អន្តរជាតិ
ឥណ្ឌា​លក់​Smartphone តម្លៃថោក​ជាង​៤$
20, Feb 2016 , 11:40 am        
រូបភាព
ដោយ:
​ក្រុមហ៊ុន​ឥណ្ឌា​ដែលមាន​ឈ្មោះថា Ringing Bells បាន​បញ្ចេញ​លក់​នូវ​Smartphone ម៉ាក  Freedom 251 របស់ខ្លួន​ក្នុងតម្លៃ​មួយ​ដែល​មិនគួរ​ឲ្យ​ជឿ​គឺ​ត្រឹមតែ​៣.៦៦​ដុល្លារ​តែប៉ុណ្ណោះ​។ ប៉ុន្មាន​ម៉ោង​ក្រោយ​ការដាក់​លក់ គេហទំព័រ​របស់​ក្រុមហ៊ុន​បាន​គាំង​មិន​ដំណើរការ ដោយសារ​តែមាន​អ្នក​ចូល​ទិញ​យ៉ាង​សន្ធឹកសន្ធាប់​។

 
​វា​ជា​រឿង​មិន​ស្មាន​ដល់​ដែល​ទូរ​សព្ទ​Smartphone មួយ​តម្លៃ​ទាប​ជាង​៤​ដុល្លារ​។ ក្រុមហ៊ុន Ringing Bells ដែលមាន​ស្នាក់ការ​នៅ​រដ្ឋ​Uttar Pradesh ភាគ​ខាងជើង​ប្រ​ទស​ឥណ្ឌា បាន បញ្ចេញ​ផលិតផល​ទូរ​សព្ទ​Smartphone របស់ខ្លួន​ម៉ាក​Freedom 251 ទៅ​លក់​ក្នុង​ទីផ្សារ ក្នុងតម្លៃ​ត្រឹមតែ​២៥១​រូពី (៣.៦៦​ដុល្លារ​)​។ តម្លៃ​នេះ​គឺ​ទាប​ខ្លាំងណាស់​បើ​ប្រៀបធៀប​ទៅនឹង​ទូរ​សព្ទ​Smartphone ដទៃទៀត​ដូចជា​i-phone និង​Samsung ជាដើម​។​
 
​បើតាម Al Jazeera ប៉ុន្មាន​ម៉ោង​ក្រោយ​ដាក់លក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ គេហទំព័រ​របស់​ក្រុមហ៊ុន​នេះ​បាន​គាំង ដ្បិត​មាន​ការបញ្ជាទិញ​យ៉ាងច្រើន​លើសលប់​។ ប៉ុន្តែ ក៏បាន​ដំណើរការ​ឡើងវិញ​នៅ​ល្ងាច​ថ្ងៃ​ដដែល​។ ជាមួយគ្នានេះ ប្រធាន​ក្រុមហ៊ុន​លោក Ashok Kumar Chadha បញ្ជាក់ថា គ្រឿង​ផ្គុំ​របស់​ទូរ​សព្ទ​Freedom 251 ត្រូវបាន​នាំចូល​ពី​តៃវ៉ាន់​និង​តម្លើង​នៅ​ឥណ្ឌា​ផ្ទាល់​។​
 
​យ៉ាងណាមិញ ទូរ​សព្ទ​នេះ​មានតម្លៃ​ថោក តែ​មិន​បានទទួល​ការគាំទ្រ​ហិរញ្ញវត្ថុ​ពី​រដ្ឋាភិបាល​ឥណ្ឌា​នោះទេ​។ ម្យ៉ាងទៀត ដោយសារតែ​ទូរ​សព្ទ​នេះ​លក់​តែ​នៅតាម​Online ទើប​ធ្វើ​ឲ្យ​វា​មានតម្លៃ​ថោក ព្រោះ​បាន​កាត់​បន្ថយថ្លៃ​ចំណាយបាន​ខ្លះ​ដែរ​។​
 
​និយាយ​ពី​លក្ខណៈសម្បត្តិ​វិញ ទូរ​សព្ទ​Freedom 251 មាន​សម្ថ​ភាពមិនធម្មតា​ដែរ មាន​អេក្រង់​១០​សង់​ទី​ម៉ែត និង​មាន​ទំហំ​ផ្ទុក​៨GB ហើយ​អាច​ថែម​ដល់​ទៅ​៣២GB​។​ទូរ​សព្ទ​ដដែល​នេះ​ដំណើរការ​ដោយ​ប្រព័ន្ធ​Android lollipop 5.1 ដែលជា​ប្រព័ន្ធ​ដំណើរការ​ចុងក្រោយ​របស់​Android​។ ទូរ​សព្ទ​Freedom 251 ក៏មាន​ទាំង​កាមេរ៉ា មុខ​និង​ក្រោយ ព្រមទាំង​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​3G និង​Wi-Fi ផងដែរ​។ 
 
​ក្រៅពីនោះ ទូរ​សព្ទ​Freedom 251 ក៏មាន​នូវ​កម្មវិធី​ល្បីៗ​មួយចំនួនទៀត​ដូចជា Facebook, WhatsApp និង​YouTube ដូច​ទូរ​សព្ទ​Smartphone ដទៃទៀត​ដែរ​៕  
 

Tag:
 ឥណ្ឌា​
 Smartphone
© រក្សាសិទ្ធិដោយ thmeythmey.com