អន្តរជាតិ
អាមេរិក​បន្ថែម​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​
19, Feb 2016 , 9:39 pm        
រូបភាព
ដោយ:
​ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ចុះហត្ថលេខា​លើ​វិធានការ​ទណ្ឌកម្ម​ថ្មី​មួយទៀត​ប្រឆាំងនឹង​កូរ៉េខាងជើង​ដែល​បាន​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​និង​បាញ់​រ៉ុក្កែត​កាលពី​ថ្មីៗ​នេះ​។ វិធានការ​ថ្មី​នេះ​នឹងដាក់​សម្ពាធ​កាន់តែខ្លាំង​បន្ថែមទៀត​លើ​របប​កុ​ម្មុនី​ស្ត​កូរ៉េខាងជើង ដើម្បី​ព្រមាន​រដ្ឋ​មួយ​នេះ​ដែល​តែងតែ​ល្មើ​សនឹង​បម្រាម​អង្គការសហប្រជាជាតិ​។​



សូមស្ដាប់ព័ត៌មានលម្អិត៖



​សហរដ្ឋអាមេរិក​បាន​ដាក់ទណ្ឌកម្ម​បន្ថែមទៀត​លើ​កូរ៉េខាងជើង​ក្រោយ​ប្រទេស​នេះ​បំពាន​បម្រាម​របស់​អង្គការសហប្រជាជាតិ​ម្ដង​ហើយ​ម្ដងទៀត​។ កួ​រ៉េ​ខាងជើង​ដែល​បាន​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​និង​បាញ់​ផ្កាយរណប​ទៅ​លំហ​អាកាស កំពុងតែ​ប្រឈមមុខ​នឹង​សម្ពាធ​យ៉ាងខ្លាំង ជាពិសេស​ទណ្ឌកម្ម​ដែល​ត្រូវបាន​ដាក់​ជា​បន្តបន្ទាប់​នាពេល​កន្លងមក​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ សេត​វិមាន​និយាយថា លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ចុះហត្ថលេខា​លើ​ច្បាប់​មួយ​ដែលជា​វិធានការ​ថ្មី​ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ដែល​បំពាន​ការហាមឃាត់​របស់​អន្តរជាតិ​។ ច្បាប់​នេះ​ទើបតែ​ត្រួវ​ព្រឹទ្ធសភា​អនុម័ត​យល់ព្រម និង​រឹតបន្តឹង​ការដាក់ទណ្ឌកម្ម​លើ​អ្នកណា​ដែល​នាំ​សម្ភារៈ​ឬ​បច្ចេកវិទ្យា​ពាក់ព័ន្ធ​នឹង​ការផលិត​អាវុធ​ប្រល័យ​ចូលទៅ​កូរ៉េខាងជើង​។ ច្បាប់​ដដែល​នេះ​ក៏​នឹងដាក់​ទណ្ឌកម្ម​លើ​អ្នកណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ផងដែរ​។​

​ទន្ទឹមនឹងនេះ វិធានការ​ច្បាប់​នេះ នឹងដាក់​សម្ពាធ​បន្ថែម​លើ​ធនធាន​ហិរញ្ញវត្ថុ​របស់​មេដឹកនាំ​កូរ៉េខាងជើង​។ វិធានការ​នេះ​សំដៅ​ដល់​ការ​កាត់ផ្ដាច់​ការលាង​លុយ​និង​ការរត់ពន្ធ​អាភៀន ដែល​ត្រូវ​ជឿថា ជា​ប្រភពធនធាន​ហិរញ្ញវត្ថុ​ដ៏​សំខាន់​ដែល​ផ្ដល់​ចំណូល​រាប់លាន​ដុល្លារ​ដល់ទី​ក្រុង​ព្យុងយ៉ាង​។

​បន្ទាប់ពី​កូរ៉េខាងជើង​បាញ់​រ៉ុក្កែត​នៅ​ខែកុម្ភៈ សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​អាស៊ី​របស់ខ្លួន​បាន​ព្យាយាម​ដាក់ចេញ​វិធានការ​ថ្មី​បន្ថែមទៀត ជាពិសេស​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ចេញ​ដំណោះស្រាយ​សម្រេច​ដាក់ទណ្ឌកម្ម​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​លើ​កូរ៉េខាងជើង​។ កូរ៉េខាងត្បូង​ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​អាមេរិក​ចេញមុខ​មុនគេ ដោយបាន​បិទ​តំបន់ឧស្សាហកម្ម Kaesong ដែល​ស្ថិតក្នុង​ទឹកដី​កូរ៉េខាងជើង​។ ទីក្រុង​សេ​អ៊ូ​ល​ចោទ​ទីក្រុង​ព្យុងយ៉ាង​ថា យកលុយ​ដែលជា​ចំណូល​ពី​តំបន់​Kaesong ទៅ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​។​

​តែ​ជាការ​កត់សម្គាល់​នោះ កូរ៉េខាងជើង​តែងតែ​បញ្ចេញ​អាកប្បកិរិយា​មិន​ខ្វល់​នឹង​ការព្រមាន​របស់​សហគម​ន៍​អន្តរជាតិ​នោះទេ​។ បើទោះជា​ទណ្ឌកម្ម​ជាច្រើន​ត្រូវ​បានដាក់​ក៏ដោយ កូរ៉េខាងជើង​តែងតែ​ធ្វើ​សកម្មភាព​ផ្គើន​ម្ដង​ហើយ​ម្ដងទៀត​។ ជាក់ស្ដែង​នោះ កូរ៉េខាងជើង​បានធ្វើ​ឲ្យ​អន្តរជាតិ​ខឹងសម្បារ​ខ្លាំង​នូវ​សកម្មភាព​ចុងក្រោយ​របស់ខ្លួន​ដោយបាន​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​និង​បាញ់​រ៉ុក្កែត​ផ្កាយរណប​ទៅក្នុង​លំហ​អាកាស​៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com