សិល្បៈអន្តរជាតិ
អន្តរជាតិ
កម្ពុជា​បាន​ផ្លាស់ប្តូរ​ការគិត​របស់ Angelina ពី​មិន​ចង់បាន​កូន​សោះ ឲ្យ​ទៅជា​មាតា​គំរូ​ម្នាក់​លើ​លោក​
20, Feb 2016 , 8:40 pm        
រូបភាព
ដោយ: ធីតា
Angelina Jolie មាន​អាយុ​ជាង​២០​ឆ្នាំ នាពេល​មកកាន់​ប្រទេស​កម្ពុជា​លើកដំបូង​ដើម្បី​ថត​រឿង «Lara Croft: Tomb Raider»​។ ព្រះរាជាណាចក្រ​អច្ឆរិយៈ គឺជា​ទឹកដី​ដែល​បាន​ផ្លាស់ប្តូរ​ចិត្ត​របស់​តារា​ហូលីវូត​រូបនេះ ឲ្យ​ចេះ​ស្រឡាញ់​ក្មេង ហើយ​បច្ចុប្បន្ន​នាង​មានកូន​រហូតដល់​ទៅ​៦​នាក់ ហើយ​រស់នៅ​យ៉ាង​មាន​សុភមង្គល​ជាមួយ​លោក Brad Pitt ជា​ស្វាមី​។ ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​ភ្នាក់ងារ​ព័ត៌មាន AP នាង Angelina បាន​បង្ហើប​ឲ្យ​ដឹងថា កន្លងមក នាង​មិនដែល​ធ្លាប់​គិតថា​មាន​ដូច​ថ្ងៃនេះ​នោះឡើយ ជាពិសេស​ភាពជា​មាតា​។​


 
​ធំធាត់​នៅក្នុង​ទីក្រុង​ឡូ​ស​អេ​ន​ជឺ​ឡែ​ស សហរដ្ឋអាមេរិក តារាភាពយន្ត​ហូលីវូត Angelina Jolie បាន​ជួប​រឿងរ៉ាវ​ថ្មីៗ​ជាច្រើន​នា​អំឡុង​វត្តមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​ក្នុង​ឆ្នាំ​២០០០ ដើម្បី​ថត​រឿង «Lara Croft: Tomb Raider» ។​
 


​តារា​លំដាប់​ពិភពលោក​រូបនេះ បាន​ថ្លែងប្រាប់ AP ថា​៖ «​នៅពេលដែល​ខ្ញុំ​មកដល់​កម្ពុជា​ជា​លើកដំបូង ខ្ញុំ​មានការ​ផ្លាស់ប្តូរ ជាពិសេស​ទស្សនវិស័យ​។ ខ្ញុំ​បាន​មើល​រឿងរ៉ាវ​ជាច្រើន​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ ដែល​ខ្ញុំ​មិនដែល​ធ្លាប់បាន​រៀន​នៅ​សាលា ហើយ​មាន​រឿងរ៉ាវ​ជាច្រើន​ទៀត​នៅក្នុង​ជីវិត​ដែល​ខ្ញុំ​ត្រូវ​រៀនសូត្រ​»​។​
 


Angelina បាន​បន្ថែមថា​៖ «​វា​ពិតជា​ចម្លែក ពីព្រោះ​ខ្ញុំ​មិនដែល​ចង់បាន​កូន​នោះឡើយ​។ ខ្ញុំ​មិនដែល​ធ្លាប់​ចង់​ពរ​ពោះ​ទាល់តែសោះ​។ ភ្លាមៗ​នោះ វា​ច្បាស់​ណាស់​សម្រាប់​ខ្ញុំ​ដែល​មើលឃើញថា កូនប្រុស​របស់ខ្ញុំ [​ឈ្មោះ Maddox ដែល​បាន​សុំ​សិទ្ធិ​ចិញ្ចឹម​ពី​កម្ពុជា​កាលពី​ឆ្នាំ​២០០២ ]​គឺជា​ផ្នែក​មួយ​នៅក្នុង​ប្រទេស​នេះ​»​។​
 


​តាមរយៈ​បេសកកម្ម​មនុស្សធម៌​ជាច្រើន រួមទាំង​តួនាទី​ជា​ទូត​សុច្ឆន្ទៈ​របស់​អង្គការ UNHCR ផងដែរ​នោះ Angelina បាន​មើលឃើញ​ពី​ទុក្ខលំបាក​របស់​មនុស្សជាតិ​។ ក្នុងនោះ តារា​ស្រី​រូបនេះ មានការ​អាណិតអាសូរ​យ៉ាងខ្លាំង​ចំពោះ​ពលរដ្ឋ​កម្ពុជា ដែល​រស់នៅ​លើដី​ចម្ការ​មីន ដែល​បាន​កប់​ទុក​នា​អំឡុង​សង្គ្រាមស៊ីវិល​។​
 
​បច្ចុប្បន្ន Angelina កំពុង​ដឹកនាំ​ការថត​ភាពយន្ត​មួយ​នៅ​កម្ពុជា ដែលមាន​ចំណងជើង​ថា «First They Killed My Father» (​ដំបូង ពួកគេ​សម្លាប់​ឪពុក​របស់ខ្ញុំ​» ដោយ​ផ្អែក​តាម​រឿង​ពិត​របស់​អ្នកនិពន្ធ អ៊ឹង លឿង ដែល​រៀបរាប់​ពី​ទុក្ខលំបាក​វេទនា​ក្នុងសម័យ​ខ្មែរក្រហម​។ Maddox អាយុ​១៤​ឆ្នាំ មាន​ភារកិច្ច​យ៉ាង​ធំ​ក្នុង​ការជួយ​ម្តាយចិញ្ចឹម​របស់ខ្លួន​លើ​ការផលិត​រឿងនេះ​។ Angelina បាន​រំលឹកថា Maddox គឺជា​មនុស្ស​របស់​កម្ពុ​ជា​។​
 


​ក្រៅពី Maddox Chivan Jolie-Pitt​ដែលជា​កូនច្បង Angelina Jolie និង Brad Pitt មានកូន​បង្កើត និង​ចិញ្ចឹម​៥​នាក់​ទៀត ក្នុងនោះ មាន PaxThien (​ប្រុស​អាយុ​១២​ឆ្នាំ​ពី​វៀតណាម​), Zahara Marley (​ស្រី​អាយុ​១១​ឆ្នាំ​ពី​អេ​ក្យូ​ពី​), Shiloh Nouvel (​ស្រី​អាយុ​៩​ឆ្នាំ​ពី​ណា​មី​ប៊ី​)​និង​កូនបង្កើត​ភ្លោះ​ប្រុស​-​ស្រី Knox L’eon​និង Vivienne Marcheline​ដែល​បានកើត​នៅ​បារាំង​កាលពី​ឆ្នាំ​២០០៨ ៕
 

Tag:
 Angelina Jolie
  Brad Pitt
  Maddox
© រក្សាសិទ្ធិដោយ thmeythmey.com