេ​ស​ប៊ុ​ក ជាដើម​នោះ ត្រូវបាន​ផ្អាក​បណ្តោះអាសន្ន ដោយ​លោក​ប្រធានាធិបតី Yoweri Museveni បាន​អះអាង​ជា​មុខសញ្ញា មួយ​ដែល​អាច​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ក្នុងអំឡុង និង​ក្រោយ​ការបោះឆ្នោត​។

​ជាមួយគ្នានេះ ក្រុម​ប៉ូលីស​បាន​ប្រើប្រាស់​កាំភ្លើង​ឧស្ម័ន​ដើម្បី​បំបែក​អ្នក​តវ៉ា និង​បាន​ចាប់ខ្លួន​មេដឹកនាំ បក្សប្រឆាំង​លោក Kizza Besigye ដែល​ផ្ទុះ​បាតុកម្ម​ប្រឆាំងនឹង​ការបោះឆ្នោត​ដែល​លោក​បាន​រកឃើញ ថា​មានការ​បន្លំ និង​រៀបចំ​លទ្ធផល​ទុកជាមុន​ទៀតផង​។ តែ​នៅ​ថ្ងៃ​សុក្រ នេះ លោក ត្រូវបាន​ប៉ូលិស ដោះលែង​វិញ​ហើយ​។​

​លោក Kizza Besigye ដែលជា​បេក្ខភាព​ប្រធានាធិបតី​ដែល​ប្រកួតប្រជែង លោក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ Yoweri Museveni បី​អាណត្តិ​ហើយ​នោះ បាន​ថ្លែងប្រាប់​ព័ត៌មាន Aljazeera ថា លោក មានការ​ជឿជាក់ថា​លោក នឹង​ឈ្នះ​ក្នុងការ​បោះឆ្នោត​នោះ​។ តែ​ជុំវិញ​ភាពមិនប្រក្រតី​នេះ លោក Kizza ថា « សំឡេង​ពី​ប្រជាជន បាន​បរាជ័យ​ក្នុង​រយៈពេល​៣០​ឆ្នាំ​ហើយ ហើយ​អ្វីដែល​មិនអាច​សម្រេចបាន​ក្នុង រយៈពេល​ជា​យូរហើយ​នោះ អាច​នឹងមិន​ត្រូវបាន​សម្រេច​ក្នុង​រយៈពេល​៥​ឆ្នាំ​ទៀតហើយ​»​។​

​សូមបញ្ជាក់​ផងដែរ​ថា លោក Yoweri Museveni ដែលមាន​អាយុ​៧១​ឆ្នាំ​ហើយ​នោះ បាន​ឡើងកាន់ អំណាច​ជា​ប្រធានាធិបតី​អ៊ូ​ហ្គ​ង់​ដា​តាំងពី​ឆ្នាំ​១៩៨៦ មកម្ល៉េះ​។ ហើយ​បើ​លោក ឈ្នះ​ការបោះឆ្នោត​លើក នេះ​ម្តងទៀត​នោះ លោក នឹងត្រូវ​ក្លាយជា​មេដឹកនាំ​ប្រទេស​រហូតដល់​៣៥​ឆ្នាំ​៕


© រក្សាសិទ្ធិដោយ thmeythmey.com